អានតួអត្ថបទ
តួកគី-ជនភៀសខ្លួន

ប្រធានាធិបតី​តួកគី​អ៊ួត​ថា អឺរ៉ុប​ទទួល​ជនភៀសខ្លួន មិន​បាន​ច្រើន​ដូច​តួកគី

លោក​ប្រធានា​ធិបតី​តួកគី​ដែល​កំពុង​តែ​បំពេញ​ទស្សនកិច្ច​ នៅ​ឥណ្ឌូណេស៊ី ​បាន​ឆ្លៀត​ថ្លែង​ចំអក ​ឲ្យ​ទៅ​ប្រទេស​នៅ​អឺរ៉ុប ​ថា​បាន​ព្រងើយ​កណ្តើយ ​មិន​ព្រម​ជួយ​សង្រ្គោះ​ជន​ភៀស​ខ្លួន​ រាប់​ម៉ឺន​នាក់ ​បណ្តោយ​ឲ្យ​ពួកគេ​ លង់​ទឹក​សមុទ្រ​ស្លាប់។ ខុស​ពី​តួកគី ​ដែល​កន្លង​មក​នេះ ​បាន​ទទួល​ជនភៀស​ខ្លួន​ ដល់​ទៅ​២លាន​នាក់ ​ក្នុង​ទឹកដី​របស់​ខ្លួន ​ដែល​ភាគ​ច្រើន​ ជា​ជនជាតិ​អ៊ីរ៉ាក់​ និង​ជនជាតិ​ស៊ីរី។ 

លោក ប្រធានាធីបតី តូួកគី និងលោក ប្រធានាធិបតីឥណ្ឌូណេស៊ី ក្នង​ពិធី ត្រួតពល នៅ​ក្រុងចាការតា
លោក ប្រធានាធីបតី តូួកគី និងលោក ប្រធានាធិបតីឥណ្ឌូណេស៊ី ក្នង​ពិធី ត្រួតពល នៅ​ក្រុងចាការតា REUTERS/Darren Whiteside
ផ្សាយពាណិជ្ជកម្ម

ឆ្លៀត​ក្នុង​ឱកាស ​ដែល​លោក​កំពុង​តែ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ទីក្រុង​ចាការតា ​រដ្ឋធានី​ប្រទេស​ឥណ្ឌូនេស៊ី ​លោក​ប្រធានាធិបតី​តួកគី​ អ៊ែកដូហ្គង់  ​បាន​និយាយ​បែប​ចំអក​ ដោយ​អួត​សរសើរ​ពី​ខ្លួន​លោក ​ហើយ​បន្តុះបង្អាប់​ក្រុម​ប្រទេស​សហភាពអឺរ៉ុប ​ទាក់ទិន​ទៅ​នឹង​ វិបត្តិ​ជន​ភៀស​ខ្លួន។

 
នៅក្នុង​សន្ទរកថា ​ដែល​លោក​ថ្លែង​នៅ​ក្នុង​ពិធី​តាំង​បង្ហាញ​គ្រឿង​សព្វា​វុធ​យោធា​ឥណ្ឌូណេស៊ី​​ លោក​អ៊ែកដូហ្កង់ ​ថ្លែង​ថា ​ប្រទេស​តួកគី​របស់​លោក ​បាន​ទទួល​ជន​ភៀសខ្លួន ​ដល់​ទៅ​២លាន​នាក់​ ​ចំនែក​ប្រទេស​សហភាព​អឺរ៉ុប​វិញ ​និយាយ​មិន​ត្រូវ​គ្នា ​ឱបដៃ​មើល​ទុក​ឲ្យ​ជន​ភៀស​ខ្លួន​ លង់​ទឹក​ស្លាប់​រាប់​ពាន់​នាក់។ លោក​បន្ត​ថា​ ប្រទេ​សហភាព​អឺរ៉ុប​ទាំងអស់​ ទទួល​ជន​ភៀស​ខ្លួន​ សរុប​ត្រឹមតែ ​២០ម៉ឺន​នាក់ ​ប៉ុណ្ណោះ ​ខណៈ​ដែល​តួកគី​តែមួយ​ ទទួល​ជន​ភៀស​ខ្លួន ​ស៊ីរី​ ដល់​ទៅ ១លាន​៧សែន​នាក់ ​និង​ជន​ភៀសខ្លួន​អ៊ីរ៉ាក់ ​៣សែន​នាក់។

ជា​ការ​ពិត​ណាស់ ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ​វិបត្តិ​ជន​ភៀសខ្លួន​ដែល​នាំ​គ្នា​គេចចេញ​ពី​ប្រទេស​ក្រីក្រ​ នៅ​អាហ្វ្រិក ​និង​តំបន់​មាន​សង្គ្រាម​នៅ​ដើម​បូព៌ា ​បាន​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​ ត្រូវ​គេ​រិះគន់ ​យ៉ាង​ខ្លាំង។ កាល​ពី​ចុង​ខែ​មិថុនា ​ជំនួប​កំពូល​អឺរ៉ុប ​ដែល​ប្រាថ្នា​ចង់​ធ្វើ​ការ​បែកចែក​កូតា​គ្នា ​ឲ្យ​ប្រទេស​នីមួយ ​ទទួល​យក​ជន​ភៀសខ្លួន​ ៦ម៉ឺន​នាក់  ​ត្រូវ​បាន​បរាជ័យ។ ប្រទេស​មួយ​ចំនួន​ ដូចជា​អង់គ្លេស​ជាដើម​ បាន​ប្រកែក​ដាច់​អហង្ការ​ថា ​គេ​មិន​ទទួល​យក​ជន​ភៀសខ្លួន​ជា​ដាច់ខាត។

យោង​តាម​តួលេខ​របស់​អង្គការ​ជន​ភៀសខ្លួន​អន្តរជាតិ OIM ​គិត​ពី​ដើម​ឆ្នាំ ​មក​ត្រឹម​ដើម​ខែ​កក្កដា  មាន ជន​ភៀស​ខ្លួន ​ចំនួន​១សែន​៥ម៉ឺន​នាក់ ​ដែល​បាន​ធ្វើ​ដំណើរ​ មក​ដល់​ទឹកដី​អឺរ៉ុប ​ដែល​ភាគ​ច្រើន​លើស​លប់ ​គឺ​បាន​មក​ដល់​ទឹកដី​អ៊ីតាលី ​និង​ក្រិក។ ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ ​ករណី​ជន​ភៀសខ្លួន​ មាន​ច្រើន​នៅ​ប្រទេស​តួកកី ​គឺ​ដោយសារ​តែ​ប្រទេស​នេះ​មាន​ព្រំដែន​ជាប់​នឹង​ស៊ិរី។ ហើយ​ម្យ៉ាង​ទៀត​ ជន​ភៀសខ្លួន​ដែល​បាន​ទៅ​ដល់​តួកគី ​គឺ​គ្រាន់តែ​ ជា​ស្ពាន​ឆ្លង ​ដើម្បី​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អឺរ៉ុប​ ខាងលិច​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ