អានតួអត្ថបទ
បារាំង-រុស្ស៊ី

ម៉ូស្គូ និងប៉ារីស​ទើប​ព្រមព្រៀង​គ្នា​លើ​ថ្លៃ​សំណង​ប៉ះប៉ូវ​មក​ឲ្យ​រុស្ស៊ី​ដោយ​បារាំង

កិច្ចចរចា​ដែល​បាន​ពន្យារ​ទៅ​អស់​៨ខែ បាន​ចប់​ស្រេច​បាច់​ហើយ ទាំង​អំពី​ទំហំ ទឹកប្រាក់​សំណង ទាំង​អំពី​រយៈពេល ដែល​បារាំង​ត្រូវ​បង់​មក​ឲ្យ​រុស្ស៊ី ចំពោះ​ការ​ដែល​ភាគី​បារាំង មិន​អាច​បំពេញ​តាម​កិច្ចសន្យា​ចុះ​តាំង​ពី​ឆ្នាំ២០១១ ដើម្បី​លក់​មក​ឲ្យ​រុស្ស៊ី នាវាចម្បាំង​ពីរគ្រឿង ធុន Mistral។ សេចក្តី​នេះ ថ្លែង​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី ល្ងាច​ថ្ងៃ៣០​កក្កដា ដោយ តំណាង វិមាន​ក្រេមឡាំង។ ចំណែក ភាគី​បារាំង មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ណា​ទេ ទៅ​លើ​ព័ត៌មាន​នេះ។

នាវា​ផ្ទុកយន្តហោះ Mistral ដែល​បារំាង​ផលិត​សម្រាប់​ប្រទេស​រុស្ស៊ី
នាវា​ផ្ទុកយន្តហោះ Mistral ដែល​បារំាង​ផលិត​សម្រាប់​ប្រទេស​រុស្ស៊ី REUTERS/Stephane Mahe
ផ្សាយពាណិជ្ជកម្ម

ជា​បឋម គួរ​រំលឹក​ថា ស្រប​នឹង​កិច្ចសន្យា ចុះ​ខែ​មិថុនា​ឆ្នាំ២០១១ ជំនាន់​លោក ប្រធានាធិបតី​បារាំង Nicolas Sarkozy ភាគី​បារាំង ត្រូវ​លក់​មក​ឲ្យ​រុស្ស៊ី គឺ​នាវា ផ្ទុក​ឧទ្ធម្ភាគចក្រ ពីរគ្រឿង ធុន Mistral ក្នុង​តម្លៃ​សរុប ១.២០០លានអឺរ៉ូ។ ពី​ក្នុង​តម្លៃ​នេះ រុស្ស៊ី បាន​បង់​ប្រាក់កក់ ៨៤០លានអឺរ៉ូ​ទៅ​ហើយ។ ហើយ​ស្រប​នឹង​កុងត្រា​ដែល​មាន​ចុះ នាវា​នេះ​ទី១ ដែល​មាន​ឈ្មោះ រុស្ស៊ី​ថា Vladivostok ត្រូវ​ភាគី​បារាំង ប្រគល់​ឲ្យ​រុស្ស៊ី គឺ​នៅ​ខែ​តុលា​ឆ្នាំ២០១៤ សម្រាប់​រុស្ស៊ី បញ្ជូល​ទៅ​ក្នុង​កងនាវា​ខ្លួន​ដែល​ប្រចាំ​នៅ មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ហើយ​អាទី២ ឈ្មោះ Sebastopol សម្រាប់​បញ្ចូល​ទៅ​ក្នុង​កងនាវា​រុស្ស៊ី​ប្រចាំ​នៅ​សមុទ្រខ្មៅ ត្រូវ​បារាំង​ប្រគល់​មក គឺ​ឲ្យ​បាន មុន​ដំណាច់​ឆ្នាំ២០១៥​នេះ។

ប៉ុន្តែ ដោយ​រុស្ស៊ី ជាប់​ក្នុង​ទណ្ឌកម្ម​បស្ចិមលោក មក​ពី​វិបត្តិ​នៅ​អ៊ុយក្រែន បារាំង ដោយ បំពេញ​តាម​ទណ្ឌកម្ម​នេះ នៅ​ខែ​វិច្ឆិកា​ឆ្នាំ​មុន បាន​សម្រេច​ព្យួរ​ទុក​សិន រឿង​ប្រគល់​នាវា ទាំង​ពីរ​គ្រឿង​នោះ មក​ឲ្យ​រុស្ស៊ី។ ហើយ​តាំង​ពី​ពេល​នោះ​មក គូភាគី បាន​ធ្វើ​កិច្ចចរចា​រក​ច្រក ចេញ ពី​ស្ថានការណ៍​ដែល​កើត​ឡើង។ ភាគី​រុស្ស៊ី ទាមទារ​ពី​បារាំង ឲ្យ​សង​មក​វិញ មិន​គ្រាន់​តែ ប្រាក់កក់​ប៉ុណ្ណោះ​ទេ តែ​ក៏​ទាំង​ការ​ចំណាយ​នានា ដោយ​រុស្ស៊ី​ដើម្បី​បណ្តុះបណ្តាល ពួក​នាវិក​ខ្លួន ជាង៤០០នាក់ ឲ្យ​ចេះ​ប្រើ​នាវា​បារាំង​នោះ ព្រម​ទាំង​ការ​ចំណាយ​ផ្សេងៗ​ទៀត។

កាសែត​ក្រុង​ម៉ូស្គូ Kommersant លេខ​ថ្ងៃ៣១​កក្កដា​នេះ យោង​ទៅ​លើ​ប្រភព​ដែល​ជំនិត នឹង កិច្ចចរចា​នោះ ចុះ​ផ្សាយ​ថា ប៉ារីស​សុខចិត្ត​សង​មក​ឲ្យ​រុស្ស៊ី​សរុប​ទៅ គឺ ១.១៦០លានអឺរ៉ូ។ ប៉ុន្តែ ព័ត៌មាន​នេះ នៅ​មិន​ទាន់​ទទួល ការ​បញ្ជាក់​ជា​ផ្លូវការ​នៅ​ឡើយ។ ជំនួយការ​ប្រធានាធិបតី​រុស្ស៊ី ខាង​បញ្ហា​សហប្រតិបត្តិការ​យោធា​និង​បច្ចេកទេស លោក Vladimir Kojine ដោយ​ថ្លែង​ទៅ​ពួក​អ្នកកាសែត សំដែង​សេចក្តី​សង្ឃឹម​ថា ក្នុង​ពេល​ឆាបៗ​ខាង​មុខ ម៉ូស្គូ និង ប៉ារីស នឹង​ចុះ​កិច្ចព្រមព្រៀង​ស្តី​អំពី​ការ​រំលាយ​ចោល កិច្ចសន្យា​ចុះ​កាល​ពី​៤ឆ្នាំ​មុន។ ហើយ ពេល​នោះ នឹង​មាន​ប្រកាស​ជា​ផ្លូវការ​ទំហំ​ពិត​ប្រាកដ នៃ​ទឹកប្រាក់​ជា​សំណង​ប៉ះប៉ូវ ដែល​បារាំង ត្រូវ​បង់ មក​ឲ្យ​រុស្ស៊ី។

ចំណែក​ភាគី​បារាំង ប្រកែក​មិនព្រម​ធ្វើ​អត្ថាធិប្បាយ​អ្វី​ណា​ទេ ទៅ​លើ​ដំណឹង​ខាង​លើ ដែល ផ្សព្វផ្សាយ​ដោយ​ភាគី​រុស្ស៊ី។ លោក​ប្រធានាធិបតី​បារាំង François Hollande កាល​ពី​ថ្ងៃចន្ទ ២៧​កក្កដា បាន​ចង្អុល​ឲ្យ​ឃើញ​ថា ការ​ពិភាក្សា ចេះ​តែ​បន្ត​ទៅ ហើយ​សេចក្តីសម្រេច​ជាក់លាក់ នឹង​ត្រូវ​អនុម័ត គឺ ក្នុង​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ