អានតួអត្ថបទ
បែលហ្ស៊ិក-អូតង់

អូតង់​ពង្រឹង​កម្លំាង​នៅ​អឺរ៉ុប​ខាងកើត ដោយ​បង្កើត​កម្លំាងទ័ពថ្មី​ចំនួន ៥ ០០០នាក់ និង​អគ្គបញ្ជាការដ្ឋាន​ថ្មី​ចំនួន ៦កន្លែង

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៥ មករា អង្គការ​អូតង់​បាន​សម្រេច​ពង្រឹង​កម្លំាង​ការពារ​នៅ​ប៉ែកខាងកើត ដោយ​បង្កើត​កម្លំាងទ័ព​ថ្មី​ចំនួន ៥ ០០០នាក់ និង​អគ្គបញ្ជាការដ្ឋាន​ថ្មី​ចំនួន ៦ នៅ​ក្នុង​បណ្តា​ប្រទេស​អឺរ៉ុប​ខាងកើត​ដែល​ជា​អតីត​រដ្ឋ​ក្នុង​សម័យ​សហភាពសូវៀត។ ការ​សម្រេច​យ៉ាង​ដូច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក នា​សម័យ​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការពារជាតិ​របស់​ប្រទេស​សមាជិក​អង្គការ​អូតង់។ គោលដៅ គឺ​ដើម្បី​ប្រឈម​ទប់​នឹង​មហិច្ឆតា​វាតទី ក៏​ដូច​ជា​ការ​គំរាមកំហែង​របស់​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​តំបន់។

លោកអគ្គលេខាធិការអូតង់ Jens Stoltenberg
លោកអគ្គលេខាធិការអូតង់ Jens Stoltenberg REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

កម្លំាងទ័ព​ថ្មី​របស់​អង្គការ​អូតង់​ដែល​មាន​គ្នា​ចំនួន ៥ ០០០នាក់​នេះ​ត្រូវ​បាន​គេ​ហៅ​ថា ជា​កម្លំាង​ប្រតិកម្ម​រហ័ស និង​ដែល​អាច​ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នំា ២០១៦ ខាង​មុខ។ មក​ដល់​ពេល​នេះ មាន ៦ប្រទេស គឺ​បារំាង អាល្លឺម៉ង់ អ៊ីតាលី ប៉ូឡូញ អេស្បាញ និង​ប្រទេស​អង់គ្លេស​ដែល​បាន​ប្រកាស​ចូលរួម​នៅ​ក្នុង​កម្លំាង​ថ្មី​នោះ​មុន​គេ។ លោក​អគ្គលេខាធិការ​អូតង់ Jens Stoltenberg បាន​ប្រាប់​ឲ្យ​ដឹង​ថា កម្លំាង​ប្រតិកម្ម​រហ័ស​ដែល​មាន​គ្នា​ប្រមាណ​ជា ៥ ០០០នាក់​នោះ គឺ​ជា​ទ័ពថ្មើរជើង​សុទ្ធសាធ តែ​នឹង​មាន​ការ​ជួយ​គំាទ្រ​ពី​កម្លំាងទ័ព​ជើងអាកាស និង​ជើងទឹក​នៅ​ក្នុង​ករណី​ចេញ​ប្រតិបត្តិការ។ ការ​បង្កើត​ឲ្យ​មាន​កម្លំាងទ័ព​ថ្មី​អូតង់​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​រុស្ស៊ី​កំពុង​បន្ត​គំរាម​វាតទី​នៅ​អឺរ៉ុបខាងកើត ពិសេស​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​សព្វថ្ងៃ។

តែ​ដើម្បី​កុំ​ឲ្យ​រុស្ស៊ី​ក្តៅក្រហាយ មូលដ្ឋាន​របស់​កម្លំាងទ័ព​ថ្មើរជើង​អូតង់​នឹង​ត្រូវ​បោះទីតំាង​នៅ​អឺរ៉ុបប៉ែក​ខាង​លិច តែ​ត្រូវ​ចូលរួម​សមយុទ្ធ​នៅ​ក្នុង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ដែល​អតីត​រដ្ឋ​ក្នុង​សម័យ​សហភាព​សូវៀត។ ក្រៅ​ពី​ត្រៀម​ខ្លួន​ដើម្បី​អន្តរាគមន៍​នៅ​ក្នុង​ដែនដី​អឺរ៉ុប កម្លំាងទ័ព​ថ្មី​អូតង់​ក៏​នឹង​អាច​ចូល​ទៅ​អន្តរគមន៍​នៅ​ក្នុង​តំបន់​អាហ្រ្វិកខាងជើង និង​តំបន់​ដើមបូព៌ា​ដែរ។ ទន្ទឹម​នឹង​ការ​បង្កើត​កម្លំាងទ័ព​ថ្មី អង្គការ​អូតង់​ក៏​បាន​សម្រេច​បង្កើត​អគ្គបញ្ជាការដ្ឋាន​ថ្មី​ចំនួន ៦ នៅ​ក្នុង​ប្រទេស​ប៊ុលហ្គារី អេស្តូនី ឡេតូនី លីទុយអានី ប៉ូឡូញ និង​ប្រទេស​រូម៉ានី​ដែល​សុទ្ធសឹង​ជា​អតីត​រដ្ឋ​ក្នុង​សម័យ​សហភាព​សូវៀត។

លោក Jens Stoltenberg បាន​បញ្ជាក់​ថា ការ​បង្កើត​អគ្គបញ្ជាការដ្ឋាន​នៅ​ក្នុង​អតីត​រដ្ឋ​ក្នុង​សម័យ​សហភាព​សូវៀត គឺ​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ដល់​ប្រទេស​ក្បែរ​ខាង​រុស្ស៊ី​ទំាង​នោះ​នៅ​ចំពោះ​មុខ​ការ​គំរាមកំហែង​របស់​ក្រុង​ម៉ូស្គូ។ ប្រមុខ​អង្គការ​អូតង់​រូប​នេះ​ដដែល​បាន​បន្ថែម​ថា ក្នុង​ករណី​ដែល​មាន​វិបត្តិ​ថ្មី កម្លំាងជាតិ​របស់​ប្រទេស​ពាក់ព័ន្ធ រួម​នឹង​កម្លំាងអូតង់​អាច​នឹង​ចេញ​ប្រតិបត្តិការ​រួម​គ្នា​ភ្លាមៗ​ជា​បន្ទាន់។ យោង​តាម​លោក Jens Stoltenberg នេះ​ជា​ការ​ពង្រឹង​កម្លំាង​ការពារ​ដ៏​សំខាន់​មួយ​ដែល​អូតង់​មិន​ធ្លាប់​បាន​ធ្វើ​ទេ គិត​តំាង​ពី​ការ​បញ្ចប់​សង្រ្គាមត្រជាក់​មក​ដល់​បច្ចុប្បន្ន និង​ថា វា​ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​គំរាមកំហែង​របស់​រុស្ស៊ី​ដែល​បាន​រំលោភបំពាន​ច្បាប់អន្តរជាតិ​ដោយ​ចូល​ទៅ​យក​ដី​គ្រីមេ​របស់​អ៊ុយក្រែន និង​ដែល​កំពុង​ព្យាយាម​ត្របាក់​យក​តំបន់​ប៉ែកខាងកើត​អ៊ុយក្រែន​ទៀត​នៅ​ពេល​នេះ។

ទាក់ទង​នឹង​ការ​សុំជំនួយ​​អាវុធ​របស់​ពី​រដ្ឋាភិបាល​អ៊ុយក្រែន​ដើម្បី​ប្រឈម​ទប់​នឹង​ពួក​ឧទ្ទាម​បះបោរ លោក Jens Stoltenberg បាន​គូស​បញ្ជាក់​ជា​ថ្មី​ថា អង្គការ​អូតង់​អត់​មាន​អាវុធ​ក្នុង​ដៃ​ទេ និង​បាន​ទម្លាក់​រឿង​នេះ​ទៅ​ឲ្យ​ប្រទេស​សមាជិក​អូតង់​ជា​សម្រេចចិត្ត​រៀងៗ​ខ្លួន។ តែ​នៅ​ក្នុង​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ព្រុចសែល មាន​រដ្ឋមន្រ្តី​ការពារជាតិ​នៃ​ប្រទេស​សមាជិក​អូតង់​ជា​ច្រើន​បាន​បង្ហាញ​ជំហរជំទាស់​នឹង​ការ​បញ្ជូន​អាវុធ​ឲ្យ​អ៊ុយក្រែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ