អានតួអត្ថបទ

ប្រធាន​គណៈកម្មការ​អឺរ៉ុប​ចង់ឲ្យ​សហភាព​អឺរ៉ុប​បង្កើត​កងទ័ព​រួម

ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​អំពាវនាវ​ កាល​ពីថ្ងៃ​អាទិត្យ​ ឲ្យ​សហភាព​អឺរ៉ុប​ដែល​មាន​ ​សមាជិក​ចំនួន ២៨​​ប្រទេស បង្កើត​កងទ័ព​រួមគ្នា​។ ការអំពាវនាវ​ឲ្យ​បង្កើត​កងទ័ព​សហភាព​អឺរ៉ុប​នេះ​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​ទំនាក់ទំនង រវាង​អឺរ៉ុប និង​រុស្ស៊ី កំពុងតែ​ស្ថិត​ក្នុង​ភាព​តានតឹង​យ៉ាងខ្លាំង ដោយសារ​តែ​វិបត្តិ​នៅ​អ៊ុយក្រែន។

European Commission President Jean-Claude Juncker addresses a news conference following a European Union leaders summit in Brussels December 18, 2014.
European Commission President Jean-Claude Juncker addresses a news conference following a European Union leaders summit in Brussels December 18, 2014. Reuters/路透社
ផ្សាយពាណិជ្ជកម្ម

ការបង្កើត​កងទ័ព​រួម​អាច​នឹង​បង្កើន​សមត្ថភាព​សហភាព​អឺរ៉ុប​ក្នុងការ​ប្រឈមមុខ​នឹង​ការ​គំរាមកំហែង​ពី​ខាងក្រៅ ក៏ដូចជា ដើម្បី​ការពារ​នូវ​​គោលគំនិត​​ជាមូលដ្ឋាន​​របស់​សហភាព​អឺរ៉ុប។ នេះ​គឺ​ជា​ការលើកឡើង​របស់​លោក Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​អាល្លឺម៉ង់ នៅថ្ងៃ​អាទិត្យ។

លោក​ Jean-Claude Juncker បាន​ធ្វើការ​ពន្យល់​ថា ការ​បង្កើត​កងទ័ព​សហភាព​អឺរ៉ុបនេះ​មិនមែន​ដើម្បី​យក​ទៅប្រើភ្លាមៗ​នៅ​ពេលនេះ​ទេ ក៏ប៉ុន្តែ ប្រសិនបើ​សហភាព​អឺរ៉ុប​មាន​កងទ័ព​រួមគ្នា​ វា​អាច​នឹង​ធ្វើ​ឲ្យ​រុស្ស៊ី​​មើល​ឃើញ​ពី​ភាព​ប្តូរផ្តាច់​របស់​សហភាព​អឺរ៉ុប ក្នុងការ​ការពារ​គោលគំនិត​ជាមូលដ្ឋាន​របស់​ខ្លួន។ ម្យ៉ាងទៀត ការ​បង្កើត​កងទ័ព​រួម​នេះ​ក៏​អាច​ជួយ​ផងដែរ​​ឲ្យ​អឺរ៉ុប​អាច​អនុវត្តប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​នយោបាយ​ការបរទេស​របស់​ខ្លួន។

ក៏ប៉ុន្តែ សំណើ​បង្កើត​កងទ័ព​សហភាព​អឺរ៉ុប​នេះ ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន មិន​សប្បាយចិត្ត ជាពិសេស អង់គ្លេស ដែល​តែងតែ​ប្រឆាំង​នឹង​ការ​បង្កើន​សមាហរ័ណកម្ម​នៅ​ក្នុង​សហភាព​អឺរ៉ុប​ឲ្យលើស​ពី​អ្វី​ដែល​បាន​ធ្វើ​រួចមកហើយ។ ផ្ទុយទៅវិញ សំណើ​នេះ​ទទួល​បាន​នូវ​ការ​គាំទ្រ​ពី​សំណាក់​អាល្លឺម៉ង់ ដែល​ជាទូទៅ​តែងតែ​​ចង់​ឲ្យ​សហភាព​អឺរ៉ុបធ្វើ​សមាហរ័ណកម្ម​បន្ថែម​ទៀត នៅ​ក្នុង​ចក្ខុវិស័យ​ចង់​បង្កើត​ទៅ​ជា​រដ្ឋ​សហព័ន្ធ ទៅថ្ងៃ​អនាគត។

កាល​ពី​ខែ​មុននេះ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាល្លឺម៉ង់​ធ្លាប់​បាន​ប្រកាស​រួចទៅហើយ​​អំពី​ក្តីស្រម័យ​ថា នៅ​ថ្ងៃ​ណាមួយ កូនចៅ​ជំនាន់ក្រោយ​នឹង​បាន​មើល​ឃើញ​ “សហរដ្ឋ​អឺរ៉ុប” មួយ ដែល​ជា​រដ្ឋ​សហព័ន្ធ មាន​កងទ័ព​ផ្ទាល់ខ្លួន។

គួរបញ្ជាក់ថា ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​បាន​ធ្វើ​សមាហរ័ណកម្ម​នៅ​ក្នុង​វិស័យ​ជាច្រើន រហូត​លុបចោល​ព្រំដែន​រវាង​គ្នា បើក​ឲ្យ​មាន​ចរាចរណ៍​ដោយសេរី ព្រមទាំង​មាន​នយោបាយ​រួមគ្នា​ជាច្រើន ក៏ប៉ុន្តែ សមាហរ័ណកម្ម​នៅ​ក្នុង​វិស័យ​ការពារជាតិ​តែងតែ​ជា​បញ្ហា​ចម្រូងចម្រាស​ ដោយសារ​តែ​កងទ័ព គឺ​ជា​និមិត្តរូប​នៃ​អធិបតេយ្យ​របស់​ប្រទេស​ជា​សមាជិក។ គេ​នៅ​ចាំបាន​ថា កាល​ពី​ឆ្នាំ​១៩៥៤ អឺរ៉ុប​ធ្លាប់​មាន​គម្រោង​​ដាក់វិស័យ​ការពារជាតិ​រួមគ្នា​ និង​បង្កើត​កងទ័ព​រួមគ្នា​ម្តងរួចមកហើយ ក៏ប៉ុន្តែ គម្រោង​នេះ​ត្រូវ​ទទួល​បរាជ័យ​ទៅវិញ ដោយសារ​តែ​មាន​ការជំទាស់​ពី​សភា​បារាំង។

បច្ចុប្បន្ន​នេះ សហភាព​អឺរ៉ុប​មាន​​នយោបាយ​​​សន្តិសុខ និង​ការពារជាតិ​​រួមគ្នា (Politique commune de sécurité et de défense) ព្រមទាំង​បាន​បង្កើត​អង្គភាព​ទ័ព​​ប្រតិកម្ម​រហ័សរួមគ្នាមួយ (Eurofor) ក៏ប៉ុន្តែ កងទ័ព​ទាំងនេះ​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ប្រទេស​ជា​សមាជិក​រៀងៗខ្លួន ដោយ​មិន​មានរចនាសម្ព័ន្ធ​យោធា​ថ្នាក់​សហភាព​អឺរ៉ុប​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ