G២០ សន្យាមិនបញ្ចុះតម្លៃលុយដើម្បីភាពប្រកួតប្រជែង
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងការងារនៃបណ្តាក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំង២០ដំបូងគេ ដែលបានបិទជំនួបប្រជុំ នៅថ្ងៃសៅរ៍នេះ បានទទួលស្គាល់ថា សេដ្ឋកិច្ចពិភពលោក មាន កំណើនតិចតួច មិនដូចអ្វីដែលគ្រប់គ្នារង់ចាំទេ តែបានសន្យាបញ្ជៀសឱ្យបានទង្វើបញ្ចុះតម្លៃរូបិយវត្ថុដើម្បីភាពប្រកួតប្រជែង។ នេះជាគម្រោងសេចក្តីថ្លែងការណ៍បញ្ចប់នៃជំនួបប្រជុំ ដែលភ្នាក់ងារសារព័ត៌មានបារាំង AFP ទទួលបាននៅល្ងាចថ្ងៃសៅរ៍ទី ៥ កញ្ញា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៩
សកម្មភាពសេដ្ឋកិច្ចចាប់កម្រើកហើយ ប៉ុន្តែកំណើននៅមិនទាន់ឆ្លើយតបបានដូចក្តីរំពឹងទេ ! នេះជាអ្វីដែលមានក្រុមប្រទេសម្ចាស់សេដ្ឋកិច្ចពិភពលោក បានសរសេរ និងដែលកំពុងរង់ចាំការអនុម័តជាផ្លូវការ។ បើតាមអត្ថបទនោះដដែល ក្រុមអ្នកកាន់ក្តាប់លុយ ហាក់មានទំនុកចិត្តខ្លាំងនឹងបញ្ចេញសកម្មភាពដើម្បីឱ្យសេដ្ឋកិច្ច ដែលកំពុងមានដំណើររើបឡើងជាសន្សឹមៗថា អាចនឹងស្ទុះឡើងជាថ្មីបាន។
កិច្ចប្រជុំ ក្រុមប្រទេសG២០ រយៈពេលពីរថ្ងៃ នៅក្រុងអង់ការ៉ា ប្រទេសតួកគីនេះ ប្រព្រឹត្តទៅក្នុងបរិបទនៃការព្រួយបារម្ភខ្លាំងចំពោះដំណើរបន្ថយល្បឿននៃសេដ្ឋកិច្ចចិន និងភាពទន់ខ្សោយជាបន្តបន្ទាប់របស់បណ្តាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ជាច្រើនផ្សេងទៀត។
ប៉ុន្តែថ្ងៃនេះ គេអាចអបអរបាន ព្រោះក្រុមរដ្ឋមន្ត្រីនិងអភិបាលធនាគារកណ្តាលទាំងអស់បានគងគៀងគ្នាសន្យានៅតួកគីថានឹងបញ្ចៀសឱ្យបានរាល់គ្រប់រូបភាពនៃការបញ្ចុះតម្លៃរូបិយវត្ថុដើម្បីមានភាពប្រកួតប្រជែងខ្លាំង និងជម្នះឱ្យបាននូវ រាល់គ្រប់ទម្រង់នៃនយោបាយការពារតែផលប្រយោជន៍សេដ្ឋកិច្ចជាតិរបស់ខ្លួនរៀងៗខ្លួន។ ពោលគឺលុបបំបាត់គំរូចិន ដែលបន្ទាប់ពីបានបញ្ចុះប្រាក់យ័នកាលពីពាក់កណ្តាលខែសីហាម្តងជាពីរដង បង្កឱ្យមានភាពភ័យស្លន់សោ្លដាំក្បាលទីផ្សារហិរញ្ញវត្ថុឱ្យធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មានផង បារម្ភខ្លាចមានសង្គ្រាមរូបិយវត្ថុផង។
សូមបញ្ជាក់ថា មុននឹងឈានដល់ការបង្កើតជាគម្រោងសេចក្តីសម្រេចចិត្តបញ្ចប់នេះ សហរដ្ឋអាមេរិកតាមរយៈរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានឆ្លៀតព្រមានចិន នៅក្រៅក្របខ័ណ្ឌជំនួបប្រជុំG២០ ជុំវិញផលវិបាកនៃការមួលខ្ចៅអត្រាប្តូរប្រាក់មិនឱ្យបត់បែនតាមតម្លៃទីផ្សារពិតៗ។ ប៉ុន្តែទន្ទឹមនឹងការធ្វើជាគ្រូគេ សហរដ្ឋអាមេរិកខ្លួនឯងក៏ត្រូវរងការព្រមាន ក្នុងសេចក្តីថ្លែងការណ៍G២០ដែរ ឱ្យចេះកំរិតពាក្យសំដី កុំឱ្យកើតជំងឺឆ្លង ជាពិសេសទាក់ទងនឹងសេចក្តីសម្រេចលើនយោបាយរូបិយវត្ថុ គ្រាន់តែនិយាយមិនសូវចំឈ្មោះប៉ុណ្ណោះ។
ជាចុងក្រោយ ក្រុមប្រទេសទាំង២០ ដែលតំណាងឱ្យ៨៥%នៃសេដ្ឋកិច្ចពិភពលោកបានលើកទឹកចិត្តក្រុមប្រទេសអ្នកមាន ជាសមាជិកផ្ទាល់ ឱ្យបង្កើនហិរញ្ញវត្ថុសម្រាប់ប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅនៃភពផែនដី ដូចទស្សនវិស័យនៃសន្និសីទអន្តរជាតិស្តីពីអាកាសធាតុនៅក្រុងប៉ារីស ចុងឆ្នាំនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ