អានតួអត្ថបទ
រុស្ស៊ី

សន្និសីទកាសែត​ដ៏ធំមិនធ្លាប់​មាន​របស់​លោកប្រធានាធិបតី​Medvedev​

គឺជា​លើកទី១​តាំងពី​គាត់ឡើង​កាន់​តំណែង​កំពូល​នៅ​ប្រទេស​រុស្ស៊ី​៣ឆ្នាំ​មុន​មក​ដែល​ថ្ងៃនេះ​លោកប្រធានាធិបតី​ Medvedev ​បាន​បើកធ្វើ​មហាសន្និសីទ​កាសែត​មួយ​ដោយ​អនុញ្ញាត​ឲ្យពួក​អ្នកកាសែត​ចូលរួម​ដល់​ជិត​៩០០នាក់​ពីក្នុងនោះ​ បរទេស​៣០០នាក់​។ ​ទោះបីជា​វិមាន​ក្រេមឡាំង​ប្រកាសថា​អ្នកកាសែត​អាច​ចោទ​សំណួរ​ណា​ក៏បាន​ដែរ​ក៏រឿង​ដែល​គេចង់​ដឹង​បំផុត​ តើលោក​ Medvedev​ នឹង​ចូល​ប្រឡូក​ឬទេ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅឆ្នាំក្រោយ។

លោកប្រធានាធិបតី​រុស្ស៊ី Medvedev
លោកប្រធានាធិបតី​រុស្ស៊ី Medvedev © Reuters
ផ្សាយពាណិជ្ជកម្ម

ជាបឋម​គួរ​កត់​សំគាល់​ថា ​ទីកន្លែង​ដែល​លោកប្រធានាធិបតី​Medvedev​ ជ្រើស​យក​ដើម្បី​ធ្វើសន្និសីទ​កាសែត​នេះ​ គឺ​សាលា​ជាន់ខ្ពស់​ឈ្មោះ ​Skolkovo ​នៅប៉ែក​ពាយព្យ​ ជាយ​ក្រុង​ម៉ូស្គូ​ខាង​បណ្តុះ​បណ្តាល​ក្របខ័ណ្ឌ​ថ្មី​សម្រាប់​ធ្វើទំនើបកម្ម​ប្រទេស​រុស្ស៊ី។

 
ដោយហេតុថា​ សាលានេះ​ដែល​ប្រើតែ​បច្ចេក​វិជ្ជា​ឈានមុខ​ហៅថា​ High Tech​ និង​ដែល​បង្កើត​ឡើង​ដោយ​រូបលោក​ Medvedev​ ផ្ទាល់​បាន​ជាការ​ដែល​សន្និសីទ​កាសែត​ប្រព្រឹត្ត​ទៅ​នៅ​ទីនោះ​តែម្តង​គឺមាន​ន័យថា​គាត់ឆ្លៀត​យកឱកាស​នេះ​បង្ហាញ​ឲ្យពួក​អ្នកតំណាង​នៃ​មធ្យោបាយ​ឃោសនា​​មហាជន​ឃើញផ្ទាល់​ភ្នែក​អំពី​មុខព្រួញ​ជា​អាទិភាព​នេះ​នៃ​នយោបាយ​គាត់​ក្នុង​តំណែង​​ជា​ប្រមុខរដ្ឋ​រុស្ស៊ី​សម័យថ្មី។

ដូច្នេះ​ បញ្ហា​សមិទ្ធកម្ម​នយោបាយ​នេះ​តទៅទៀត​ ពិតជា​តម្រូវ​ឲ្យម្ចាស់​របស់វា​ពោលគឺ​ លោក Medvedev ​ផ្ទាល់​បន្ត​ស្ថិត​នៅក្នុង​តំណែង​ជាប្រធានាធិបតី​រុស្ស៊ី​មួយ​អាណត្តិ​ទៀត​ពុំខាន​ហើយ​អាណត្តិថ្មី​នោះ ​នឹង​ពន្យារ​ទៅ​រហូត​ដល់​៦ឆ្នាំ​ឯណោះ ​មិនមែន​ត្រឹម​៤ឆ្នាំ​ដូច​សព្វថ្ងៃឡើយ។

ប៉ុន្តែ​ពួក​អ្នកកាសែត​ដែល​វត្តមាន​ក្នុង​សន្និសីទ​កាសែត​ថ្ងៃនេះ​ បែរ​ទៅជា​ខកចិត្ត​ទៅហើយ​ ដ្បិត​តបនឹង​សំនួរ​ទាក់ទង​នឹង​រឿងនេះ​ចោទ​ដោយស្ត្រី​អ្នកកាសែត​ម្នាក់​លោក Medvedev​នៅតែ​មិនទាន់​បំភ្លឺ​ឲ្យដឹង​ តើគាត់​នឹង​ឈរឈ្មោះ​ជាបេក្ខជន​សម្រាប់​ចូល​ប្រឡូក​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅឆ្នាំក្រោយ​ឬក៏ទេ។​ គាត់ថា​គាត់នឹង​ប្រកាស​ឲ្យដឹង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​ដូច​ដែល​គាត់​បាន​សន្យា​អ៊ីចឹង​ គឺក្នុង​កាលៈទេសៈ​ផ្សេង​ កន្លែងផ្សេង​ ពីព្រោះ​សន្និសីទ​កាសែត​មិនមែន​ជាកន្លែង​សម្រាប់​ប្រកាស​ដំណឹង​ពោរពេញ​ទៅដោយ​នាទី​ទទួល​ខុសត្រូវ​ម្ល៉ឹងៗ​នៅពីមុខ​ប្រជាជន។

ទាក់ទងនឹង​នយោបាយ​ធ្វើទំនើបកម្ម​ប្រទេស​រុស្ស៊ី ​លោក Medvedev​ មាន​ប្រសាសន៍ថា​ នយោបាយ​នេះ​ជា​អភិក្រម​ដែល​ត្រូវតែ​ប្រព្រឹត្ត​ទៅ​គ្មានទី​បញ្ចប់​ទេ ​សម្រាប់​ជា​ប្រយោជន៍​នៃការ​កែឲ្យ​ប្រសើរ​ជាដរាប​គុណភាព​នៃ​ស្ថានការណ៍​ក្នុងប្រទេស​។

អំពី​ទំនាក់ទំនង​ជាមួយ​ស.រ.អា​.និង​បក្សសម្ព័ន្ធ​OTAN​ លោក Medvedev បញ្ចេញ​យោបល់ថា​ ទំនាក់​ទំនងនេះ​ “ មិនជា​អាក្រក់​ “ទេ។​ ព្រមជា​មួយនេះ​ គាត់ក៏​ព្រមាន​ថា ​បើ”ប្រព័ន្ធ​ខែល​មីស្ស៊ីល​ប្រឆាំង​មីស្ស៊ីល”​ដែលគេគ្រោង​ដំឡើង​នៅទ្វីប​អឺរ៉ុប​ស្រាប់តែ​គំរាម​ដល់​សន្តិសុខ​ជាតិរុស្ស៊ី ​នោះ​រុស្ស៊ី​នឹង​បង្ខំ​ចិត្ត​ចាត់វិធានការ​បកវិញ ​រហូត​ដល់​ដកខ្លួន​ចេញ​ទៅផង​ពី “សន្ធិសញ្ញា ​New START​ ស្តីអំពី​ការ​កាត់បន្ថយ​តទៅទៀត​សក្តានុពល​អាវុធបរមាណូ​យុទ្ធសាស្ត្រ ​រវាង​រុស្ស៊ី ​និង​ ស.រ.អា.៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ