អានតួអត្ថបទ
អ៊ីរ៉ង់-រុស្ស៊ី

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបាននាំសារលោកពូទីនទៅជូនលោកប្រធានាធិបតីអ៊ីរ៉ង់

ថ្ងៃ​២១​កុម្ភៈ ក្នុង​ក្របខ័ណ្ឌ​នៃ​ទស្សនកិច្ច ឥត​មាន​ប្រកាស​ជា​មុន នៅ​ក្រុង តេហេរ៉ង់ លោក​រដ្ឋមន្ត្រី​​ការពារជាតិ​រុស្ស៊ី បាន​ត្រូវ​ទទួលជួប​ប្រាស្រ័យ​ដោយ​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​និង​បាន​ប្រគល់​ជូន​គាត់​នូវ​សារ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ព្រមទាំង​បាន​ជួប​ចរចា ជាមួយ រដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ង់​ផង - ដំណឹង​នេះ ផ្សាយ​ដោយ​ទីភ្នាក់ព័ត៌មាន​ផ្លូវការ​រុស្ស៊ី ITAR-TASS យោង​ទៅ​លើ​ទីភ្នាក់ងារព័ត៌មាន​អ៊ីរ៉ង់ IRNA។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rohani
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rohani ERIC FEFERBERG / AFP
ផ្សាយពាណិជ្ជកម្ម

វិមាន​ក្រេមឡាំង​គូស​បញ្ជាក់ថា ទស្សនកិច្ច​លោក​រដ្ឋមន្ត្រីការពារជាតិ​រុស្ស៊ី Serguei Shogu នៅ​អ៊ីរ៉ង់ គឺ​ជា​ការ​បន្ត​ទៅ​ការ​សន្ទនាគ្នា​ជារឿយៗ រវាង​ក្រុងម៉ូស្គូ​និង​តេហេរ៉ង់។ តាម​អ្នក​នាំ​ពាក្យ​វិមាន​ក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ គឺ​មួយ​សប្តាហ៏​មុន​ថ្ងៃ​១៥​កុម្ភៈ ដែល​​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ម៉ូស្គូ លោក​រដ្ឋមន្ត្រីការពារជាតិ​អ៊ីរ៉ង់ Hossein Dehghan ក៏​ត្រូវ​បាន​ទទួល ជួប​ដោយ​លោកប្រធានាធិបតី​រុស្ស៊ី​ពូទីន ដែល​កាលណោះ សាច់រឿង គឺ​ប៉ះ​លើ“បញ្ហា​ប្លែកៗ នៃ​សហប្រតិបត្តិការ​យោធា-បច្ចេកទេស “។

 
ហើយតាមដែល ITAR-TASS ផ្សាយ​នា​កិច្ចចរចា​ថ្ងៃ​២១​កុម្ភៈ​ម្សិលមិញ នៅ​ក្រុង តេហេរ៉ង់ លោក​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Serguei Shogu បាន​ពិភាក្សាជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក​Hassan Rouhani គឺ “ អំពី​ដំណើរវិវឌ្ឍន៍ទៅ​នៃ​ស្ថានការណ៍​នៅ​តំបន់​និង​មាគ៌ា​បំផុស​បំផុល​​សហប្រតិបត្តិការ​ក្នុង​វិស័យយោធា​និង​វិស័យការពារប្រទេស “។

រីឯ​ទីភ្នាក់ងារព័ត៌មាន អ៊ីរ៉ង់ IRNA អះអាងថា ក្នុងសារលិខិត​លោកពូទីន មាន​និយាយ​អំពី​អភិក្រម​​នៃ​កិច្ចចរចា​ជុំវិញ​ដំណោះស្រាយ​វិបត្តិ​នៅ​ស៊ីរី  ប៉ុន្តែ​វិមានក្រេមឡាំង​មិនធ្វើ​អត្ថាធិប្បាយ​​​អ្វីណា​ទេ ទៅ​លើ​ដំណឹង​ផ្សាយដោយ IRNA។ មិនតែប៉ុណ្ណោះ លោក Shogu​និង​លោក Rouhani ក៏ បាន​ពិភាក្សា​អំពី “ វិធានការពង្រឹងសន្តិសុខតំបន់ “។

ចំណែក​ខ្លឹមសារ​នៃ​កិច្ចចរចា​ម្សិលមិញ​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​និង​អ៊ីរ៉ង់​នៅ​តេហេរ៉ង់ ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ដោយ​ទីភ្នាក់ងារព័ត៌មាន​រុស្ស៊ី Interfax គឺ​ថា៖ គូភាគី​បាន​ពិភាក្សា​ទៅលើ“ ដំណើរ​បំពេញ​តាម​កិច្ចព្រមព្រៀង​អន្តររដ្ឋាភិបាល ដែល​មាន​ចុះកាលពី​ខែ​មករា​ឆ្នាំ​មុន ស្តីអំពី សហប្រតិបត្តិការ​ក្នុង​វិស័យយោធា“។

គួរនិយាយថា ជាលទ្ធផលនៃ ទស្សនកិច្ច រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ នៅម៉ូស្គូ មួយសប្តាហ៍មុន ភាគីអ៊ីរ៉ង់ សំដែងនូវការយកចិត្តទុកដាក់ ចង់ទិញទាំង​ប្រព័ន្ធមីស៊ីល​ការពារ​ដែនអាកាស​របស់​រុស្ស៊ី​ធុន​ទំនើប​បំផុត S-400 ដែល​ទាក់ទង​នឹង​រឿង​នេះតាមការ​ចុះ​ផ្សាយ​នៃ​កា​សែត​រុស្ស៊ី គូ​ភាគី​​ហាក់បី​បាន​ចាប់ផ្តើម​កិច្ចចរចា​ទៅ​ហើយ។

តាម​កាសែត​ក្រុង​ម៉ូស្គូ Kommersant យោងទៅលើ​ប្រភព​នៅ​រុស្ស៊ី​ផ្ទាល់ អ៊ីរ៉ង់​គ្រោង​ទិញ​ពី​រុស្ស៊ី​​គឺ​សព្វាវុធក្នុងទឹកប្រាក់ ៨ ០០០ លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ