អានតួអត្ថបទ
សហភាពអឺរ៉ុប-ជនភៀសខ្លួន

វិបត្តិជន​អន្តោប្រវេសន៍​នៅ​អឺរ៉ុប៖ សោដនាកម្ម​នៅ​តែ​បន្ត តែ​គ្មាន​ចម្លើយ​រួម

វិបត្តិ​ជន​អន្តោប្រវេសន៍​ ដែល​សម្រុក​ចូល​មក​ទ្វីប​អឺរ៉ុប ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​រួម​នៅ​ឡើយ ​ពី​សំណាក់​ប្រទេស​សហភាព​អឺរ៉ុប​ទាំង​អស់។ ទន្ទឹម​គ្នា​នេះ​ ចំនួន​ជន​អន្តោប្រវេសន៍ ​ដែល​បាន​ស្លាប់ ​ក្នុង​ពេល​ធ្វើ​ដំណើរ ​មិន​ថា​តាម​ផ្លូវ​ទឹក ​រឺ​តាម​ផ្លូវគោក ​កាន់​តែ​មាន​ការ​កើន​ឡើង។ បារាំង​និង ​អាល្លឺម៉ង់ ​បាន​ស្នើ​ឡើង​ នូវ​វិធានការ​ជា​ច្រើន ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ​មាន​ជាអាទិ៍ ​ការ​តាក់តែង​ច្បាប់​គ្រប់​គ្រង ​និង​ទទួល​ជន​ភៀស​ខ្លួន ​រួម​គ្នា​តែ​មួយ​ ទូទាំង​សហភាព​អឺរ៉ុប។ កិច្ចប្រជុំ​កំពូល ​វិសាមញ្ញ ​នឺង​អាច​ធ្វើ​ឡើង ​ក្នុង​អំឡុង​ពេល ​២​សប្តាហ៍​ទៀត។

គ្រួសារជន​ជាតិ​ស៊ីរី នាំគ្នា​ដើរ​ឆ្លង​ព្រំដែន​ ពីស៊ែប៊ី ទៅហុងគ្រី ថ្ងៃ​ទី​ ២៦ សីហា​ ២០១៥
គ្រួសារជន​ជាតិ​ស៊ីរី នាំគ្នា​ដើរ​ឆ្លង​ព្រំដែន​ ពីស៊ែប៊ី ទៅហុងគ្រី ថ្ងៃ​ទី​ ២៦ សីហា​ ២០១៥ REUTERS/Bernadett Szabo
ផ្សាយពាណិជ្ជកម្ម

គិត​ចាប់​ពី​ពាក់​កណ្តាល​សប្តាហ៍​នេះ​មក ​ដំណឹង​ស្តីពី​គ្រោះថ្នាក់​ ស្លាប់​ជន​អន្តោប្រវេសន៍​ ដែល​ធ្វើ​ដំណើរ​មក​កាន់​ទឹកដី​អឺរ៉ុប ​បាន​លេចឮ​ឡើង​ជា​បន្ត​បន្ទាប់ ​គួរ​ឲ្យ​អនោច​អធម្ម​ជាទី​បំផុត។ ជន​អន្តោប្រវេសន៍​ ៧១​នាក់ ​ស្លាប់​គរ​ជើង​គ្នា ​ដោយ​ថប់​ដង្ហើម​ នៅ​ក្នុង​រថយន្ត​ ពេល​ធ្វើ​ដំណើរ​ឆ្លង​ប្រទេស​អូទ្រីស។ ​មិន​បាន​មួយ​ថ្ងៃ​ទៀត​ផង ​ មាន​ដំណឹង​ថា ​មាន​ជន​អន្តោប្រវេសន៍ ​៥២នាក់​ ស្លាប់​ដោយ​លង់ទឹក​ នៅ​បាត​ទូក​ ដែល​ពូក​ឈ្មួញ​ ប្រើប្រាស់​ដើម្បី​ដឹក​ពួកគេ​ឆ្លង​សមុទ្រ​មេឌីទែរ៉ាណេ។ មិន​ទាន់​ចប់​ត្រឹម​នេះ​ទេ ​ទូក​មួយ​ទៀត​ បាន​លិច​ក្នុង​សមុទ្រ ​ហើយ​មាន​ជន​មនុស្ស​​យ៉ាង​ហោច​ណាស់ ​១០២​នាក់ ​បាន​ស្លាប់។ ទាំង​នេះ ​គ្រាន់​តែ​ជា​តួលេខ ​នៃ​ហេតុការណ៍ ​ដែល​កើតឡើង​ក្នុង​សប្តាហ៍​នេះ​ តែ​ប៉ុណ្ណោះ។

 
បារាំង​និង​ អាល្លឺម៉ង់ ​បាន​អំពាវនាវ ​ឲ្យ​ប្រទេស​សហភាព​អឺរ៉ុប​ រៀបចំ​តាក់​តែង ​ច្បាប់​ស្តីពី​ជន​ភៀស​ខ្លួន​រួមគ្នា ​ដូច​គ្នា​តែមួយ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ តថៈភាព​អាសន្ន​បច្ចុប្បន្ន​ ហើយ​មួយ​វិញ​ទៀត ​ គឺ​ជា​ការ​ទទួល​ខុសត្រូវ​រួមគ្នា​ សាមគ្គី​គ្នា​ ដើម្បី​ជួយ​ជន​ភៀស​ខ្លួន។ ក្នុងន័យ​នេះ​ដែរ ​បារាំង​និង​អាល្លឺម៉ង់ ​សំណូមពរ​ថា ​ត្រូវ​ធ្វើ​ការ​បែងចែក ​ដោយ​ផ្តល់​អាទិភាព​ដល់​ជន​ភៀស​ខ្លួន​ ដែល​រត់​គេច​ពី​សង្គ្រាម​ និង​ការ​កាប់​សម្លាប់ ​ជា​ជាង​ជន​អន្តោប្រវេសន៍ ​ដែល​រត់​មក​អឺរ៉ុប​ ដើម្បី​រក​ការងារ​ធ្វើ។

ក្រៅ​ពី​អាល្លឺម៉ង់ ​និង​បារាំង ​ដែល​បាន​សម្តែង​ចេតនា ​ដោះស្រាយ​បញ្ហា ​និង​ទទួល​យក​ជន​អន្តោប្រវេសន៍​ គេ​ពុំ​ឃើញ​មាន​ប្រទេស​ណា​ផ្សេង​ទៀត ​កំរើក​ទាល់​តែ​សោះ។ ផ្ទុយ​ទៅ​វិញ ​ប្រទេស​ហុងគ្រី​បាន​ធ្វើ​របង​ស្រាស់​បន្លា​លួស ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ស៊ែប៊ី ​ដើម្បី​ទប់ស្កាត់​ជន​អន្តោប្រវេសន៍​ ទាំង​ដឹង​ថា ​ជន​អន្តោប្រវេសន៍​ដែល​បាន​ប្តេជ្ញា​ចិត្ត​ផ្សង​គ្រោះ​ថ្នាក់ ​នឹង​មិនខ្លាច​នឹង​ផ្លោះ​របង​នេះ​ក៏​ដោយ។ ត្រឹម​មិន​ដល់​មួយ​សប្តាហ៍​ផង ​មាន​ជន​អន្តោប្រវេសន៍ ​ជិត ៣ពាន់​នាក់ ​បាន​ឆ្លង​ពី​ស៊ែប៊ី ​មក​ហុងគ្រី។

​ដូចគ្នា​ ដែរ​ ប្រទេស​ហូឡង់ ​ទើប​បាន​សម្រេច ​រិត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍ ​ដោយ​បាន​សម្រេច​កាត់​ផ្តាច់ ​ជំនួយ​ឧបត្ថម្ភ​ ពី​ជន​អន្តោប្រវេសន៍​ណា ​ដែល​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ ជា​ជន​ភៀស​ខ្លួន ​ហើយ​មិន​ព្រម​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ បន្ថែម​ពី​នេះ ​ ប្រទេស​នេះ ​ក៏​នឹង​បិទ​ទ្វារ​មណ្ឌល​ទទួល​ជន​អន្តោប្រវេសន៍​ ចំនួន​៣០ ​ផង​ដែរ។ នេះ​គឺ​ជា​កាយវិការ​ផ្ទុយ​ស្រឡះ​ ពី​អ្វី​ដែល​គេ​ហៅ​ថា​ ​ជា​ការ​សាមគ្គី​គ្នា ​រវាង​សមាជិក​សហភាព​អឺរ៉ុប ​ដែល​បារាំង ​និង​អាល្លឺម៉ង់ ​តែងតែ​អំពាវនាវ។

នៅ​ថ្ងៃ​អាទិត្យ​ទៅ​ ៣០ ​សីហា​នេះ ​លោក​រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​ លោក​រដ្ឋមន្ត្រី​មហាផ្ទៃ​អាល្លឺម៉ង់ ​បាន​ស្រុះស្រួល​គ្នា ​ដោយ​មាន​ការ​យល់ព្រម​ពី​រដ្ឋមន្ត្រី​មហាផ្ទៃ​អង់គ្លេស ​ដើម្បី​ស្នើសុំ​ទៅ ​សហភាព​អឺរ៉ុប ​ឲ្យ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​វិសាមញ្ញ​មួយ ​រវាង​រដ្ឋមន្ត្រី​មហាផ្ទៃ​ និង​រដ្ឋមន្ត្រី​យុត្តិធម៌ ​នៃ​សមាជិក​សហភាព​អឺរ៉ុប​ទាំង​អស់។ កិច្ច​ប្រជុំ​នេះ ​អាច​នឹង​ត្រូវ​ធ្វើ​ឡើង ​ក្នុង​រយៈពេល​២​សប្តាហ៍​ទៀត ​យ៉ាង​យូរ​បំផុត។ រដ្ឋមន្ត្រី​ប្រទេស​ទាំងបី​ ក៏​ព្រមព្រៀង​គ្នា​ដែរ​ ក្នុង​ការ​ធ្វើ​បញ្ជីរ​ឈ្មោះ​ប្រទេស​ដើម ​ដែល​អាច​ចាត់ទុក​ថា​ជា​ប្រទេស​មិនមាន​គ្រោះ​ថ្នាក់ ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្តល់​អាទិភាព​ ទៅ​ឲ្យ​ជន​អន្តោប្រវេសន៍​ ដែល​មក​ពី​ប្រទេស​ផ្សេង​ទៀត ​ជា​ប្រទេស​មាន​សង្រ្គាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ