អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អឺរ៉ុប​និង​អូតង់​នាំ​គ្នា​រំលឹក​ខ្លាំង​អំពី​កម្លាំង​ទ័ព​ ដើម្បី​សម្លុត​រុស្ស៊ីឬ​?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៊ុលហ្ការី រ៉ូមានី តួកគី ប្រទេស​ជា​សមាជិក​អង្គការ​អូតង់​តាម​​បណ្តោយ​សមុទ្ទ​ខ្មៅ បានចូល​រួម​ ​ជា​មួយ​សមាជិក​បួន​ប្រទេស​ផ្សេង​ទៀត របស់​​អង្គការ​សម្ព័ន្ធ​អាត្លង់ទិក​ ធ្វើ​​សមយុទ្ធ​ជើង​ទឹក នៅ​ក្នុង​សមុទ្ទ​ខ្មៅ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ជ្រោយ​គ្រីមេ ដែល​រុស្ស៊ី​ចាប់​យក​ធ្វើ​ជា​រណប​កាលពី​ឆ្នាំ​ទៅ។ ទន្ទឹម​គ្នា​នេះ នៅ​ខាង​អឺរ៉ុប​វិញ គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាស​ចង់​ឱ្យ​សហភាព​អឺរ៉ុប​បង្កើត​កង​ទ័ព​រួម។ ដំណោះស្រាយ​តាម​ផ្លូវ​ការ​ទូត​មិន​សូវ​បាន​លទ្ធផល ដល់​​វេលា​ដែល​អឺរ៉ុប​និង​សម្ព័ន្ធមិត្តអូតង់​​ ត្រូវ​បង្ហាញ​សាច់​ដុំ​កំញោញ​រុស្ស៊ី​ឬ​យ៉ាង​ណា ?

ទាហាន​ប៊ុលហ្ការី​បើក​ស្រោម​កាណុង ជា​សញ្ញា​ចេញ​ធ្វើ​សមយុទ្ធ​​នៅសមុទ្ទ​ខ្មៅ​ជាមួយ​អូតង់
ទាហាន​ប៊ុលហ្ការី​បើក​ស្រោម​កាណុង ជា​សញ្ញា​ចេញ​ធ្វើ​សមយុទ្ធ​​នៅសមុទ្ទ​ខ្មៅ​ជាមួយ​អូតង់ © Reuters
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ពេល​ដែល​អឺរ៉ុប​និង​រុស្ស៊ី កំពុង​ប្រឈម​ដាក់​គ្នា​យ៉ាង​តាន​តឹង ប្រធានគណៈកម្មការ​អឺរ៉ុប​បាន​បង្ហាញ​ឆន្ទៈ​ចង់​ឱ្យ​សហភាព​អឺរ៉ុប​បង្កើត​កម្លាំង​កង​ទ័ព​រួម​ មាន​រចនា​សម្ព័ន្ធ​យោធា​ថ្នាក់​សហភាព​ មិន​​មែន​​​កំរិត​ត្រឹ​ម​​មាន​នយោបាយ​សន្តិសុខ​និង​ការពារជាតិ​រួម​គ្នា តែ​កងទ័ព​ស្ថិត​ក្រោម​អំណាច​ប្រទេស​រៀងៗ​ខ្លួន​ឡើយ។ នេះ​មិន​មែន​ជា​គំនិត​ថ្មី​ថ្មោង​ឡើយ ! ជាង​៦០​ឆ្នាំ​ហើយ​ដែល​សហគមន៍​អឺរ៉ុប​ចង់​មាន​ប្រព័ន្ធ​ការពារ​ជាតិរួម តែមិន​បាន​សម្រេច។ មាន​ប្រទេស​តិច​ណាស់ ដែល​សុខ​ចិត្ត​បូព៌ា​បូរណភាព​ជាតិ​ទៅ​បង្កើត​សហព័ន្ធ​យោធា​ថ្នាក់​អឺរ៉ុបនោះ។ អ្នក​ខ្លះ ហ៊ាន​ទាំង​អះអាង​ថា​វា​ជា​ការ​ស្រមើ​ស្រមៃ​ ភាន់​ភ្នែក​ជ្រុល​ពេក​ហើយ​​ ! រហូត​មក​ទល់​នឹង​ពេល​នេះ កម្លាំង​កងទ័ព​របស់​អឺរ៉ុប​ហាក់​បែង​ចែក​ជា​ក្រុម​ជា​ពួក​ខ្លាំង​ណាស់ ៖ មានក្រុម​ប្រទេស​ធំៗ​ បារាំង​អាល្លឺម៉ង់ មួយ​ក្រុម​ដឹក​មុខ​​ដោយ​អង់គ្លេស​  ឯ​ក្រុម​ប្រទេស​តូចៗ​វិញ​ពឹង​ពំនាក់​អាស្រ័យ​លើ​អូតង់ច្រើន មិន​ចង់​ជ្រកក្រោម​ផ្លាក​សហភាព​អឺរ៉ុប​មិន​ប្រាកដ​ប្រជា​ឡើយ។ ​

ប៉ុន្តែ​នៅ​លើក​នេះ ជា​មួយ​បរិបទ​តាន​តឹង​ជាមួយ​ម៉ូស្គូ​​ អឺរ៉ុប​អាច​ប្តូរ​គំនិត​ចាប់​គិត​គូរ​ជា​ថ្មី​ឡើង​វិញ ទេ​ដឹង?! បើ​តាម​អំណះ​អំណាង​របស់​លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ ​បើ​អឺរ៉ុប​មានកម្លាំង​ទ័ព​រួម នោះរុស្ស៊ី​នឹង​​មើលអឺរ៉ុបក្នុង​ក្រសែ​ភ្នែក​ផ្សេង ឯ​ចំណាយ​ថវិកា​ផ្នែកការពារ​ជាតិ​ក៏​អស់​តិច​សម្រាប់​សមាជិក​ទាំង​២៨។

អូតង់​ក៏ភ្ញាក់​ស្មារតី​​ដែរ ! តាំង​ពី​វិបត្តិ​នៅអ៊ុយក្រែន​បាន​ផ្ទុះ​ឡើង ក្រុម​សមាជិក​អឺរ៉ុប​​នៅ​ភាគ​ខាង​កើត​ និង​ជា​ខ្លះ​អតីត​សហភាព​សូវៀត​ផង បាន​ងាក​ទៅ​រក​ការ​ការពារ​ពី​អាមេរិក​ ដើម្បី​គេច​ខ្លួន​ពី​ការ​គំរាម​កំហែង​របស់​រុស្ស៊ី។​ ​អូតង់ បាន​រក​ឃើញ​តួនាទី​ដើម វិល​មក​ដើរ​តួនាទី​​ជា​អ្នក​ការពារ​សមូហភាព ពី​ការ​ឈ្លានពាន​របស់​អ្នក​ក្រៅ។ អូតង់ បាន​រៀប​ចំ​​ធ្វើ​សមយុទ្ធ​ជា​ញឹក​ញយ​នៅ​ភាគ​ខាងកើត​អឺរ៉ុប ដើម្បី​កាត់​បន្ថយ​ក្តី​ព្រួយ​បារម្ភ​របស់​ប្រទេស​ជា​សមាជិក។ តាំង​ពី​ថ្ងៃអង្គារ​ទី ១០​មីនា​មក នាវា​មីស៊ីល​អាមេរិក នាវា​ចម្បាំង​ នាវា​មុជទឹក​​របស់​​សមាជិក​សម្ព័ន្ធ​​អូតង់ ៦​ប្រទេសផ្សេង​ទៀត​ បូក​បន្ថែម​ដោយ​ការ​ចូល​រួម​របស់​ប៊ុលហ្ការី រ៉ូមានី និង​តួកគី ព្រមទាំង​កាណាដា អាល្លឺម៉ង់ និង​អ៊ីតាលី បាន​មក​ប្រមូល​ផ្តុំ​គ្នា​ក្នុង​សមុទ្ទ​ខ្មៅ ជា​កិច្ច​ចាប់​ផ្តើម​សមយុទ្ធ​ជើង​ទឹក​រួម​គ្នា។

ជា​អតីត​ប្រទេស​ជំនិត​នឹង​សហភាព​សូវៀត ប៊ុលហ្ការី បានក្លាយ​ជា​សមាជិក​អូតង់​​នៅ​ឆ្នាំ​២០០៤ និង​បាន​ចូល​រួម​ជា​ពិសេស​ក្នុង​សមយុទ្ធ​លើក​នេះ ក្នុង​លំហាត់​ត្រៀម​ប្រយុទ្ធ​តប​ត​នឹង​ការ​វាយប្រហារ​តាម​ផ្លូវអាកាស​និង​ក្រោម​ទឹក។ ម្យ៉ាង​វិញ​ទៀត កងទ័ព​អាមេរិក​ប្រមាណ​ជាង​បី​រយ​នាក់​ រថក្រោះ​៧៥០​គ្រឿង រថយន្ត សម្ភារៈ​យោធា​ជាច្រើន​ទៀត បានបញ្ជូន​​ទៅ​ដល់​ប្រទេស​លីទុយអានី​ ក្នុង​ក្របខ័ណ្ឌ​សមយុទ្ធ​ ការពារ​សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់ ដែល​ព្រួយ​បារម្ភ​នឹង​ការ​គំរាម​កំហែង​រុស្ស៊ី។

​ក៏​ប៉ុន្តែ​សម្រាប់​រុស្ស៊ី ទង្វើ​របស់​អូតង់ និង​សហរដ្ឋ​អាមេរិកថ្ងៃ​នេះ​ គឺ​ជា​ការ​បង្ក​ហេតុ​សុទ្ធ​សាធ​ ! ជា​ទង្វើ​ដែល​មិន​ធានា​ដល់​ស្ថិរភាព​ និង​ដំណើរ​ការ​សន្តិភាព​នៅ​អ៊ុយក្រែន​សោះ។ បើ​អូតង់​គ្មាន​ទំនុក​ចិត្ត​លើ​រុស្ស៊ី​ទៅហើយ ម៉ូស្គូ​មាន​តែ​ត្រូវ​បង្ខំ​ចិត្ត​ចាត់​វិធានការ​តប​វិញ​ឱ្យ​បាន​សក្តិសម។ នេះ​បើ​សម្តី​នាយក​ដេប៉ាតឺម៉ង់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អឺរ៉ុប​នៃ​ក្រសួងការបរទេស​រុស្ស៊ី។

រុស្ស៊ី​បាន​ប្រកាស​ភ្លាម​នៅ​ថ្ងៃ​អង្គារ​ដក​ខ្លួន​ចេញ​ពី​​គណៈកម្មាធិការ​​ត្រួត​ពិនិត្យ​​​គោរព​សន្ធិសញ្ញា​ស្តី​ពី​ ​យោធា​នៅ​អឺរ៉ុប។ ប៉ុន្តែ​រុស្ស៊ី​ត្រៀម​ទៅ​ពិភាក្សា​លើ​សន្ធិសញ្ញា​ថ្មី​ដែល​ឆ្លើយ​តប​ទៅនឹង​ស្ថានភាព​ពិត​នា​ពេល​បច្ចុប្បន្ន​ផង​និង​ឆ្លើយ​តប​ដល់​ផល​ប្រយោជន៍​រុស្ស៊ីផង។ អូតង់​ខក​ចិត្ត តែ​ការ​ដក​ខ្លួន​ចេញ​នេះ​​​មិន​មែន​ជា​ការ​ភ្ញាក់​ផ្អើល​អ្វី​ឡើង ព្រោះ​រុស្ស៊ី​ ដែល​ជា​ប្រទេស​ហត្ថលេខី​មួយ​ដែរ បាន​ព្យូរ​សកម្មភាព​របស់​ខ្លួន​តាំង​ពី​ឆ្នាំ​២០០៧មក​ម្ល៉េះ។

សន្ធិសញ្ញា​ត្រួតពិនិត្យ​អាវុធ​អឺរ៉ុប​នេះ​ ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩០ ដោយ​តំណាង​​​សមាជិក​អូតង់​ទាំង​២២​ និងកត្តិការ​សញ្ញា​ក្រុង​វ៉ាសូវី មាន​​​កំណត់​អំពី​កំរិត​នៃ​អាវុធ​យុទ្ធភណ្ឌ រថក្រោះ រថពាស​ដែក​ ឧទ្ធម្ភាគចក្រ​ យន្តហោះ​ចម្បាំង​ ឬ​កាំភ្លើង​ធុន​ធ្ងន់ ដែលរដ្ឋ​នីមួយៗ​អាច​ដាក់​ពង្រាយ​​ក្នុង​តំបន់​នៃ​ដែន​ឥទ្ធិពល​របស់​សន្ធិសញ្ញា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ