អានតួអត្ថបទ
អ៊ីតាលី-ជនភៀសខ្លួន

សម្តេច​ប៉ាប ថ្លែង​បរិហារ​អំពើ​ពុក​រលួយ​នៅ​អ៊ីតាលី ​និង​សុំ​ឲ្យ​បើក​ទ្វារ​ទទួល​ជន​ភៀស​ខ្លួន

សម្តេច​ប៉ាប ហ្រ្វង់ស័រ ​ប្រមុខ​សង្ឃ​កាតូលិក​ ដែល​កំពុង​មាន​វត្តមាន​ នៅ​ទីក្រុង​ទូរាំង ​ភាគ​ខាងជើង​ប្រទេស​អ៊ីតាលី ​ក្នុង​ឱកាស​បុណ្យ​សាសនា​គ្រិះមួយ ​បាន​ធ្វើឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ នៅ​ពេល​ថ្លែង​សន្ទរៈ​កថា ទៅ​កាន់​គ្រិះបរិស័ទ​ទាំង​អស់ ​ដោយ​ព្រះអង្គ​បាន​រិះគន់​និង​បរិហារ​ដោយ​ចំៗ ​ពី​បញ្ហា​អំពើ​រលួយ ​និង​ក្រុម​ជន​ទុច្ចរិត​ម៉ាហ្វីយ៉ា ​ដែល​ជា​ដំបៅ​សង្គម​អ៊ីតាលី។ បន្ថែម​ពី​នេះ ​ព្រះអង្គ​បាន​អំពាវនាវ ​ឲ្យ​គ្រប់​គ្នា​ បើកចិត្ត ​និង​បើក​ទ្វារ​ព្រំដែន​​ទទួល​ជន​ភៀសខ្លួន ​ ដែល​កំពុង​តែ​ដង្ហើយ​ហៅ​រក​ជំនួយ។

សម្តេចប៉ាប ហ្រ្វង់ស័រ នៅ​ក្នុង​វិហារ basilique Saint-Pierre ​ក្នុងទីក្រុង​រ៉ូម
សម្តេចប៉ាប ហ្រ្វង់ស័រ នៅ​ក្នុង​វិហារ basilique Saint-Pierre ​ក្នុងទីក្រុង​រ៉ូម REUTERS/Tony Gentile
ផ្សាយពាណិជ្ជកម្ម

ឆ្លៀត​ក្នុង​ឱកាស​ពិធី​សាសនា ​នៅ​ក្នុង​ព្រះវិហារ​​Cathédrale Saint Jean Baptiste​ កណ្តាល​ទីក្រុង​ទូរាំង ​ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី ​សម្តេច​ប៉ាប ​ហ្វ្រង់ស័រ ​បាន​យក​ឱកាស​នេះ ​ថ្លែង​ពី​សេចក្តី​យល់​ឃើញ​ពិត​ប្រាកដ ​និង​ការ​ព្រួយ​បារម្ភ​របស់​ព្រះអង្គ ​ចំពោះមុខ​ស្ថានភាព​សង្គម​បច្ចុប្បន្ន។

 
នៅ​ចំពោះ​មុខ​ គ្រិះ​បរិស័ទ ​ប្រមាណ​ជា​៦ពាន់​នាក់ ​ព្រះអង្គ​បាន​ថ្លែង​ថា ៖ ​“ ជន​ភៀស​ខ្លួន ​ ដែល​ចូល​មក​ក្នុង​ទឹកដី​អឺរ៉ុប ​អាច​ចូល​មក​ដណ្តើម​ទីផ្សារ​ការងារ​របស់​បង​ប្អូន​មែន​ពិត។ ​ប៉ុន្តែ​យើង​មិន​ត្រូវ​ទំលាក់​កំហុស​លើ​គ្នា​ទេ។ ជន​ភៀស​ខ្លួន​ទាំង​នោះ គឺ​ជា​ជន​រងគ្រោះ ​ រងគ្រោះ​ដោយសារ​អំពើ​អយុតិ្តធម៌ ​អំពើ​ហិង្សា ​សង្រ្គាម ​និង​វិបត្តិ​សេដ្ឋកិច្ច ​ដែល​រុញ​ច្រាន​ ពួក​គេ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ​គ្មាន​ជំរើស។ ជីវិត​មនុស្ស មិនមែន​ជា​ទំនិញ ​ដែល​ត្រូវ​គេ​ចង់​ទុក ទុក  ​ចង់​ចោល​ ​ចោល​ តាម​តែ​ចិត្ត​នោះ​ទេ”។
 
បន្ទាប់​ពី​សម្លេង​កង​រំពង​ ទះដៃ​អបអរ​របស់​មនុស្ស​ម្នា ​ដែល​មក​ឈរ​ស្តាប់ ​សម្តេច​សង្ឃ​បាន​បន្ត​សន្ទរៈកថា​ ដោយ​បាន​លើកឡើង​ ពីដំបៅ​សង្គម​អ៊ីតាលី ​នោះ​គឺ ​អំពើ​ពុក​រលួយ​ស៊ីសំណូក ​និង​ជំនួញ​របស់​ក្រុម​ជន​ទុច្ចរិត​ម៉ាហ្វីយ៉ា ​ជា​ច្រើន​ក្រុម ​ដែល​អាជ្ញាធរ​អ៊ីតាលី ​គ្មាន​សមត្ថភាព​ នឹង​បង្ក្រាប​បាន។ ព្រះអង្គ​បាន​បរិហារ​ថា ​គ្រប់គ្នា​ឈរ​នៅ​ស្ងៀម ​ធ្វើ​ជាហី ​គ្មាន​នរណា​អើពើរ និង​អំពើ​អយុត្តិធម៌​សង្គម​ទាំង​នេះ​សោះ។

សូម​បញ្ជាក់ថា អំពើ​ហិង្សា អំពើ​ពុក​រលួយ​ដែល​បង្ក​ឡើង ដោយ​ក្រុម​មេក្លោង​ទុច្ចរិក ម៉ាហ្វីយ៉ា នៅ​តំបន់​ភាគ​ខាង​ជើង​ប្រទេស​អ៊ីតាលី​ ត្រូវ​បាន​គេ​ដឹង​ថា ​កំពុង​តែ​ស៊ីរូង​កាន់​តែ​ជ្រៅ ​ដែល​រដ្ឋ​អំណាច​អ៊ីតាលី ខ្លាច​រអារ ​មិន​ហ៊ាន​ចាត់​វិធាន​ការ​នោះ​ទេ។ ទាំងនេះ​ក៏​ដោយសារ​តែ ​មនុស្ស​មាន​អំណាច ​បាន​ទទួល​លុយ​សំណូក ​យ៉ាង​ក្រាសក្រែល។ ១០% នៃ​ប្រជាជន ​នៅ​តំបន់​ទូរាំង ​ត្រូវ​បាន​ផាត់​ចេញ​ពី​សង្គម ​ដោយសារ​តែ​ភាព​ក្រីក្រ​តោក​យ៉ាក​ជា​ទី​បំផុត។ ភាគ​ច្រើន​លើស​លុប ​នៃ​ប្រជាជន​ក្រីក្រ​ទាំង​នោះ ​គឺ​កុមារ ​និង​មនុស្ស​ចាស់​ជរា។ ចំណែក​ចំនួន​មនុស្ស​អត់​ការងារ​ធ្វើ ​ក្នុង​ចំណោម​យុវជន​ពេញ​កំលាំង ​មាន​ប្រមាណ​ជា ៤០% ​ឯណោះ។

សន្ទរៈកថា​ របស់​សម្តេច​ប៉ាប​នេះ ​ បាន​ធ្វើ​ឲ្យ​សាធារណៈ​មតិ​ជាច្រើន ​ពេញចិត្ត​ជាខ្លាំង។ គេ​ពេញ​ចិត្ត​ កោត​សរសើរ​សម្តេច​ប៉ាប​អង្គ​នេះ ​ដោយសារ​តែ​ព្រះអង្គ​មាន​ចិត្ត​ក្លាហាន ​ហ៊ាន​និយាយ​ការពិត​ ហ៊ាន​បរិហារ​អំពើ​អយុត្តិធម៌  ​ផ្ទុយ​ពី​អ្នក​នយោបាយ​ខ្លះ​ ដែល​បាន​តែ​និយាយ​បញ្ជោរ ​ស្រប​តាម​តែ​គេ​ប្រាប់ ​មិន​ព្រម​បើក​ភ្នែក​មើល​ការ​ពិត​ ជាក់ស្តែង​ក្នុង​សង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ