អានតួអត្ថបទ
រុស្ស៊ី-អឺរ៉ុប-អាមេរិក

អាមេរិក កាណាដា និង​​ប្រទេស​​សហភាព​​អឺរ៉ុប​១៤ប្រទេស​ ​នាំគ្នា​​បណ្តេញ​​មន្ត្រី​ទូតរុស្ស៊ី

កាលពីថ្ងៃទី៤មីនា អតីតគិញសម្ងាត់របស់អង់គ្លេស ព្រមទាំងកូនស្រីផង ត្រូវបានគេប៉ុនប៉ងធ្វើឃាត ដោយ​ប្រើ​សារធាតុពុល នៅលើទឹកដីអង់គ្លេស។ រដ្ឋាភិបាលអង់គ្លេស ក៏ដូចជាសហភាពអឺរ៉ុប បាន​ចោទ​ប្រកាន់​ដោយ​ចំហរ ថារដ្ឋាភិបាលរុស្ស៊ី​ ដែលមានលោកប្រធានាធិបតី​ពូទីន​ជាមេដឹកនាំ គឺជា​អ្នក​បញ្ជា​ ឲ្យ​ធ្វើអំពើនេះ។ កាលពីថ្ងៃច​ន្ទ ទី២៦មីនា ​មាន​ប្រទេសសហភាពអឹរ៉ុប យ៉ាង​ហោច​ណាស់​១៤​ប្រទេស​ ដែលបានសម្រេច បណ្តេញមន្ត្រីការទូតរុស្ស៊ី ចេញពីប្រទេសគេរៀងៗខ្លួន ដើម្បីជាការ​​ដាក់​ទោស ទៅលើសកម្មភាពរបស់​រុស្ស៊ី។

ស្ថានទូតរុស្ស៊ី ប្រចាំ​ទីក្រុង​ប៉ារីស
ស្ថានទូតរុស្ស៊ី ប្រចាំ​ទីក្រុង​ប៉ារីស ALAIN JOCARD / AFP
ផ្សាយពាណិជ្ជកម្ម

អង់គ្លេស ដែលជាប្រទេសសាម៉ី ព្រោះរឿងរ៉ាវនេះ បានកើតឡើងនៅលើទឹកដីខ្លួននោះ បានស​ម្រេចកាល​ពីសប្តាហ៍មុន ដោយបានបណ្តេញមន្ត្រីការទូតរុស្ស៊ី ចំនួន២៣នាក់ ចេញពីទឹកដីអង់គ្លេស។ បន្ទាប់​មក​ទៀត សហភាពអឺរ៉ុប បានសម្រេចនៅក្នុងជំនួបកំពូលរបស់ខ្លួនថា ត្រូវរួមគ្នា ថ្កោលទោសរុស្ស៊ី​ ព្រោះ​រឿងរ៉ាវ​នេះ គេជឿជាក់ថា គឺជាស្នាដៃបង្គាប់បញ្ជា របស់រដ្ឋាភិបាលលោកពូទីន។​

ថ្ងៃចន្ទទី ២៦ មីនា ការសម្រេចបានប្រកាសចេញជាបន្តបន្ទាប់ ដែលជារួម មាន​ប្រទេស​សមាជិក​សហភាព​​អឺរ៉ុប ចំនួន១៤ប្រទេស បានសម្រេចបណ្តេញមន្ត្រីទូតរុស្ស៊ី។ ក្នុងនោះមានជាអាថទិ៍ បារាំង និង​អាល្លឺម៉ង់ ​បានសម្រេចបណ្តេញចេញ ចំនួន៤នាក់ ដោយទុកពេលឲ្យចាកចេញ ក្នុងមួយសប្តាហ៍ទៀត។ ក្រៅ​​ពីនេះ មានអ៊ីតាលី ដាណឺម៉ាក លីទុយអានី ប៉ូឡូញក៏បានរួមគ្នា បណ្តេញមន្ត្រីទូតរុស្ស៊ី២នាក់ ចេញ​ពី​ប្រទេស​ពួក​គេ​​ផងដែរ។ ចំណែក ​ប្រទេសអ៊ុយក្រែន ដែនជាព្រំដែន រវាងរុស្ស៊ី និងសហភាពអឺរ៉ុបនោះ បាន​សម្រេច​បណ្តេញមន្ត្រីទូតរុស្ស៊ី ចំនួន១៣នាក់។

សូមរំលឹកថា លោក Sergueï Skripal ព្រមទាំងកូនស្រី ត្រូវបានជនមិនស្គាល់មុខប៉ុនប៉ងធ្វើឃាត នៅ​ឯទីក្រុង Salisbury ភាគខាងត្បូងប្រទេសអង់គ្លេស។ ភ្លាមៗ ក្រោយហេតុការណ៍នេះ អ្នក​ស៊ើប​អង្កេត​អង់គ្លេស បាន​ដាក់ការសង្ស័យ ថាជាស្នាដៃរបស់គេញសម្ងាត់របស់រុស្ស៊ី។ លោក Jean-Yves Le Drian រដ្ឋមន្ត្រី​ក្រសួង​ការបរទេសបារាំង បានលើកឡើងថា ទង្វើដែលរុស្ស៊ី បញ្ជាមនុស្សឲ្យមក​ធ្វើឃាត ​អតីត​គិញ​​សម្ងាត់ នៅលើទឹកដី​សហភាពអឺរ៉ុប គឺជារឿងមួយ ដែលបានគំរាមកំហែងទាំងស្រុង ដល់​សន្តិសុខ​ផ្ទៃក្នុង ហើយវាក៏បានរំលោភបំពាន ដល់ច្បាប់អន្តរជាតិដែរ។

គួរកត់សម្គាល់ថា ៣សប្តាហ៍ ក្រោយកើតរឿងនេះ លោកខាងលិច និងរុស្ស៊ី កំពុងតែពាក់មុខយក្សដាក់គ្នា ហើយចោទគ្នាទៅវិញទៅមក មិនខុសពី​កាលជំនាន់សង្រ្គាមត្រជាក់ឡើយ។ ក្រៅពី​ប្រទេស​នៅ​សហភាព​អឺរ៉ុប អាមេរិកនិងកាណាដា ក៏បានចូលរួម​ថ្កោលទោស​រុស្ស៊ី​ដែរ។ កាណាដា បាន​សម្រេច​បណ្តេញ​តំណាង​ការទូត​រុស្ស៊ី ចំនួន៤នាក់។ នៅថ្ងៃចន្ទ ទី២៦​មីនា​ដែរ សហរដ្ឋអាមេរិក បានប្រកាស​​បណ្តេញ​មន្ត្រី​ទូត​​រុស្ស៊ី​ចំនួន ៦០នាក់ ព្រម​ទាំងបិទ​ស្ថាន​​កុងស៊ុលរុស្ស៊ី ប្រចាំក្រុងSeattle ថែម​​ទៀតផង។ ក្នុង​ចំណោម​៦០នាក់ ដែល​អាមេរិក​បណ្តេញ​ចេញនោះ​ គឺមាន១២នាក់ ជា​មន្ត្រីទូតរុស្ស៊ី ប្រចាំ​ការ​នៅ​អង្គការ​សហ​ប្រជាជាតិ។

ដោយឡែក បើយោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA បាន​ផ្សាយ​ថា សមាជិកព្រឹទ្ធ​​សភា​រុស្ស៊ី​ម្នាក់ បាន​និយាយថា រុស្ស៊ី នឹងបណ្តេញមន្ត្រីការទូតអាមេរិកចំនួន៦០នាក់វិញ ដើម្បីជាការឆ្លើយតប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ