អានតួអត្ថបទ
បារាំង

បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត ៖ គណបក្ស​ស្តាំ​ជ្រុល​និយម​កំពុង​ចាក់​ឬស​ជា​ចរន្ត​ទី​បី​នៃន​យោបាយ​បារាំង

នៅ​ថ្ងៃ​អាទិត្យ​ទី ២២ មីនា ម្សិលមិញ បារាំង​បាន​រៀប​ចំ​បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​ជុំ​ទី​មួយ។ ជុំ​ទីពីរ​នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​អាទិត្យ​សប្តាហ៍​ក្រោយ។ លទ្ធផល​បណ្តោះ​អាសន្ន​ដំបូង បាន​បង្ហាញ​ថា​គណបក្ស​ស្តាំ​និយម​UMP ដែល​ដឹក​នាំ​ដោយ​លោក​នីកូឡា សាកូហ្ស៊ី (អតីត​ប្រធានាធិបតី​បារាំង) បាន​នាំ​មុខ​គេ។ គណបក្សសង្គមនិយម PS ដែល​កំពុង​​កាន់​អំណាច​វិញ បាន​បាត់​សំឡេង​យ៉ាង​ច្រើន។ ប៉ុន្តែ​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង​គឺ​គណបក្ស​ស្តាំ​ជ្រុលនិយម FN បាន​កើន​សំឡេង​ខ្លាំង​មិន​ធ្លាប់​មាន មក​ឈរ​នៅ​លំដាប់​ទីពីរ។  ឯ​អត្រា​អ្នក​ចូល​រួម​បោះឆ្នោត​ក៏​ខ្ពស់។

លោកស្រី Marine Le Pen ប្រធាន​គណបក្ស​ស្តាំជ្រុល​និយម រណសិរ្ស​ជាតិ
លោកស្រី Marine Le Pen ប្រធាន​គណបក្ស​ស្តាំជ្រុល​និយម រណសិរ្ស​ជាតិ REUTERS/Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

គណបក្ស​ស្តាំ​និយមUMP ​ដែល​មាន​លោក​នីកូឡា សាកូហ្ស៊ី (Nicola Sarkozy) ជា​ប្រធាន កំពុង​នាំ​មុខ​គេ ដោយ​បាន​ទទួល​សំឡេង​គាំទ្រ​ប្រមាណ​ ជា​៣៩%។ គណបក្ស​ស្តាំ​ជ្រុលនិយម​របស់​លោកស្រី ម៉ារីន ឡឺប៉ែន​(Marine Le Pen) ២៥% បាន​ឡើង​មក​ឈរ​នៅ​លំដាប់​ទីពីរ។ ឯគណបក្ស​សង្គម​និយម​កំពុង​កាន់​អំណាច និង​មាន​ភាព​ប្រេះ​ឆា​ក្នុង​រង្វង់​អ្នក​ឆ្វេង​និយម​ដូច​គ្នា បាន​ទទួល​សំឡេងត្រឹម​​ប្រមាណ ពី​ ២១​ ទៅ ២៥​%។ ប៉ុន្តែ​គណបក្ស​​នេះ​សង្ឃឹម​ថា​នឹង​អាច​ដណ្តើម​សំឡេង​មក​នាំ​មុខ​គណបក្ស​ស្តាំ​ជ្រុល​និយម​របស់​លោកស្រី​ ម៉ារីន​ឡឺប៉ែន​វិញ នៅ​ពេល​បូក​សរុប​សំឡេង​និង​លទ្ធផល​ចុង​ក្រោយ។

 

លោក​នីកូឡាសាកូហ្ស៊ី អតីត​ប្រធានាធិបតី​បារាំង​ ដែលទើប​វិល​ចូល​ឆាក​នយោបាយ សង្ឃឹម​លើ​លទ្ធផល​ឆ្នោត​​នេះ​ហើយ សម្រាប់​សាង​ស្ពាន​អនាគត។ ជា​ជោគជ័យ​ដំបូង ក្នុង​នាម​​​លោក​ជា​ប្រធានបក្ស តែ​ក៏​ជា​ជោគជ័យ​សម្រាប់​រូប​លោក​ផ្ទាល់​ដែរ។ ជា​មួយ​លទ្ធផល​នេះ លោក  នីកូឡា សាកូហ្ស៊ី បាន​មើល​ឃើញ​ជា​ស្រេច​ ថា ​“​ការ​ប្តូរ​ឆ្លាស់​បាន​មក​ដល់​ហើយ ហើយ​ក៏គ្មាន​អ្វី​អាច​ទប់​ជាប់​ដែរ"។ ​ ទាំង​រូប​លោក ទាំង​នាយករ​ដ្ឋមន្ត្រី​នៃ​គណបក្ស​សង្គមនិយម​ កំពុង​បង្កើន​ការ​ឃោសនា និង​ប្រមូល​ផ្តុំ​ពលរដ្ឋ​ឱ្យ​ទៅ​បោះឆ្នោត​បាន​កាន់​ច្រើន​ថែម​ទៀត​។ ប៉ុន្តែ​លោក​បដិសេធ​មិន​ណែនាំ​ឱ្យ​​សកម្មជន​​និង​អ្នក​គាំទ្រ​បក្ស​UMP បោះឆ្នោត​​ឱ្យ​បេក្ខជន​បក្ស​សង្គមនិយម ឬ បេក្ខជន​បក្ស​រណសិរ្ស​ទេ ក្នុង​ករណី​បេក្ខជន​របស់​បក្ស​​អវត្តមាន ព្រោះ​ម្ខាង​មាន​នយោបាយ​ដែល​បក្ស​ចង់​ប្រយុទ្ធ​ប្រឆាំង និង​ម្ខាងទៀត​មាន​នយោបាយ​ខុស​គ្នា។

ចាញ់​ដោយ​កិត្តិយស

ការ​បដិសេធ​ដែល​បាន​ធ្វើ​ឱ្យ​នាយក​រដ្ឋមន្ត្រី​និង​គណបក្ស​សង្គមនិយម​ចាត់​ទុក​ថា​គ្មាន​ទំនួល​ខុស​ត្រូវ​។​ ផ្ទុយ​ទៅ​វិញ​ លោក​នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ ឱ្យ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ ទាំង​អស់ ក្នុង​នាម​ជា​អ្នក​សាធារណរដ្ឋ ទប់​ស្កាត់​បក្ស​ស្តាំ​ជ្រុលនិយម FN​ នៅ​ជុំ​ទីពីរ ដោយ​សុខ​ចិត្ត​បោះឆ្នោត​ឱ្យ​គណបក្ស​ប្រឆាំង​ UMP ប្រសិន​បើ​គណបក្ស​សង្គម​មិន​ឈរ​ឈ្មោះ។

​លោក​នាយករ​ដ្ឋមន្ត្រី​ ម៉ាណុយអែល វ៉ាល (Manuel Valls)នៃ​គណបក្ស​សង្គម​ ដែលជា​អ្នក​ដឹកនាំ​ឃោសនា​ផ្ទាល់​​ បាន​ចេញ​មុខ​ថ្លែង​សុន្ទរកថាក្រោយ​ការ​ប្រកាស​លទ្ធផល​បឋម​​ភ្លាម​ លើក​សរសើរ​អំពី​លទ្ធផល​ដែល​គណបក្ស​សង្គម​និយម​ទទួល​បាន ថា​ជា​លទ្ធផល​កិត្តិយស។ ជាពិសេស​ទៅ​ទៀត អ្វី​ដែល​លោក​រីករាយ​ខ្លាំង គឺ​មិន​បាន​ឃើញ​គណបក្ស​ស្តាំ​ជ្រុល​និយម FN ក្លាយ​ជា​គណបក្ស​ឈ្នះ​នាំមុខ​ទីមួយ នៅ​ក្នុង​ប្រទេស​បារាំង។ សូម​បញ្ជាក់​ថា ​គណបក្ស​ស្តាំ​ជ្រុល​និយម​បារាំង បាន​ឡើង​ប្រជា​ប្រិយភាព​យ៉ាង​ខ្លាំង​ នៅ​ក្នុងការ​បោះឆ្នោត​ចុងក្រោយ ជាក់​ស្តែង​ការ​បោះឆ្នោត​សភា ការ​បោះឆ្នោត​ឃុំ​សង្កាត់ និង​ពិសេស​ការ​បោះឆ្នោត​អឺរ៉ុប ដែល​FN បាន​ក្លាយ​ជា​បក្ស​នាំ​មុខ​គេ​។

 
ដំណើរ​ឆ្ពោះ​ទៅ​រក​កម្លាំង​នយោបាយ​បី​នៅ​ពេល​បោះឆ្នោត

អ្នក​នយោបាយ​បារាំង​ទំនង​ត្រូវ​បោះបង់​ទម្លាប់​ចាស់ ចំណាស់ ជាង​៧០​ឆ្នាំ ដោយ​ចាប់​ទទួល​យក​ទិដ្ឋភាព​ថ្មី ថា​នឹង​មាន​បក្ស​នយោបាយ​បី​ ជា​គូ​បក្ខដិបក្ខ ត្រូវ​ប្រកួត​ប្រជែង​គ្នា​ នៅ​ពេល​បោះឆ្នោត។ កម្លាំង​នយោបាយ​បី​នេះ គ្មាន​ឆន្ទៈ​ចង់​ដឹកនាំ​ប្រទេស​រួម​គ្នា​ទេ ហើយ​ក៏​ទំនង​ជា​មិន​អាច​ស្វែង​រក​ការ​ព្រមព្រៀង​ណាមួយ​ជាមួយ​គ្នា​បាន​ឡើយ​។ តែ​ទាំង​បី​នាក់​ក៏​ទំនង​ជា​អាច​អួត​អាង​ទាមទារ​យក​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​តែ​ម្នាក់​បាន​ទេ។

លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​ម្សិលមិញ​ជា​មេរៀន​។ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ខេត្ត​ជា​វិញ្ញាសាសាក​ល្បង​ចុង​ក្រោយ មុន​នឹង​ឈាន​ដល់​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី ឆ្នាំ​២០១៧ ដែល​គ្រប់​បក្ស​នយោបាយ​កំពុង​ផ្តោត​ចក្ខុ​រក។ ពីមុនៗមក គេ​ឃើញ​តែ​គណបក្ស​ធំៗ​ពីរ ស្តាំនិយម​UMP និង​ឆ្វេង​និយម​PS ​ប្រដេញ​សំឡេង​គ្នា និង​ឆ្លាស់​គ្នា​ជាប់​ឆ្នោត​។ ប៉ុន្តែ​នៅ​លើក​នេះ ថ្វី​ត្បិត​តែ​FN​របស់​លោកស្រី​ ឡឺប៉ែន មិន​ឈ្នះ​ឆ្នោត​លំដាប់​លេខ​មួយ​មែន ក៏​គណបក្ស​នេះ បាន​កើន​សំឡេង​ជា​លំដាប់ បាន​ឡើង​ដល់​កំរិត​ដែល​មិន​ធ្លាប់​មាន​ឡើយ ជាពិសេស​ការ​បោះឆ្នោត​ថ្នាក់​មូលដ្ឋានយ៉ាង​ដូច្នេះ។ បើ​ថ្នាក់​មូលដ្ឋាន ដែល​FN មិន​ធ្លាប់​មាន​ការ​គាំទ្រ​ផង​ គ្មាន​បេក្ខជន​ទៅ​ឃោសនា​​​​បោះឆ្នោត​ដល់​ផង បាន​លទ្ធផល​ប៉ុណ្ណឹង​ហើយ ចុះ​តើ​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​មុខ​នឹង​កើន​ឡើង​ប៉ុណ្ណា ?!

កាលពី​៥​ឆ្នាំ​មុន​ គណបក្សFN​មាន​តំណាង​តែ​ម្នាក់​គត់​បាន​ជាប់​ឆ្នោត ! តែ​នៅ​លើក​នេះ មាន​៨​នាក់​រួច​ទៅ​ហើយ បាន​ជាប់​ឆ្នោត​រួច​​​ ​នៅ​ជុំ​ទីមួយ​ និងកំពុង​​នាំ​មុខ​ក្នុង​ខេត្ត​ជាង​សែសិប ត្រូវ​បន្ត​ប្រកួត​ប្រជែង​នៅជុំ​ទីពីរ​។ តើ​​នរណា​ធ្លាប់​គិត​ស្រម៉ៃ​យ៉ាង​ដូច្នេះ កាលពី​ពីរ​បី​ឆ្នាំមុន ! គ្មាន​ទេ ! ហេតុ​ដូច្នេះបាន​ជា​​​លោកស្រី​ប្រមុខ​បក្ស​ ម៉ារីន ឡឺប៉ែន ត្រូវ​ស្រែក​យ៉ាង​ក្តែងៗ​​អំពី​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់ និង​ជា​ប្រវត្តិសាស្ត្រ នៅ​ថ្ងៃនេះ។ លោកស្រី​ ម៉ារីន ឡឺប៉ែន កំពុង​ចាក់​ឬស​​បក្ស​FN​នៅ​មូលដ្ឋាន ដែល​ជា​ស្ពាន​ដ៏​ចាំ​បាច់ ចម្លង​​លោកស្រី​ទៅ​រក​ការ​បោះឆ្នោត​ប្រធានាធិបតី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ