អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

នាវា​ចម្បាំងមីស្ត្រាល់​បារាំង មាន​អតិថិជន​ថ្មី​ចាប់​អារម្មណ៍ តែ​ជា​ជំនួញ​ខាត​ដើម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​បារាំង​និង​អេហ្ស៊ីប បាន​ក្លាយ​ជា​កិត្តិយស​​នា​ឱកាស​បើក​សម្ពោធ​ព្រែក​ជីក​ស៊ុយអេថ្មី​មួយ​ទៀត កាលពី​ថ្ងៃ​ទី​៦​សីហា។ បន្ទាប់​ពី​បាន​បង្ហាញ​ខ្លួន​ទន្ទឹម​គ្នា​លើ​វេទិកា​ប្រធានាធិបតី​ មើល​ព្យុះ​ហយាត្រា​យន្តហោះ​ប្រដេញ​រ៉ាហ្វាល់ និង​នាវា​ប្រើ​បាន​គ្រប់​យ៉ាង ​Fremm ដែល​អេហ្ស៊ើប​ទើប​ទិញ​បាន​ពី​បារាំង​កាលពី​ខែ​​កុម្ភៈ លោក ហ្វ្រង់ស័រ​ ហូឡង់ ប្រធានាធិបតី​​បារាំង​​និង​​សមភាគី​អេហ្ស៊ីប លោក អាប់ឌែល ហ្វាតះ អាលស៊ីស៊ី កំពុង​ខ្សិប​ខ្សៀវ​គ្នា​​ពង្រីក​ភាព​ជា​ដៃ​គូ លើ​កិច្ចសន្យា​សំខាន់​មួយ​ទៀត។ ក្រុង​គែរ កំពុង​សំឡឹង​ចង់​ទិញត​​នាវា​ចម្បាំង​មីស្ត្រាល់​សាង​សង់​ដោយ​បារាំង​សម្រាប់​រុស្ស៊ី ដ៏​ចម្រូង​ចម្រាស។

នាវា​មីស្ត្រាល់​កំពុង​សំឡឹង​រក​ម្ចាស់​ថ្មី
នាវា​មីស្ត្រាល់​កំពុង​សំឡឹង​រក​ម្ចាស់​ថ្មី Défense française
ផ្សាយពាណិជ្ជកម្ម

សំណុំ​រឿង​នាវា​ចម្បាំង​មីស្ត្រាល់​បារាំង​ឈប់​លក់​ឱ្យ​រុស្ស៊ី ដោយ​ហេតុ​វិបត្តិ​អ៊ុយក្រែន ទើប​ត្រូវ​បាន​បិទ​បញ្ចប់ បន្ទាប់​ពី​​​ប៉ារីសនិង​ម៉ូស្គូ​បាន​ព្រមព្រៀងគ្នា បារាំង​​សុខ​ចិត្ត​សង​លុយ​ទៅ​ម៉ូស្គូ ជំនួស​ការ​ប្រគល់​ទំនិញ។ ជា​សរុប​បារាំង​ត្រូវ​សង​រុស្ស៊ី​ ១១៦៣ លាន​អឺរ៉ូ (ដែល​៧៨៤​លាន​ជា​ថ្លៃ​ប្រាក់កក់​រុស្ស៊ី បូក​នឹង​តម្លៃ​សាង​សង់​សំបក​នាវានៅ​រុស្ស៊ី​ និង​​ថ្លៃ​បង្ហាត់​​ទាហាន​ជើង​ទឹក​រុស្ស៊ី​៤០០​នាក់ ព្រមទាំង​សម្ភារៈ​បច្ចេកទេសផ្សេងៗ​ទៀត)។ ប៉ុន្តែ​គ្មាន​ទេ​ការ​បង់​ពិន័យ និង​​ គ្មានទេ​​ការ​ប្តឹង​ផ្តល់​ទៅ​តុលាការ រឿង​បារាំង​​មិន​គោរព​សន្យា ព្រមទាំង​​បាន​ទទួល​សិទ្ធិ​ជា​ម្ចាស់​​នាវា​យ៉ាង​ពេញ​លេញ ​មាន​ន័យ​ថា​បារាំង​អាច​លក់​នាវា​ឱ្យ​ប្រទេ​ស​ទី​បី​ដោយ​សេរី។

 

ព័ត៌មាន​នេះ​មិន​ត្រូវ​បាន​ភាគី​បារាំង​ធ្វើ​អត្ថាធិប្បាយ​អ្វីទាំង​អស់។ បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ការពារ​​ជាតិ​​បារាំង មាន​ប្រទេស​ច្រើន ចាប់​អារម្មណ៍​ចង់​បាន​នាវា​ចម្បាំង​មីស្តា្រល់​ ! តែ​មិន​បាន​បង្ហើប​ថា​ប្រទេស​ណា​ឡើយ ! ចំណែក​ ប្រធានាធិបតី​បារាំង​លោក ហ្វ្រង់ស័រ ហូឡង់ បាន​​​ធានា​អះអាង​ពី​ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន ថា បារាំង​អាច​លក់​នាវា​នេះ​បាន​ដោយគ្មាន​ការ​​លំបាកសោះ។ ​

ក៏ប៉ុន្តែ​សួរ​ថា​តើលក់​ឱ្យ​នរណា និង​​ក្នុង​ថ្លៃ​ប៉ុន្មាន បាន​រួច​ខ្លួន​ដែរឬទេ ?! ព្រោះ​សូម​បញ្ជាក់​ថា បារាំង​គ្មាន​ចេតនា និង​មធ្យោបាយ​ រក្សា​ទុក​នាវា​ចម្បាំង​នេះ​សម្រាប់​ប្រើប្រាស់​ជា​របស់​ផ្ទាល់​ខ្លួន​ទេ។ នាវា​ប្រភេទ​មីស្ត្រាល់​នេះ ត្រូវ​ការ​ចំណាយ​ច្រើន​ណាស់ ! គ្រាន់​តែ​នៅ​​បញ្ឈរ​ស្ងៀម​លើ​កំពង់​ផែ ក៏​គេ​ត្រូវ​ចំណាយ​ប្រាក់​អស់​ប្រមាណ​១​លាន​អឺរ៉ូ​ ក្នុង​មួយ​ខែៗ ថ្លៃ​បង់​ពន្ធ​ផែ ថ្លៃ​ថែទាំ ថ្លៃ​យាម ... ហើយ​ការ​លក់​ទៅ​ឱ្យ​ប្រទេស​ផ្សេង​ក្រៅ​ពី​រុស្ស៊ី​ មិន​ប្រាកដ​ជា​តម្លៃ​ដដែល​ដូច​ប៉ារីស និង​ម៉ូស្គូ​ធ្លាប់​ព្រមព្រៀង​គ្នា​ឡើយ។

ថ្វី​បើ​អាច​គេធ្លាប់​ឮ​អ្នក​ឯកទេស​រអ៊ូរទាំង​អំពី​ការ​ពិបាក​លក់ ព្រោះ​​​មីស្ត្រាល់ជា​នាវា​ដែល​សាងសង់​ឡើង​ដោយ​បច្ចេកវិទ្យា​ទំនើប សម្រាប់​ទប់ទល់​និង​ប្រើប្រាស់​ក្នុង​ប្រទេស​ត្រជាក់ ជា​ហេតុធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌា និង​ប្រេស៊ីល អតិថិជន​ដ៏​មាន​សក្តានុពល​ទាំងពីរ​ពិបាក​ទទួល​យក​ ព្រមទាំង​ត្រូវ​រុះ​រើ​កែ​សម្រួល​បច្ចេកវិទ្យា​ខ្លះ​ជា​របស់​រុស្ស៊ី​ក្តី ក៏ពេលនេះ មាន​ដំណឹង​ខ្សឹប​ខ្សៀវថា​អេហ្ស៊ីប​និង​អារ៉ាប៊ីសាអ៊ូឌីត ចង់​បាន​ខ្លាំង​នាវាមីស្ត្រាល់​ទាំងពីរ​របស់​បារាំង​នេះ។ ប្រភព​ការទូត​បារាំង​ បាន​បង្ហើប​ថា ព្រះ​ចៅ​សាល់ម៉ាន របស់​អារ៉ាប៊ីសាអ៊ូឌីត ចង់​ឃើញ​អេហ្ស៊ីប​មាន​បំពាក់​​នាវា​ចម្បាំង​ដ៏​​ទំនើប ដើម្បី​ការពារ​​តំបន់ ការពារ​សមុទ្ទ​ក្រហម និង​សមុទ្ទ​មេឌីទែរ៉ាណេ។ ក្នុង​ទិសនេះ និង​ក្នុង​ដំណើរ​ឈាន​ឆ្ពោះ​ទៅ​រក​ការ​មាន​កម្លាំង​ទ័ព​អារ៉ាប​រួម ស្តេច​អារ៉ាប៊ីសាអ៊ូឌីត និង​ប្រធានាធិបតី​អេហ្ស៊ីប បាន​ចុះ​កិច្ច​ព្រមព្រៀង​រវាង​គ្នា កាលពី​ថ្ងៃ​ទី ៣០​កក្កដា។​

តាំង​ពី អេហ្ស៊ីប​មាន​លោក ស៊ីស៊ី ជា​ប្រមុខ​ដឹកនាំ​មក​ ក្រុង​គែរ និង​រីយ៉ាត បាន​ផ្សាភ្ជាប់​ទំនាក់ទំនង​កាន់​តែ​ស្អិត​ល្មួត អារ៉ាប៊ីសាអ៊ូឌីត ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដើម្បី​អេហ្ស៊ីប​រស់ ឯ​អេហ្ស៊ីប​គាំទ្រ​ម្ចាស់​ទុន​ បញ្ជូន​កម្លាំង​និង​មធ្យោបាយ​ទៅ​ក្នុង​គ្រប់​យុទ្ធនាការ​យោធា។ ដូច្នេះ​ឈរ​លើ​ប្រយោជន៍​រួម សម្រាប់​ថ្នាក់ជាតិ និង​ថ្នាក់​​​តំបន់ ​អារ៉ាប៊ីសាអ៊ូឌីត មិន​ខ្លាច​នឹង​​បន្ថែម​ជំនួយ​ហិរញ្ញវត្ថុ ជួយ​អេហ្ស៊ីប​​ឱ្យ​ទិញ នាវា​មីស្ត្រាល់​ទាំងពីរពី​បារាំង​ ផ្ទុក​ទាហាន​បាន​មួយ​ពាន់​នាក់ រថក្រោះ និង​ឧទ្ធម្ភាគចក្រ​ ដែល​អាច​បម្រើ​ប្រយោជន៍​ផ្ទាល់​ក្នុង​​សង្គ្រាម​នៅ​យេម៉ែន ឬ​លីប៊ីផង​បើចាំ​បាច់​នោះ​ទេ។

រវាង​បារាំង​និង​អេហ្ស៊ីប ទំនាក់ទំនង​ក៏​ល្អ​ប្រសើរ ជា​ដៃគូ​ប្រកប​ដោយយុទ្ធសាស្ត្រ​ជាពិសេ​ស​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវនិយម និង​លើ​ផ្នែក​សន្តិសុខ។ អេហ្ស៊ីប​ទើប​ព្រម​ព្រៀង​ចុះ​កិច្ចសន្យា​ទិញ​យន្តហោះ​រ៉ាហ្វាល់ ២៤​គ្រឿង។ កាលពី​សប្តាហ៍​មុន​ប្រធានាធិបតី​បារាំង​ក្លាយ​ជា​ភ្ញៀវ​កិត្តិយស​នា​ឱកាស​បើក​សម្ពោធ​ព្រែក​ជីក​ស៊ុយអេ​ទីពីរ។ ការ​ចរចា​ដោយ​ស្ងាត់ៗ ទំនង​ជាបាន​ប្រព្រឹត្ត​ពេល​ប្រមុខ​រដ្ឋ​ទាំងពីរ​ជួប​គ្នា​មួយ​ទល់​មួយ ទន្ទឹម​គ្នា​នឹង​ កិច្ចពិភាក្សា​ជាមួយ​ប្រទេស​ផ្សេង​ទៀត​ដែល​ចាប់​អារម្មណ៍​ចង់​បាន​មីស្ត្រាល់​ដែរ ដូច​ជា​កាណាដា ឬ​សិង្ហបុរី។ ជា​កិច្ចពិភាក្សា​លឿនរហ័ស​ ព្រោះ​បារាំង​ចង់​សម្រេចរក​ម្ចាស់​ថ្មី​ឱ្យ​មីស្ត្រាល់​បាន​លឿនៗ​ ​ នេះ​បើ​តាម​ប្រភព​ការទូត​បារាំង​ដដែល តែបារាំង​មិន​ចង់​ប្រកាស​ក្តូង​ក្តាំង​ភ្លាមៗ អំពី​ជម្រើស​របស់​ខ្លួន ព្រោះមីស្ត្រាល់​សំណុំ​រឿង​ដ៏​ប្រទាញ​ប្រទង់​​ខ្លាំង​អស់​រយៈ​ពេល​ជាង​៨​ខែ​ ​ទើប​តែ​ត្រូវ​បិទ​បញ្ចប់​តាម​រយៈ​ ​កិច្ច​​ព្រមព្រៀង​​ជាមួយ​រុស្ស៊ី​​ មិន​ទាន់​ស្ងួត​ទឹក​ខ្មៅស្រួល​បួល​​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ