អានតួអត្ថបទ
ក្រិក-សហភាពអឺរ៉ុប

កិច្ចព្រមព្រៀង​រវាង​ក្រិក ​និង​អ្នក​ផ្តល់​មូលនិធិ​ពាក់ព័ន្ធ​នឹង​ផែនការត្បិតត្បៀត​ថ្មី​

អ្នកដឹកនាំ​អឺរ៉ុប​ដែលមក​ចូលរួម​ប្រជុំ​ជំនួប​កំពូល​នៅទីក្រុង​ព្រុចសែល​ ​ បាន​សន្យា​នៅ​ថ្ងៃព្រហស្បតិ៍​ទី២៣​មិថុនា​ម្សិលមិញ​ ​ ឲ្យមាន​ “ផែនការ​ត្បិតត្បៀត​ថ្មី”​មួយ​សម្រាប់​ជួយ​ស្រោចស្រង់​ប្រទេស​ក្រិក​ឲ្យ​ចៀសផុត​ពី​ធនក្ស័យ​និង​ដើម្បី​កុំឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ​នេះ​រីក​រាលដាល​ដល់​ប្រទេស​ដទៃទៀត​នៃ​តំបន់​ប្រើ​ប្រាក់អឺរ៉ូ។​ ជាថ្នូរ​ប្តូរ​នឹង​ជំនួយ​ហិរញ្ញវត្ថុ​នេះ​ ​ ទីក្រុង​អាថែន​ត្រូវតែ​បន្ត​អនុវត្ត​វិធានការ​ត្បិតត្បៀត​របស់ខ្លួន។

លោក​ Geoerges Papandréou នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ក្រិក​
លោក​ Geoerges Papandréou នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ក្រិក​ ©​ Reuters
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ក្រិក​បាន​ធ្វើការ​សុំ​ជា​ផ្លូវការ​ហើយ​នូវ​ “ផែនការ​ជំនួយ​ថ្មី”​ពី​សហភាព​អឺរ៉ុប​និងពី​មូលនិធី​រូបិយវត្ថុ​អន្តរជាតិ​ FMI ​។​ ក៏ប៉ុន្តែ​ទីក្រុង​អាថែន​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​សភាក្រិក​អនុម័ត​ជាមុនសិន​ចាប់ពី​ពេលនេះ​ទៅទល់​ចុងខែ​មិថុនា​ នូវ​វិធានការ​ត្បិតត្បៀត​ថ្មី​មួយ​ចំនួន​ ​ ទើប​គេព្រម​ផ្តល់​ជំនួយ​វគ្គចុងក្រោយ​នៃ​ “ផែនការ​ទី១​ជួយ​ស្រោចស្រង់​ប្រទេសក្រិក”​ដែល​មាន​ចំនួន​ទឹកប្រាក់​១១០ពាន់លាន​អឺរ៉ូ​ដែល​គេបាន​អនុម័ត​កាលពីឆ្នាំទៅ។

 
ហេតុដូច្នេះហើយ​ ​ បានជា​លោក​ Geoerges Papandréou នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ក្រិក​បាន​អញ្ជើញ​មក​ធ្វើការ​បញ្ជាក់​ដើម្បី​ឲ្យ​អ្នកដឹកនាំ​អឺរ៉ុប​មាន​ទំនុកចិត្ត​កក់ក្តៅ​ ​ ដោយបាន​អះអាង​ថា​ ​ រដ្ឋាភិបាល​ក្រិក​បាន​ប្តេជ្ញាចិត្តថា​ នឹង​អនុវត្ត​តាម​វិធានការ​ត្បិតត្បៀត​និង​ធ្វើ​កំណែ​ទម្រង់​ ​ ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ក្រិក​ស្គាល់​ស្ថិរភាព​ឡើងវិញ​ ​ ទោះបីជា​ប្រទេស​ក្រិក​ត្រូវធ្វើ​ពលិកម្ម​យ៉ាងណា​ក៏ដោយ។

ជាថ្នូរ​ប្តូរ​មកវិញ​ ​ ទីក្រុង​អាថែន​​សង្ឃឹមថា​ ​ អ្នកផ្តល់​ជំនួយ​នឹង​រៀបចំ​ឲ្យ​មាន​យ៉ាងឆាប់​រហ័ស​នូវ​ “ផែនការ​ជំនួយ​ទីពីរ​ដើម្បី​ជួយ​ស្រោចស្រង់​ប្រទេសក្រិក”​ ​ នៅ​ខែកក្កដា​ខាងមុខនេះ។​ “ផែនការ​ជំនួយ​ទីពីរ​”​នេះ​ ​ អាចមាន​ចំនួន​ទឹកប្រាក់​លើសពី​១០០ពាន់លាន​អឺរ៉ូ​ ​ ហើយនឹង​មាន​សហភាព​អឺរ៉ុប​និង​មូលនិធី​រូបិយវត្ថុ​អន្តរជាតិ​ FMI ​ជា​អ្នក​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ឲ្យ​ប្រទេស​ក្រិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ