អានតួអត្ថបទ
IMF-សហរដ្ឋអាមេរិក

IMF ប្រកាស​កាលបរិច្ឆេទ​ក្នុង​ការ​ជ្រើសរើស​អគ្គនាយកថ្មី​ជំនួស​លោក Dominique Strauss-Kahn

នៅ​ថ្ងៃ​សុក្រ ទី ២០ ឧសភា​ម្សិលមិញ លោក Dominique Strauss-Kahn អតីត​អគ្គនាយក​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ចាក​ចេញ​ពី​ពន្ធនាគារ ឆ្ពោះ​ទៅ​កាន់​លំនៅឋាន​​មួយ​ក្នុង​ទីក្រុង​ញូវយ៉ក។ គឺ​ជា​លំនៅឋាន​មួយ​ដែល​មាន​ការ​ឃ្លំាមើល​ដោយ​កាមេរ៉ា​វីដេអូ ២៤ម៉ោង លើ ២៤ម៉ោង និង​មាន​អ្នកយាម​ម្នាក់​ប្រដាប់​ដោយ​អាវុធ។ ការ​ជាប់​ឃុំ​នៅ​ក្នុង​លំនៅឋាន​នឹង​អនុញ្ញាត​ឲ្យ​លោក Strauss-Kahn អាច​ត្រៀម​សំណុំរឿង​ដើម្បី​ការពារ​ខ្លួន​នៅ​ក្នុង​សវនាការ​នា​ថ្ងៃទី ៦ មិថុនា​ខាង​មុខ។ ទន្ទឹម​គ្នា មូលនិធិរូបិយវត្ថុ​អន្តរជាតិ​កំពុង​ស្វែង​រក​អគ្គនាយក​ថ្មី​ជំនួស​លោក Strauss-Kahn ដែល​ទើប​លា​ឈប់​ពី​មុខ​តំណែង។ កាលបរិច្ឆេទ​សម្រាប់​ចុះ​ឈ្មោះ​ជា​បេក្ខជន​ប្រមុខ FMI ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ហើយ។

ទីស្នាក់ការកណ្តាល​របស់​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​​វ៉ាស៊ីនតោន
ទីស្នាក់ការកណ្តាល​របស់​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) នៅ​​វ៉ាស៊ីនតោន DR/International Monetary Fund
ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​ភិបាល​នៃ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​ទើប​បាន​ប្រកាស​ជា​ផ្លូវការ​ថា ឥស្សរជន​ណា​ដែល​មាន​បំណង​​ចង់​អង្គុយ​កៅអី​អគ្គនាយក​មូលនិធិរូបិយវត្ថុអន្តរជាតិ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ត្រូវ​ដាក់​ពាក្យ​ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី២៣ ឧសភា រហូត​ដល់​ថ្ងៃ​សុក្រ ទី១០ មិថុនា។ បន្ទាប់​មក នៅ​ក្នុង​ចំណោម​បេក្ខជន​ទំាង​អស់​ដែល​ដាក់​ពាក្យ ក្រុមប្រឹក្សា​ភិបាល​នឹង​ធ្វើ​ការ​ជជែក ពិភាក្សា និង​ជ្រើសរើស​យក​តែ​បេក្ខជន​ចំនួន ៣រូប​ប៉ុណ្ណោះ។ បន្ត​មក​ទៀត សមាជិក​ទំាង ២៤រូប​នៃ​ក្រុមប្រឹក្សា​ភិបាល IMF នឹង​ធ្វើ​ការ​សាកសួរ​លើ​បេក្ខជន​ម្នាក់ៗ​ក្នុង​ចំណោម​បេក្ខជន​ទំាង ៣រូប​នោះ។ មូលនិធិរូបិយវត្ថុ​អន្តរជាតិ​សង្ឃឹម​ថា គេ​នឹង​អាច​រក​ឃើញ​រូប​អគ្គនាយក​ថ្មី ចាប់​ពី​ពេល​នេះ ដល់​ដំណាច់​ខែ​មិថុនា​ខាង​មុខ។

រហូត​មក​ដល់​ពេល​នេះ សង្រ្គាម​​ដណ្តើម​តំណែង​អគ្គនាយក​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​បាន​ចាប់​ផ្តើម​ហើយ ដោយ​មាន​ឥស្សរជន​មក​ពី​គ្រប់​ជ្រុងជ្រោយ​ទំាង​អស់ ពិសេស​មក​ពី​បណ្តា​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីក​លូតលាស់​ខ្លំាង ដូច​យ៉ាង​ប្រទេស​ឥណ្ឌា ម៉ិចស៊ិច រុស្ស៊ី ឬ​មួយ​ក៏​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ជា​ដើម។ បណ្តា​ប្រទេស​ទំាង​នេះ​បាន​និង​កំពុង​ចេញ​មុខ​ប្រឆំាង​នឹង​សហភាព​អឺរ៉ុប​ដែល​រហូត​មក​ទល់​ពេល​នេះ បាន​កាន់កាប់​តំណែង​អគ្គនាយក IMF សឹង​តែ​ផ្តាច់​មុខ​ទៅ​ហើយ។

ប្រសិន​បើ​អឺរ៉ុប​បាន​ឯកភាព​គ្នា​លើ​បេក្ខជន​របស់​ខ្លួន​នោះ អឺរ៉ុប​មាន​សំឡេង​ឆ្នោត​ជាង ១ ភាគ ៣ នៅ​ក្នុង​ការ​បោះឆ្នោត។ ក៏​ប៉ុន្តែ បើ​អាមេរិក និង​ជប៉ុន​រួម​ដៃ​គ្នា​គំាទ្រ​បេក្ខជន​របស់​គេ​វិញ អឺរ៉ុប​ប្រាកដ​ជា​ជួប​​ការ​លំបាក​ជា​មិន​ខាន។

យ៉ាង​ណា​ក៏​ដោយ ខណៈ​នេះ លោកស្រី Christine Lagarde ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បារំាង អាច​នឹង​ត្រូវ​សហភាពអឺរ៉ុប​ជ្រើស​យក​ជា​បេក្ខនារី​របស់​ខ្លួន។ ប៉ុន្តែ​ពេល​នេះ លោកស្រី Christine Lagarde កំពុង​ជាប់​រឿង​ក្តី​នៅ​ឯ​តុលាការ​បារំាង​ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក Bernard Tapie។

ដូច្នេះ បើ​រឿង​ក្តីក្តំា​នេះ​មិន​នំា​ឲ្យ​រំខាន​ដល់​ការ​ឈរ​ឈ្មោះ​របស់​លោកស្រី និង​បើ​សហរដ្ឋអាមេរិក​មិន​ចេញ​មុខ​ជំទាស់​នឹង​បេក្ខនារី​របស់​អឺរ៉ុប​ទេ​នោះ លោកស្រី Christine Lagarde អាច​នឹង​ឡើង​អង្គុយ​កៅអី​អគ្គនាយក​មូលនិធិរូបិយវត្ថុអន្តរជាតិ​នៅ​ទីក្រុង​វ៉ាស៊ីនតោន ក្នុង​រយៈពេល​ជាង ១ខែ​ទៀត​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ