អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

ម៉ូស្គូឲ្យ​ភ្លើង​ខៀវ ​ដល់​ការ​ពង្រាយ ​កង​កម្លាំង​រក្សា​សន្តិភាព ​នៅ​តំបន់​ខាង​កើត​អ៊ុយក្រែន

លោក​ប្រធានាធិបតី​រុស្ស៊ី ​វ៉្លាឌីមៀរ ​ពូទីន ​​បាន​ថ្លែង​យល់​ព្រម​ចំពោះ ​ការ​ពង្រាយ ​កង​កម្លាំង​រក្សា​សន្តិភាព ​សម្រាប់​ការពារ​ពួក​អ្នក​សង្កេត​ការណ៍ ​របស់ ​អង្គការ​ដើម្បី​សន្តិសុខ​ និង​សហប្រតិបត្តិការ​នៅ​ទ្វីប​អឺរ៉ុប​ OSCE ​លើ​ដែនដី​តំបន់​ខាង​កើត​អ៊ុយក្រែន ​ដែល​ញាំញី​ដោយ​ការ​ផ្ទុះ​អាវុធ​ គ្មាន​ឈប់ ​រវាង​កងទ័ព​រដ្ឋាភិបាល​អ៊ុយក្រែន ​និង​ ពួក​បះបោរ​ផ្តាច់​ទឹកដី​ ដែល​រុស្ស៊ី​និយម។

ថ្វីបើមាន​កិច្ចព្រមព្រៀង​ទីក្រុង​Minsk ការផ្ទុះ​អាវុធ​នៅតែមាន​ដដែល​ រវាង​កងទ័ពអ៊ុយក្រែន និងក្រុមឧទ្ទាមនិយម​រុស្ស៊ី
ថ្វីបើមាន​កិច្ចព្រមព្រៀង​ទីក្រុង​Minsk ការផ្ទុះ​អាវុធ​នៅតែមាន​ដដែល​ រវាង​កងទ័ពអ៊ុយក្រែន និងក្រុមឧទ្ទាមនិយម​រុស្ស៊ី REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

ខ្ញុំ​យល់​ថា​ជាការ​សមគួរ បើសិន​ជាមាន​​វត្តមាន​នៃ​កង​កម្លាំង​រក្សា​សន្តិភាព ​ឫ ​និយាយ​ឲ្យចំ ​គឺ​ក្រុម​អ្នក​ដែល​ធានា ​សុវត្ថិភាព​ដល់​បេសកកម្ម ​នៃ​​អង្គការ​ដើម្បី​សន្តិសុខ​​និង​សហប្រតិបត្តិការ​នៅ​ទ្វីប​អឺរ៉ុប​ OSCE​ ហើយ ​ខ្ញុំមិន​ ឃើញ​មាន​អ្វី​ជា​អាក្រក់​ទេ”។ ​សេចក្តី​នេះ ​ថ្លែង​ដោយ​លោក​ពូទីន ​ក្នុង​សន្និសីទ​សារពត៏មាន ​នៅក្រុង​ Xiamen ​ប្រទេស​ចិន​ បិទ​បញ្ចប់ ​ជំនួប​កំពូល ​នៃ​ក្រុម​៥​ប្រទេស​មាន​សេដ្ឋកិច្ច​លូតលាស់​ដោយ​ចង្វាក់​ខ្ពស់​ BRICS។

ផ្ទុយទៅ​វិញ ​ខ្ញុំ​គិត​ថា ​ការ​នេះ​នឹង​ជួយ​ដល់​ដំណោះស្រាយ​បញ្ហា​ នៅ​តំបន់​អាគ្នេយ៏​អ៊ុយក្រែន ​“ លោក​ពូទីន ​គូស​បញ្ជាក់​ទាំង​ផ្ទុក​ផ្តាក់​ ក្រសួង​ការបរទេស​គាត់​ ឲ្យដាក់​ជូន​អង្គការ​សហប្រជាជាតិ​​ពិនិត្យ​មើល និង​ពង្រាង​នូវ​​សេចក្តី​សម្រេច​ ក្នុង​ន័យ​ដែល​មាន។

គួរ​និយាយថា​ ក្រុង​គៀវ​តាំង​ពី​យូរ​មក​ហើយ ​តែង​សុំ​ឲ្យ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​ ប៉ុន្តែ​ចង់​ឲ្យ ​កង​កម្លាំង​ នេះ​ ពង្រាយ ​នៅ​ពេញ​លើ​តំបន់​ជម្លោះ​តែ​ម្តង។ តាម​លោក​ពូទីន ​កង​កម្លាំង​នេះ ​ត្រូវ​ដាក់​ឲ្យ​ប្រចាំ​ការ​ តែ ​ដើម្បី​”ធានា​សន្តិសុខ”​ដល់​បេសកកម្ម ​OSCE ​ហើយ​តែ​នៅ​តាម ​“ខ្សែ​ដែល​ខ័ណ្ឌ” ទី​តាំង​ពួក​ឧទ្ទាម ​និង ​ទីតាំង​កងទ័ព​អ៊ុយក្រែន តែ​ប៉ុណ្ណោះ​។

សម្រាប់​ក្រុង​គៀវ ​ប្រតិបត្តិការ​ប្រភេទ​នេះ ​ត្រូវ​ “​ប្រមើល​នូវ​ការ​ដក​រាល់​តែ​យោធា ​បរទេស​ណា​ដែល​ថា​កាន់​កាប់​” តំបន់​នេះ ​ហើយ”​ធានា​នូវ​ការ​ត្រួតត្រា​យ៉ាង​កក់ក្តៅ ​លើ​ព្រំដែន​រុស្ស៊ី-​អ៊ុយក្រែន ​ដើម្បី ​បញ្ចៀស​កុំ​ឲ្យ​មាន​ ការ​ជ្រៀត​ចូល​ពី​ខាង​រុស្ស៊ី ​ទៅ​ក្នុង​តំបន់​បះបោរ​នោះ​ ដូចជា​ការ​បញ្ជូន​​ទាហាន​ អាវុធ​ សម្ភារៈ​ និង​ ពួក​យុទ្ធ​ជន​ស្ម័គ្រ​ចិត្ត​រុស្ស៊ី ជាដើម។

សព្វថ្ងៃ​មាន​អ្នក​សង្កេត​ការណ៍ ​OSCE​ ប្រមាណ ​៦០០​ នាក់ ​បំពេញ​ភារកិច្ច​ខាង​តាម​ដាន​ ដំណើរ​គោរព ​តាម​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​ ដោយ​ភាគី​បដិបក្ខ​នោះ។ កាល​ពី​ចុង​ខែ​មេសា ​សហការី​ម្នាក់​របស់​ OSCE ​ជា ​ជាតិ​អាមេរិកាំង ​បាន​ធ្លាក់​ខ្លួន​ស្លាប់ ​ក្នុង​ការ​ផ្ទុះមីន​ ក្នុងពេល​​បំពេញ​ប្រតិបត្តិការ​ល្បាត។

ទោះបី​មាន​ចុះ​កិច្ច​ព្រមព្រៀង​ឈប់បាញ់​ច្រើនដង​​ក្តី​ ក៏​ការ​ប៉ះ​ទង្គិច​គ្នា ​រវាង​ភាគី​បដិបក្ខ​ តែង​ប្រព្រឹត្ត ​ទៅ​ជា​រឿយៗ ​ដោយ​ម្ខាង​ចោទ​ម្ខាង​ទៀត​ ថា​ជា​អ្នក​រំលោភ។ សម្រាប់​អ៊ុយក្រែន ​និងប្រទេស​លោក​ខាងលិច គឺរុស្ស៊ី​​ដែល​ជាអ្នក​គាំទ្រ​​ផ្លូវ​យោធា​​ ដល់​ក្រុម​​ឧទ្ទាម។ ​យោង​តាម​តួលេខ​អង្គការ​សហប្រជាជាតិ​ ​​ក្នុង​៣ឆ្នាំ​៦ខែ​កន្លង​ទៅ ​សង្រ្គាម​នេះ​​ បាន​ផ្តាច់​ជីវិត​មនុស្ស​អស់​ជាង​ ១ម៉ឺន​នាក់ ​ទៅ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ