អានតួអត្ថបទ
បារាំង-រុស្ស៊ី

​ ​បារាំង​និង​រុស្ស៊ី​ នៅ​តែ​ដោះស្រាយ​គ្នា​មិន​ដាច់​រឿងនាវា​ចម្បាំង​មីស្ត្រាល់

ប្រធានាធិបតី​បារាំង និង​រុស្ស៊ី ​ប្រមុខ​រដ្ឋ​ប្រទេស​នៅ​អឺរ៉ុប​ធំ​ពីរ ដែល​ទទួល​ស្គាល់​​អំពើ​ប្រល័យ​ពូជសាសន៍​អាមេនី បាន​អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធី​រំលឹក​​ ខួប​១០០​ឆ្នាំ នៃ​ព្រឹត្តិការណ៍​ដ៏​សោក​សៅ​នេះ នៅ​ថ្ងៃសុក្រ​ទី ២៤​មេសា ២០១៥។ ប៉ុន្តែ​ក៏​ជា​ឱកាស​ដែល​រដ្ឋ​បុរស​ទាំង​ពីរ​ឆ្លៀត​ជួប​គ្នា​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​ចម្បងៗ​មួយ​ចំនួន​ដូច​ជា​ បញ្ហា​អ៊ុយក្រែន ការ​លក់​ទិញ​នាវា​​ចម្បាំង​មីស្ត្រាល់ ឬ​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​អន្តោប្រវេសន៍​តាម​មេឌីទែរ៉ាណេ។

លោក​ប្រធានាធិបតី​បារាំង ហូឡង់ និង​សមភាគី​រុស្ស៊ី លោក​ ពូទីន ចាប់​ដៃ​គ្នា​ជា​ការ​គួរសម​មុន​ជំនួប​មួយ​ទល់​នឹង​មួយ​នៅ​ប្រទេស​អាមេនី
លោក​ប្រធានាធិបតី​បារាំង ហូឡង់ និង​សមភាគី​រុស្ស៊ី លោក​ ពូទីន ចាប់​ដៃ​គ្នា​ជា​ការ​គួរសម​មុន​ជំនួប​មួយ​ទល់​នឹង​មួយ​នៅ​ប្រទេស​អាមេនី © Reuters
ផ្សាយពាណិជ្ជកម្ម

អ្វី​ដែល​ប្រធានាធិបតី​បារាំង​និង​រុស្ស៊ី​បាន​បង្ហាញ​រួម​គ្នា​​​នៅ​ពេល​នេះ គឺ​គេ​មិនអាច​បដិសេធ​អំពើ​ប្រល័យ​ពូជសាសន៍​របស់​រដ្ឋាភិបាល​តួកគី​សម័យ​ចក្រភព​អូតូម៉ង់ទេ។ ​លោកហ្វ្រង់ស័រ​ហូឡង់ ​ បាន​អំពាវនាវ​ឱ្យ​តួកគី​ទទួលទង្វើកាលពី​ឆ្នាំ​១៩១៥​​ដែល​មាន​​លក្ខណៈ​​​ប្រល័យ​ពូជសាសន៍​​ ឯ​ចំណែក​លោកពូទីន បាន​ប្រកាស​ថា​គ្មាន​ហេតុផល​ណាគ្រប់គ្រាន់​សម្រាប់​ធ្វើ​ការ​ប្រល័យ​មនុស្ស​ទាំង​ពូជ​ទេ។

 

ក៏​ប៉ុន្តែ​នៅ​ក្នុង​ជំនួប​មួយ​ទល់​នឹង​មួយ ​ ដោយ​បិទ​ទ្វារ ក្រៅក្របខ័ណ្ឌ​​រំលឹក​ខួប​ប្រល័យ​ពូជសាសន៍​អាមេនីវិញ សំឡេង​បារាំង​និង​រុស្ស៊ី ហាក់​ដូច​ជា​មិន​ស៊ី​ចង្វាក់​គ្នា​សោះ។ ​ប្រធានាធិបតី​បារាំង​ លោក​ហ្វ្រង់ស័រ​ហូឡង់ បាន​ជំរុញ​ឱ្យ​សមភាគី​​ លោក ពូទីន​ សំឡឹង​ទៅ​មុខ ក្នុង​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ក្នុង​មីស្ក៍ ដើម្បី​សន្តិភាព​អ៊ុយក្រែន។ ឯ​ចំណែក​លោក​ពូទីន បាន​ត្រឹម​សម្តែង​ការ​សោក​ស្តាយ​ដែល​មិន​គួរ​ណា​ទំនាក់ទំនង​រុស្ស៊ី-បារាំង រុស្ស៊ី​-សហភាពអឺរ៉ុប​ ត្រូវ​ធ្លាក់​ចុះ​យ៉ាប់​យឺន​យ៉ាង​ដូច្នេះ​សោះ។

ចំណែក​ប្រធានបទ​ដ៏​សំខាន់​ទាក់ទង​នឹង​ការ​លក់​នាវា​ចម្បាំង​មីស្ត្រាល់ ដែល​គ្រប់​គ្នា​រង់ចាំ​វិញ មិន​ត្រូវប្រមុខ​រដ្ឋ​ទាំង​ពីរ​​អារកាត់​សម្រេចនា​ឱកាស​នេះ​ទេ។ ប្រភព​ស្និទ្ធ​នឹង​រុស្ស៊ី​ បាន​ព្រលយមុន​ជំនួប​​ឱ្យ​ដឹង​ថា បារាំង​និង​រុស្ស៊ី​កំពុង​ឈាន​ទៅសម្រេច​​ព្រមព្រៀង លុប​ចោល​​កិច្ចសន្យា​បារាំង​​ត្រូវ​ប្រគល់​នាវា​ចម្បាំង​មីស្ត្រាល់​​ទៅ​រុស្ស៊ី​ និង​សំណង​ប្រាក់​កក់​ហើយ។ ដោយ​សារ​វិបត្តិ​នៅ​អ៊ុយក្រែន បារាំង​បាន​សម្រេច​ផ្អាក​​មិន​ប្រគល់​នាវា​ចម្បាំង​នោះ ទៅឱ្យ​រុស្ស៊ី​តាម​កិច្ច​សន្យា​ ដែល​មាន​តម្លៃ​ដល់​ទៅ ១២០០​លាន​អឺរ៉ូទេ។ មុន​នេះ​ពីរ​ថ្ងៃ​ប្រធានាធិបតី​បារាំង បាន​លើក​ឡើង​អំពី​លទ្ធភាព​សង​លុយ​ម៉ូស្គូ​ ប្រសិន​បើ​ពិត​ជា​គ្មាន​ការ​ប្រគល់​ទំនិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ