អានតួអត្ថបទ
ភេរវកម្ម

លោកស្រី​មែរគែល ​អំពាវនាវ​កុំ​ឲ្យ​ប្រកាន់​ជំហរ​អត្មានិយម ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ភេរវកម្ម

ថ្លែង​ក្នុង​សន្និសីទ​កាសែត ​ក្រោយ​ជំនួប​កំពូល​ស្តី​ពី​សន្តិសុខ​អន្តរជាតិ ​នៅ​ទីក្រុង​មុយនិច ​ប្រទេស​អាល្លឺម៉ង់ ​នៅថ្ងៃ​សៅរ៍​ទី​១៨​កុម្ភៈ​នេះ ​លោកស្រី ​អង់ហ្គេឡា មែរគែល ​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​បាន​អំពាវនាវ​ កុំឲ្យ​ប្រទេស​មហា​អំណាច​ទាំងអស់ ​ប្រកាន់​គោល​ជំហរ​អត្មានិយម ​បែប​បិទ​ទ្វារ​នៅ​តែ​ម្នាក់​ឯង។ សម្តី​នេះ ​គឺ​លោកស្រី​មែរគែល ​បាន​និយាយ​នៅ​ចំពោះមុខ​ លោក​អនុប្រធានាធិបតី​អាមេរិក ​ Mike Pence ​តំណាង​ឲ្យ​រដ្ឋាភិបាល​អាមេរិក​ថ្មី​របស់​លោក​ដូណាល់ ត្រាំ។ លោកស្រី​មែរគែល ​ក៏​បាន​ថ្លែង​ផង​ដែរ​ថា ​វិបត្តិ​ភេរវកម្ម ​គឺ​ជា​បញ្ហា​រួម ​ដែល​គ្រប់​គ្នា​ត្រូវ​រួមគ្នា​ដោះស្រាយ។

លោកស្រី Angela Merkel ប្រមុខរដ្ឋាភិបាល​​អាល្លឺម៉ង់ ​ក្នុង​ពេល​​ធ្វើ​សន្និុសីទ​​កាសែត​​នៅ​​មុយនិច ថ្ងៃទី​​១៨​កុម្ភៈ២០១៧
លោកស្រី Angela Merkel ប្រមុខរដ្ឋាភិបាល​​អាល្លឺម៉ង់ ​ក្នុង​ពេល​​ធ្វើ​សន្និុសីទ​​កាសែត​​នៅ​​មុយនិច ថ្ងៃទី​​១៨​កុម្ភៈ២០១៧ Reuters
ផ្សាយពាណិជ្ជកម្ម

“ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​បណ្តាញ​ភេរវកម្ម​អ៊ីស្លាម​ជ្រុល​និយម ​គឺ​ជា​ការងារ​រួម​របស់​យើង​គ្រប់គ្នា ​ព្រោះវា​ជា​ប្រយោជន៍​រួម”។ នេះគឺ​ជា​សម្តី​របស់​លោករស្រី ​អង់ហ្គេឡា មែរគែល ​អធិកាបតី​អាល្លឺម៉ង់ ​នៅ​ក្នុង​សន្និសីទ​កាសែត ​ចំពោះ​មុខ​មន្ត្រី​ការទូត ​និង​យោធា​ធំ​របស់​ប្រទេស​មហាអំណាច។ លោកស្រី​មែរគែល ​ បាន​បន្ត​ថា “រុស្ស៊ី​និង​អឺរ៉ុប​ មិនមែន​ជា​មិត្ត​ស្និតស្នាល​នឹង​គ្នា​ទេ ​ តែ​អឺរ៉ុប​នឹង​ធ្វើ​គ្រប់​យ៉ាង​ ដើម្បី​សហការ​ជាមួយ​រុស្ស៊ី ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្តាញ​ភេរវកម្ម​អ៊ីស្លាម ​តែ​មិនមែន​មាន​ន័យ​ថា ​ សហភាព​អឺរ៉ុប​ ត្រូវ​ចុះ​ញ៉ម​រុស្ស៊ី ​ក្នុង​សំណុំ​រឿង​ផ្សេង​ទៀត​នោះ​ទេ”

 
ថ្លែង​នៅ​ចំពោះ​មុខ​លោក​ អនុប្រធានាធិបតី​អាមេរិក ​ លោកស្រី​មែរគែល ​មិន​ខ្លាច​នឹង​និយាយ​បែប​បញ្ចើច​បញ្ចើរ ​ទៅ​លើ​លោក​ដូណាល់ ត្រាំ ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ទេ។ លោកស្រី​មែរគែល​និយាយ​ថា​ “ចង់ប្រយុទ្ធ​នឹង​អំពើ​ភេរវកម្ម ​ ដោយ​បិទ​ទ្វារ​ព្រំដែន​ចំពោះ​ប្រជាជន​មក​ពី​ប្រទេស​កាន់​សាសនា​អ៊ីស្លាម ​គឺ​ជា​រឿង​មួយ​ដែល​យល់​ច្រឡំ ​ព្រោះ​សាសនា​អ៊ីស្លាម ​មិនមែន​ជា​អ្នក​ទទួល​ខុសត្រូវ​ ចំពោះ​អំពើ​ភេរវកម្ម​ទេ”។ លោកស្រី ​បាន​សង្កត់​ធ្ងន់​ថា ​ “ចង់​បោស​សំអាត​បណ្តាញ​ភេរវកម្ម​អ៊ីស្លាម​ជ្រុលនិយម ​ គឺ​យើង​ត្រូវ​ការ​ជាចាំ​បាច់ ​សហការ​ជាមួយ​ប្រទេស​អ៊ីស្លាម​ធំៗ”

ទាក់ទិន​ទៅនឹង​បញ្ហា​សន្តិសុខ​នេះ ​ លោកស្រី​មែរគែល ​បាន​អំពាវនាវ​ ឲ្យ​ប្រទេស​ធំៗ​ទាំងអស់ ​ប្រកាន់​គោល​ជំហរ​ប្រយោជន៍រួម ​និង​សហការ​គ្នា​ ចៀសវៀង​ការ​ប្រកាន់​គោល​គំនិត​បែប​អត្មានិយម ​យក​រួចខ្លួន​តែ​ម្នាក់​ឯង ​ ដែល​នឹង​អាច​នាំទៅ​រក​ការ​បែកបាក់​សាមគ្គី ​និង​ការ​មើលមុខ​គ្នា​មិន​ត្រង់។

លោកស្រី​មែរគែល​បញ្ជាក់​ថា ​ “សហភាព​អឺរ៉ុប​ ​ មិនអាច​ដោះស្រាយ​បញ្ហា​សន្តិសុខ​អន្តរជាតិ​តែម្នាក់​ឯង​បាន​ទេ។ សហភាព​អឺរ៉ុប​ ត្រូវការ​សហរដ្ឋ​អាមេរិក​ ដែល​ជា​សម្ព័ន្ធមិត្ត​ជា​ប្រវត្តិសាស្ត្រ”។ ក្នុង​ន័យ​នេះ ​ លោក​ស្រី​មែរគែល ​បាន​សន្យា​ថា ​និង​បន្ថែម​ថវិកា​ចំណាយ ​ទៅ​លើ​វិស័យ​កងទ័ព​របស់​អាល្លឺម៉ង់​ ព្រម​ទាំង​សន្យា​តំឡើង​ការ​ចូលរួម​ថវិកា​នៅ​ក្នុង​អង្គការ​OTANឲ្យ​បា​ន​២%​ នៃ​ផលិតផល​ដុល​ក្នុង​ស្រុក​របស់​អាល្លឺម៉ង់​ នៅ​រវាង​ឆ្នាំ​២០២៤។

ដោយឡែក​ លោក Mike Pence  ​ដែល​មាន​វត្តមាន​ក្នុង​ជំនួប​កំពូល ​បាន​បញ្ជាក់​ថា ​សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ ក្នុង​ក្របខណ្ឌ​អូតង់ ​គឺ​ពុំមាន​អ្វី​ប្រែប្រួល​ទេ។ សហរដ្ឋ​អាមេរិក​នៅ​​តែ​បន្ត​តួនាទី​ការពារ​សន្តិសុខ​ក្នុង​តំបន់​អាត្លង់ទិក​ខាង​ជើង​ ក៏​បន្តែ​សហរដ្ឋ​អាមេរិក​ សំណូមពរ​ឲ្យ​ប្រទេស​សាមជិក​ផ្សេង​ទៀត ​ខិតខំ​ចូលរួម​ផ្នែក​ថវិកា​ឲ្យ​បាន​ច្រើន​ជាង​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ