អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មេដឹកនាំ​តំបន់​កាតាឡូញ៉ា ​សន្យា​​ប្រកាស​​ឯករាជ្យ​ ដោយ​អត្តនោម័ត​​ក្នុង​ពេល​​ដ៏​​ឆាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បោះឆ្នោត​ប្រជាមតិ​ កាល​ពី​ថ្ងៃ​អាទិត្យ​ ​នៅ​តំបន់​កាតាឡូញ៉ា​ ប្រទេស​អេស្ប៉ាញ ​កំពុង​បន្ត​ធ្វើ​ឲ្យ​អេស្ប៉ាញ​ ធ្លាក់​ទៅ​ក្នុង​វិបត្តិ​យ៉ាងជ្រៅ។ នគរបាល​អេស្ប៉ោញ ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បង្រ្កាប​ក្រុម​បាតុករ​ទាមទារ​ឯករាជ្យ ​យ៉ាង​ចាស់​ដៃ ​ដែល​រូបភាព​ហិង្សា​ទាំងនេះ ​ត្រូវ​បាន​គេ​ចែកចាយ ​ពាសពេញ​បណ្តាញ​សង្គម។ កាលពី​យប់​ថ្ងៃ​អង្គារ​នេះ ​ព្រះ​មហាក្សត្រ​អេស្ប៉ាញ ​ដែល​ធ្លាប់​តែ​ស្ងាត់ស្ងៀម ​បាន​ចេញ​មក​ថ្លែង​សន្ទរកថា ​ថ្កោលទោស​រដ្ឋបាល​តំបន់​កាតាឡូញ៉ា ​ថា​បាន​បង្ក​វិបត្តិ​ និង​បំបែក​បំបាក់​ជាតិ​អេស្ប៉ាញ។ តែយ៉ាង​ណា ​ភ្លាមៗ​ក្រោយ​សន្ទរកថា​របស់​មហាក្សត្រ​អេស្ប៉ាញ ​មេដឹកនាំ​ទាមទារ​ឯករាជ្យ​កាតាឡូញ៉ា ​បាន​អះអាង​ថា ​គេ​នឹង​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ​ ក្នុង​ពេល​ដ៏​ឆាប់​នេះ។

បាតុកម្មគាំទ្រ ការធ្វើ​ប្រជាមតិនៅកាតាឡូញ៉ា ថ្ងៃទី ២៨ កញ្ញា ២០១៧
បាតុកម្មគាំទ្រ ការធ្វើ​ប្រជាមតិនៅកាតាឡូញ៉ា ថ្ងៃទី ២៨ កញ្ញា ២០១៧ REUTERS/Juan Medina
ផ្សាយពាណិជ្ជកម្ម

ព្រះ​មហាក្សត្រ​អេស្ប៉ាញ ​ទ្រាំ​ស្ងៀម​លែង​បាន

ជា​គោលការណ៍​ព្រះ​មហាក្សត្រ​ ត្រូវ​តែ​ឯករាជ្យ ​មិន​កាន់​ជើង​ខាង​ណា​មួយ​ទេ។​ ដូច្នេះ​ហើយ​បាន​ជា​កន្លង​មក​នេះ​ ព្រះចៅ​ Felipe​ ទី៦​ នៅ​ស្ងៀម ​មិន​មាន​យោបល់​អ្វី​ទេ ។ តែ​កាល​ពី​ថ្ងៃ​អង្គារ ​ព្រះអង្គ​បាន​សម្រេច​ចិត្ត​ធ្វើ​អន្តរាគមន៍ ​ក្នុង​នាម​ព្រះ​អង្គ​ជា​ អ្នក​ការពារ​រដ្ឋ​ធម្មនុញ្ញ ​ការពារ​ស្ថិរភាព ​និង​បូរណភាព​ដែនដី ​របស់​ប្រជាជាតិ​អេស្ប៉ាញ​ទាំង​មូល។

ព្រះអង្គ Felipe VI ព្រះ​មហាក្សត្រ​អេស្ប៉ាញ​​ ក្នុង​​ពេល​​​ថ្លែង​​ទៅ​​កាន់​​​ប្រជាជាតិ​​​ ថ្ងៃ​​ទី​៣ ​តុលា ​២០១៧​
ព្រះអង្គ Felipe VI ព្រះ​មហាក្សត្រ​អេស្ប៉ាញ​​ ក្នុង​​ពេល​​​ថ្លែង​​ទៅ​​កាន់​​​ប្រជាជាតិ​​​ ថ្ងៃ​​ទី​៣ ​តុលា ​២០១៧​ Casa de SM El Rey/Francisco Gomez Handout via REUTERS

ព្រះ​មហាក្សត្រ​អេស្ប៉ាញ ​បាន​ថ្លែង​ថា “​ការ​ធ្វើ​ប្រជាមតិ ​ដែល​ដឹកនាំ​ដោយ​ក្រុម​ទាមទារ​ឯករាជ្យ​កាតាឡូញ៉ា ​ទាំង​ដោយ​គ្មាន​ការ​អនុញ្ញាត ​ជា​ផ្លូវការ​នោះ ​គឺ​ជា​អំពើ​បំពាន ​ដល់​រដ្ឋធម្មនុញ្ញ​អេស្ប៉ាញ ​បំពាន​ដល់​ការ​រួបរួម​ជាតិ ​ និង​ជា​អំពើ​ល្មើស ​ធ្វើឲ្យ​បែក​បាក់​សាមគ្គី​ជាតិ​ ដែល​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត”។ ព្រះអង្គ​បន្ត​ថា ​“ប្រជាមតិ​ខុសច្បាប់​ និង​សកម្មភាព​តវ៉ា​ ដឹកនាំ​ដោយ​មេដឹកនាំ​ផ្តាច់ខ្លួន​កាតាឡូញ៉ា​នេះ​ នឹង​បង្ក​ឲ្យមាន​អស្ថិរភាព​ដល់​តំបន់​កាតាឡូញ ​និង​ប្រទេស​អេស្ប៉ាញ​មួយ​ទាំង​មូល”

ព្រះចៅ​ Felipe​ បន្ថែម​ថា ​“ដូច្នេះ ​ដើម្បី​ប្រឈម​មុខនឹង​សកម្មភាព​ល្មើស​នេះ ​អាជ្ញាធរ​ស្រប​ច្បាប់​របស់​រដ្ឋអេស្ប៉ាញ ​នឹង​ប្រកាន់​ជំហរ​រឹងមាំ ​ក្នុង​ការ​ចាត់​វិធាន​ការ​នានា ​ដើម្បី​ធានា​ការពារ​ សណ្តាប់​ធ្នាប់ ​សន្តិសុខ​ និង​ស្ថិរភាព ​និង​ឯកភាព​ជាតិ ​ដែល​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ​អេស្ប៉ាញ”

មាត្រា​១៥៥​ នៃ​រដ្ឋធម្មនុញ្ញ​អេស្ប៉ាញ

បើតាម​ការ​វិភាគ​ គឺ​ព្រះ​មហាក្សត្រ​អេស្ប៉ាញ ​ចង់​សំដៅ​ទៅដល់​ ការ​អនុវត្ត​មាត្រា ​១៥៥ ​នៃ​រដ្ឋធម្មនុញ្ញ​អេស្ប៉ាញ។ មាត្រា​នេះ​កំណត់​ថា ​ រដ្ឋាភិបាល ​មាន​សិទ្ធិ​ចាប់​បង្ខំ​អាជ្ញាធរ​នៅ​តំបន់​ស្វយ័ត​ណា​មួយ ​ក្នុង​ករណី​តំបន់​នោះ​បាន​បំពាន​រដ្ឋធម្មនុញ្ញ ​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដល់​ផល​ប្រយោជន៍​ជាតិ។ ក្នុងន័យ​នេះ ​គឺ​រដ្ឋាភិបាល​កណ្តាល ​អាច​មាន​សិទ្ធិ​គ្រប់គ្រង​ជា​បណ្តោះ​អាសន្ន ​ចន្លោះ​ពី​៦​ខែ ​ទៅ​១​ឆ្នាំ ​ពី​លើ​ស្ថាប័ន​ធំៗ ​​នៅតាម​តំបន់​ដែល​បង្ក​បញ្ហា។

បើសិន​ជា​រដ្ឋាភិបាល​អេស្ប៉ាញ ​សម្រេច ​អនុវត្ត​មាត្រា ​១៥៥​នេះ​មែន ​គឺ​នេះ​ជា​លើក​ទីមួយ​ហើយ ​ក្នុង​ប្រវត្តិសាស្ត្រ​អេស្ប៉ាញ។ រហូត​មក​ទល់​ពេល​នេះ ​លោក​ Mariano Rajoy​ នាយករដ្ឋមន្ត្រី​អេស្ប៉ាញ ​នៅ​មិន​ទាន់​បាន​ប្រកាស​អ្វីទេ ​ទាក់ទិន​នឹង​វិធានការ ​ដែល​ព្រះ​មហាក្សត្រ ​បាន​ថ្លែង​នេះ។ តាម​ការ​គ្រោងទុក​ លោក​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ ​ត្រូវ​ចូល​ទៅ​សភា ​នៅ​សប្តាហ៍​ក្រោយ ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​ពី​សភា។ លោក​ នាយករដ្ឋមន្ត្រី​អេស្ប៉ាញ ​ធ្លាប់​បាន​អះអាង​ដែរ​ថា ​លោក​នឹង​មិន​ចាត់​វិធានការ​ពិសេស​ណា​មួយ ​ដើម្បី​គ្រប់គ្រង​ជា​បណ្តោះ​អាសន្ន ​ទៅ​លើ​តំបន់​កាតាឡូញ៉ា ​ទេ​ បើសិន​ជា​គ្មាន​សភា​នៅ​ពីក្រោយ ​គាំទ្រ​លោក។ បញ្ហា​ចោទ​ត្រង់​នេះ​ទៀត​ គឺថា​ ក្រុម​សមាជិក​សភា​មួយ​ចំនួន​ កំពុង​តែ​ស្ទើរស្ទាក់ ​មិន​ដឹង​គាំទ្រ​រដ្ឋាភិបាល ​ឬ​គាំទ្រ​តំបន់​កាតាឡូញ៉ា​​ទេ។

កាតាឡូញ៉ា នឹង​ប្រកាស​ឯករាជ្យ​ក្នុង​២ថ្ងៃ​ទៀត ទោះ​អេស្ប៉ាញ​មិនព្រម​ក៏​ដោយ!

លោក​ Carles Puigdemont ​ដែល​ជា​មេដឹកនាំ​ នៃ​ការ​ធ្វើ​ប្រជាមតិ​ផ្តាច់ខ្លួន​នេះ​ បាន​ផ្តល់​បទ​សម្ភាន៍​ឲ្យ​ទូរទស្សន៍ ​BBC ​កាល​ពី​យប់​មិញ​ថា ​ពីរ​ថ្ងៃ​ទៀត​ ក្រុម​លោក​ និង​ប្រកាស​ឯករាជ្យ​តំបន់​កាតាឡូញ៉ា​ ជាផ្លូវការ​ហើយ ​បន្ទាប់​ពី​បាន​ដឹង​លទ្ធផល​ប្រជាមតិ​ផ្លូវការ​។ គាត់ថា ​រដ្ឋាភិបាល​អេស្ប៉ាញ ​មិន​អាច​មក​ហាមឃាត់​គេ​បាន​ទេ ​ព្រោះវា​ជា​សិទ្ធិ​របស់​ប្រជាជន​តំបន់​កាតាឡូញ៉ា។ មេដឹកនាំ​ទាមទារ​ផ្តាច់ខ្លួន​រូប​នេះ ​ បាន​បន្ត​ថា ​ផ្ទុយទៅ​វិញ​ បើ​រដ្ឋាភិបាល​អេស្ប៉ាញ ​សម្រេច​បញ្ជូន​កំលាំង​ មក​រារាំង​ ពួក​គេ ​នោះ​រដ្ឋាភិបាល​នេះ ​នឹង​កាន់​តែ​ស្អុយ​ឈ្មោះ ​ហើយ​វា​ក៏​កាន់​តែ​ជំរុញ​ទឹកចិត្ត​ ប្រជាជន​កាតាឡូញ៉ា ​ឲ្យកាន់​តែ​ចង់​បាន​ឯករាជ្យ​ឡើង។

សន្ទរកថា​របស់​ព្រះ​មហាក្សត្រ ​ដូចយក​សាំង​មក​ជះ​លើ​ភ្លើង

ជា​ការពិត​មែន ​ អ្នក​វិភាគ​ជាច្រើន ​បាន​លើក​ឡើង​ថា ​អន្តរាគមន៍​របស់​ព្រះ​មហាក្សត្រ​អេស្ប៉ាញ ​ដែល​បាន​ថ្លែង​ថ្កោល​ទោស​ការ​ធ្វើ​ប្រជាមតិ ​ហើយ​​គំរាម​អនុវត្ត​មាត្រា ​១៥៥​នៃ​រដ្ឋធម្មនុញ្ញ​នោះ​ គឺ​ប្រៀប​បាន​នឹង​យក​​សាំង ​មក​ជះ​លើ​ភ្លើង​ដូច្នេះ។ ក្នុង​កាលៈទេសៈ​បែប​នេះ ​ មហាក្សត្រ ​គួរណា ​តែ​អំពាវនាវ ​ឲ្យ​មាន​ការ​យោគ​យល់​ រំងាប់​កំហឹង​ ធ្វើចិត្ត​ឲ្យ​ស្ងប់ ​ដើម្បី​ស្វែងរក​ច្រក​នយោបាយ​មួយ​ តាម​រយៈ​ការ​ចរចា​គ្នា។ តែផ្ទុយ​ទៅវិញ​ ព្រះអង្គ​បែរ​ជា​ថ្កោលទោស​ការ​ធ្វើ​ប្រជាមតិ។

សម្រាប់​ប្រជាជន​កាតាឡូញ៉ា ​ដែល​បាន​ទៅ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ​គឺ​មិន​ខុស​ពី​មហាក្សត្រ​ថ្កោលទោស​ពួក​គេ​ទេ។ បញ្ហា​នេះ ​វា​បាន​ជំរុញ​ ឲ្យពួក​គេ​កាន់​តែ​ខឹង​ និង​ពុះ​កញ្ជ្រោល។ រី​ឯ​អ្នក​ ដែល​ធ្លាប់​តែ​ស្ទើរស្ទាក់ ​មិន​ចង់​គាំទ្រ​ការ​ផ្តាច់​ខ្លួន​នេះ ​អាច​នឹង​សម្រេច​ចិត្ត​គាំទ្រ​ការ​ទាមទារ​ឯករាជ្យ ​ព្រោះគេ​យល់​ថា ​មហាក្សត្រ​អេស្ប៉ាញ ​មិន​បាន​យល់​ស្ថានការណ៍​លំបាក ​របស់​គេ ​នៅតែ​ក្នុង​វាំង​ស្រណុក​ស្រួល ​ហើយ​មក​ថ្លែង​ថ្កោលទោស​គេ​ទៀត។ ជាង​នេះ​ទៅទៀត ​ក្នុង​សន្ទរកថា ​របស់​មហាក្សត្រ ​ព្រះអង្គ​មិន​បាន​លើកឡើង​ អំពី​បាតុករ​ជាង​៩០​នាក់ ​ដែល​រង​របួស​ធ្ងន់​ ដោយសារ​តែ​ការ​បង្រ្កាប ​ដ៏​សាហាវ ​របស់​នគរបាល​អេស្ប៉ាញ ​កាលពី​ថ្ងៃ​អាទិត្យ​នោះ​ទេ។ ត្រង់នេះ ​បាន​ធ្វើ​ឲ្យ​សាធារណៈ​មតិ​កាតាឡូញ៉ា ​កាន់តែ​មិន​ពេញ​ចិត្ត​ព្រះអង្គ​ ហើយ​ស្អប់​រដ្ឋាភិបាល​អេស្ប៉ាញ​ខ្លាំង​ឡើង។

ប្រជាមតិ ​មិនមាន​សុពលភាព​ស្របច្បាប់?

បើយើង​និយាយ​ពី​សុពលភាព​ស្របច្បាប់ ​នៃ​ប្រជាមតិ​នេះ ​គឺ​ថា​មាន​ចំណុច​ច្រើន​ណាស់​ ដែល​យើង​អាច​យក​មក​ពិភាក្សា​បាន។ ទីមួយ ​វា​ជាការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ ​ដោយ​គ្មាន​ការ​យល់ព្រម​ ពី​អំណាច​កណ្តាល​របស់​អេស្ប៉ាញ។ ពោល​គឺ​សភា ​និង​ថ្នាក់​ដឹកនាំ​តំបន់​ស្វយ័ត​កាតាឡូញ៉ា ​ជា​អ្នក​សម្រេច​ធ្វើ​តែ​ម្នាក់ឯង។

ទីពីរ ​ការ​បោះឆ្នោត​នេះ ​ពុំមាន​បញ្ជី​រាយនាម ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ទេ​ ហើយ​ក៏​គ្មាន ​គណកម្មការ​រៀបចំ​ការ​បោះឆ្នោត ​ឬ​អ្នក​សង្កេតការណ៍​ណា​ចូលរួម​ ត្រួត​ពិនិត្យ​ដែរ។ ដូច្នេះ ​ភាព​សុក្រិត្យ​យុត្តិធម៌ ​នៃ​ដំណើរ​ការ​បោះឆ្នោត​នេះ ​មិន​ត្រូវ​បាន​ធានា​នោះ​ទេ។ ហើយ​ទីបី ​គឺ​ចំនួន​អ្នក​ចូល​រួមបោះ​ឆ្នោត​ ដែល​យើង​លើក​មក​និយាយ​បាន។ ក្រុម​ទាមទារ​ឯករាជ្យ​អះអាង​ថា ​គេ​បាន​សម្លេង​ឆ្នោត​គាំទ្រ ​ដល់​ទៅ​៩០%។​ តែ​ធាតុពិត​ គឺ​៩០% ​នៃ​ប្រជាជន​ដែល​បាន​ទៅ​ចូលរួម​បោះឆ្នោត​ប៉ុណ្ណោះ។ ហើយ​អ្នក​ដែល​ទៅ​ចូលរួម​បោះឆ្នោត ​កាល​ពី​ថ្ងៃ​អាទិត្យ ​គឺ​មាន​តែ​ជាង​៤៣% ​ប៉ុណ្ណោះ ​ដែល​ស្មើនឹង​ ២,២៦​លាន​នាក់។ ដូច្នេះ ​លទ្ធផល​ប្រជាមតិ​នេះ ​មិន​អាច​សម្តែង​ពី​សម្លេង​ពិត​ប្រាកដ ​នៃ​បំណង​របស់​ប្រជាជន​កាតា​ឡូញ៉ា​បាន​ទេ។

អាសាច់​ជូនខ្លា ​ទើប​នៅ​សុខ​បាន!

ប្រជាមតិ ​មាន​សុពលភាព​​ឬុ​មិន​មាន​ គឺ​ជា​រឿង​មួយ។ តែ​ដំណោះស្រាយ​ពេល​នេះ ​គឺមាន​តែ​មួយ​គត់​ គឺ​ត្រូវ​ស្វែងរក​ការ​ចរចា ​គ្នា។ ​តាម​ពិត​ទៅ ​អេស្ប៉ាញ ​គួរណា​តែ​ធ្វើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ ​ជា​យូរ​ណាស់​មក​ហើយ ​ដើម្បី​រៀបចំ​ប្រព័ន្ធ​វិមជ្ឈការ ​បែងចែក​អំណាច​ទៅ​ដល់​តំបន់​ទាំងអស់​ ឲ្យបាន​ល្អ​ប្រសើរ ​និង​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ជាក់​ស្តែង។​ គេ​មិន​ត្រូវ​ទុក​បញ្ហា ​ឲ្យ​ក្លាយ​ជា​បែប​នេះ​ទេ។

នៅ​ល្ងាច​នេះ ​សភា ​នៃ​សហភាព​អឺរ៉ុប​នឹង​បើក​ប្រជុំ ​ដើម្បី​ស្វែងរក​គោល​ជំហរ ​ទាក់ទិន​នឹង​បញ្ហា​អេស្ប៉ាញ​នេះ។​ តែ​បើតាម​ការ​ស្មាន ​អឺរ៉ុប​ ប្រាកដ​ជា​ប្រកាន់​ជំហរ​នៅ​ខាង​រដ្ឋាភិបាល​អេស្ប៉ាញ ​ហើយ​អំពាវនាវ ​ឲ្យ​ភាគី​ទាំងពីរ​ ដាក់​គូទ​អង្គុយ​ចរចា​គ្នា។

តែ​យ៉ាងណា ​ភាគី​ម្ខាងៗ ​កំពុង​សង្រ្កឺត​ធ្មេញ​ដាក់​គ្នា​ក្នុង​ពេល​នេះ។​ រដ្ឋាភិបាល​គំរាម​ប្រើ​កំលាំង ​ដើម្បី​គ្រប់គ្រង​តំបន់​កាតាឡូញ៉ា ​រីឯ​ក្រុម​សហជីព​ធំៗ​ នានា​ បាន​ចាប់ផ្តើម​ធ្វើ​កូដកម្ម។ ប្រជាជន​ប្រាកដ​ជា​ចុះផ្លូវ​ធ្វើ​បាតុកម្ម​ទៀត ​ទៅតាម​ការ​អំពាវនាវ​ របស់​ក្រុម​ផ្តាច់​ខ្លួន។ វិបត្តិ​នេះ ​អាច​មិន​ទាន់​ចប់​ភ្លាមៗ​ទេ​ បើ​សិន​ជា​រដ្ឋាភិបាល​អេស្ប៉ាញ ​មិន​ព្រម​ធ្វើ​សម្បទាន​នយោបាយ​ខ្លះ​ទេ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ