អានតួអត្ថបទ
បារាំង-អាហ្រ្វិក

ក្បួន​ព្យុហយាត្រា​របស់​កងទ័ព​អាហ្រ្វិក នៅ​Champs Elysées​បង្ក​ឲ្យ​មាន​ការរិះគន់

កងពល​អាហ្វ្រិក​មក​ពី​១៣​ប្រទេស​បាន​ដើរ​ដង្ហែ​ក្បួន​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ ​បារាំង ១៤ កក្កដា ដែល​រៀបចំ​ឡើង​នៅ​រុក្ខវិថី Champs Elysées ក្នុង​ទីក្រុង​ប៉ារីស។ ជា​លើក​ទី​មួយ បារំាង​បាន​អញ្ជើញ ប្រទេស​អតីត​ស្ថិតនៅ​ក្រោម​អាណានិគម​របស់​ខ្លួន​ឲ្យ​មក​ចូលរួម​ក្នុង​ថ្ងៃ​ បុណ្យ​ជាតិ និង​ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ក្រុម​ប្រទេស​អាហ្រ្វិក​ទាំង​នោះ​ធ្វើ​ពិធី​ រំលឹក​ខួប ៥០​ឆ្នាំ នៃ​ឯករាជ្យភាព​របស់​ខ្លួន។ ការរៀបចំ​ពិធីបុណ្យ​ឯករាជ្យ​របស់​អាហ្រ្វិក​ក្នុង​បុណ្យ​ជាតិ​បារាំង និង​វត្តមាន​កងទ័ព​របស់​ប្រទេស​អាហ្រ្វិក​ផ្តាច់ការ មួយ​ចំនួន បាន​បង្ក​ឲ្យ​មាន​គំនិត​រិះគន់​យ៉ាងសម្បើម​ក្នុង​ប្រទេស​បារាំង។

កងទ័ព​អាហ្រ្វិក​ហ្វឹកហ្វាត់​ត្រៀម​ដើរ​ក្បួន​នៅ​ថ្ងៃ​បុណ្យ​ជាតិ​បារាំង​ ១៤ កក្កដា ២០១០
កងទ័ព​អាហ្រ្វិក​ហ្វឹកហ្វាត់​ត្រៀម​ដើរ​ក្បួន​នៅ​ថ្ងៃ​បុណ្យ​ជាតិ​បារាំង​ ១៤ កក្កដា ២០១០ ©Michel Euler/AP/SIPA
ផ្សាយពាណិជ្ជកម្ម

02:03

សេចក្តី​រាយការណ៍ របស់​ឈាង បុប្ផា

ឈាង បុប្ផា

នៅ​លើ​វេទិកា​គណអធិបតី គេ​ឃើញ​មាន​ប្រមុខ​ដឹកនាំ​១២ រូប​នៃ​បណ្តាប្រទេស​អាហ្រ្វិក អង្គុយ​ក្នុង​ជួរ​ជាមួយ​ប្រធានាធិបតី​បារាំង លោក Nicolas Sarkozy ចំណែក នៅ​លើ​រុក្ខវិថី Champs Elysées ឯណោះវិញ កងទ័ព​អាហ្រ្វិក​មក​ពី​១៣​ប្រទេស​មាន​មោទនភាព ដែល​បាន​ចូលរួម​ដើរ​ដង្ហែ​ក្បួន ជាមួយ​កងពល​បារាំង។

 
ជា​ផ្លូវការ បារាំង​អញ្ជើញ​អាហ្រ្វិក​ឲ្យ​មក​ដើរ​ដង្ហែរ​ក្បួន​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ​របស់​ខ្លួន គឺក្នុង​ន័យ​ដឹង​គុណ​ដល់​កងទ័ព​អាហ្រ្វិក។ កងទ័ព​អាហ្រ្វិក​ដែល​ធ្លាប់​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​អាណានិគម​បារាំង ធ្លាប់​ចូលរួម​ជួយ​បារាំង​ច្បាំង​ក្នុង​អំឡុង​សង្រ្គាម​លោក។ ក្នុង​សប្តាហ៍​នេះ​ដែរ លោក​ប្រធានាធិបតី​បារាំង​បាន​បញ្ជាក់​ថា អតីត​យុទ្ធជន​បរទេស​ដែល​ធ្លាប់​ជួយ​ច្បាំង​ការពារ​បារាំង នឹង​ទទួល​បា្រក់​សោធននិវត្ត​ន៍ស្មើ​នឹង​អតីត​អ្នកប្រយុទ្ធ​បារាំង។

ក្នុង​បំណង​ពង្រឹង​ទំនាក់​ទំនង​បារាំង​អាហ្រ្វិក​លើក​នេះ ប្រធានាធិបតី​បារាំង​បាន​អញ្ជើញ​ក្រុម​ប្រទេស​អាហ្រ្វិក​ទាំង​អស់ ១៤ ប៉ុន្តែ​អវត្តមាន​ថ្នាក់​ដឹកនាំ​ពីរ​រូប គឺ​ប្រធានាធិបតី​ប្រទេស​ម៉ាដាហ្កាស្កា​ដែល​អន្តរជាតិ​មិន​ទទួលស្គាល់ និង​ប្រធានាធិបតី​Côte d’ivoireដែល​បដិសេធ​មិន​មក​ចូលរួម។ អ្នកជំនាញ​ពន្យល់​ថា អវត្តមាន​នេះ​មក ពី មូលហេតុ​នយោបាយ។ គេ​គួរដឹង​ថា ទំនាក់​ទំនង​បារាំង និង​Côte d’ivoire​នៅ​តែ​មាន​ភាព​ល្វីងជូរចត់ បន្ទាប់​ពី​បារាំង​បាន​វាយប្រហារ​យ៉ាងចាស់ដៃ បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​មូលដ្ឋាន​ទ័ពអាកាស​Côte d’ivoire ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​នេះ នា ឆ្នាំ​២០០៤។

Côte d’ivoire​ដែល​បដិសេធ​មិន​ចូលរួម​ក្នុង​ក្បួន​ព្យុហយាត្រា​ក្នុង​ប្រទេស​បារាំង​មាន​ការមិនពេញ​ចិត្ត​ផងដែរ ដែល​ប្រទេស​អាហ្វ្រិក​ដទៃ​ទៀត​សុខចិត្ត​រៀបចំ​ពិធី​បុណ្យ​រំលឹក​ខួប​ថ្ងៃ​ឯករាជ្យ​របស់​ខ្លួន​ក្នុង​ប្រទេស​បារាំង។ បារាំង​ដែល​ធ្លាប់​ធ្វើ​ជា​ម្ចាស់​អាណានិគម​របស់​ខ្លួន។ អគ្គរដ្ឋទូត​ Côte d’ivoire ប្រចាំ​ប្រទេស​បារាំង​វាយ​តម្លៃ​ថា គំនិត​ផ្តួចផ្តើម និង​បំណង​របស់​បារាំង​មាន​លក្ខណៈ​មិន​ច្បាស់លាស់។

ម្យ៉ាងវិញ​ទៀត រដ្ឋាភិបាល​បារាំង​ទទួល​ការរិះគន់​ផង​ដែរ​ពី​ក្រុម​សង្គម​ស៊ីវិល​មួយ​ចំនួន នៅ​ពេល​ដែល​បារាំង​បាន​អញ្ជើញ​ទាហាន​អាហ្រ្វិក​ដូចជា ទាហាន​ពី​ប្រទេស​Tchad Togo និង​ពី​Congo Brazzaville មក​ចូលរួម​ក្នុង​ថ្ងៃ​បុណ្យ​ជាតិ​បារាំង។ អង្គការ​សិទ្ធិមនុស្ស​បាន​និយាយ​រិះគន់​ថា បារាំង​កំពុង​អនុញ្ញាត​ឲ្យ​ទាហាន​ឃោឃៅ​សម្លាប់​មនុស្ស និងផ្តាច់ការ​របស់​ប្រទេស Congo Brazzaville និង​ទាហាន​កុមារ​របស់​ប្រទេស​Tchad ដើរ​ក្បួន ក្នុង​ថ្ងៃ​បុណ្យជាតិ​បារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ