អានតួអត្ថបទ

អង្គការ​រដ្ឋ​អ៊ីស្លាម​បង្ហាញ​វិដេអូ​ចំណាប់​ថ្នូរ​អង់គ្លេស ជាថ្មី

ក្នុង​ពេល​ដែល​បារាំង​និង​បែលហ្ស៊ិក​ទើប​ចាប់​បាន​ខ្លួន​ជន​ជីហាត​​សង្ស័យ​បង្ក​ភេរវកម្ម​នៅ​ក្រុង​ប៉ារីស អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​បង្ហោះ​ផ្សព្វផ្សាយ​ខ្សែវីដេអូ​ថ្មី​មួយ​ទៀត នៅ​ថ្ងៃ​សៅរ៍​នេះ បង្ហាញ​រូប​ភាព​អ្នក​កាសែត​ជន​ជាតិ​អង់គ្លេស លោក John Cantlie ជាប់​ជា​ចំណាប់​ខ្មាំង​ក្នុង​ដៃ​ពួក​គេ​តាំង​ពី​ជាង​បី​ឆ្នាំ​មក​ហើយ​។ ជារូបភាព​ដែល​ទំនង​ជា​ថត​នៅ​​ក្នុង​ក្រុង​ម៉ូសូល ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់។

រថយន្ត​របស់​ទាហាន​អ៊ីរ៉ាក់​ បោះ​បង់​ចោល​នៅ​ Mossoul ក្រោយ​ការ​វាយ​លុក​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ឆ្នាំ​២០១៤
រថយន្ត​របស់​ទាហាន​អ៊ីរ៉ាក់​ បោះ​បង់​ចោល​នៅ​ Mossoul ក្រោយ​ការ​វាយ​លុក​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម​ឆ្នាំ​២០១៤ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ខ្សែវីដេអូ​​បែប​ឃោសនា​ បង្ហោះ​ក្នុង​វិបសៃត៍​ពួក​ជីហាត​ លោក​ John Cantlie ឈរ​និយាយ​ទៅ​កាន់​កាមេរ៉ា ធ្វើ​ដូច​ជា​អ្នក​កាសែតកំពុង​ផ្សាយ​ក្នុង​​ទូរទស្សន៍​ពិតៗ។ ក្នុង​សម្លៀក​បំពាក់ អាវ​ធំ ខោ​ខ្មៅ អ្នកកាសែត​បាន​អះអាង​ថា​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុង​ម៉ូសូល ក្រុង​ទីពីរ​របស់​អ៊ីរ៉ាក់ ដែល​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋអ៊ីស្លាម កាលពី​ពី​ខែ​មិថុនា ឆ្នាំ​២០១៤។

 

គេ​បាន​ថត​​អ្នក​កាសែតឈរ​នៅ​មុខ ​តូប​លក់ខិត្តបណ្ណ​ឃោសនា​ចលនា​ជីហាត​រដ្ឋ​អ៊ីស្លាម ដែល បាន​ក្លាយ​ជា​​​​បំណែកលោហៈ​ បែក​ខ្ចាយ​ពេញ​ដី​ ក្រោម​គ្រាប់​សំណរនៃ​ការ​វាយប្រហារ​ផ្លូវអាកាស​របស់​កង​កម្លាំង​សម្ព័ន្ធមិត្ត ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក។ និយាយ​ជា​ភាសា​អង់គ្លេស បកប្រែ​សរសេរ​លើ​កញ្ចក់​ទូរទស្សន៍​ជា​ភាសា​អារ៉ាប និង​ក្នុង​ស្ទីល​តែ​មួយ​ អ្នកកាសែត Cantlie ​បាន​រិះគន់​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​សម្ព័ន្ធ​មិត្ត​នៅ​អ៊ីរ៉ាក់ តាំងពី​ខែ​កញ្ញា​២០១៤ និង​ក្រោយ​មក​ទៀត​ នៅ​ស៊ីរី។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម បាន​បង្ហាញ​វីដេអូ​ មាន​អ្នក​រូប​អ្នក​កាសែត កេនលី ធ្វើ​បទ​យកការណ៍​ស្តី​អំពី​ជីវិត​​រស់​នៅ​ក្នុង​តំបន់​កាន់​កាប់​ដោយ​ពួក​ជីហាត​។ វីដេអូ​ចុង​ក្រោយ​ដែល​គេ​បាន​ឃើញ គឺ​កាលពី​ដើម​ឆ្នាំ​២០១៥។

សូម​បញ្ជាក់​ថា John Cantlie ត្រូវ​បាន​ពួក​អង្គការរដ្ឋ​អ៊ីស្លាម​ចាប់​ខ្លួន​ជា​ចំណាប់​ខ្មាំង នៅ​ស៊ីរី កាលពី​ខែ​វិច្ឆិកា ២០១២ ក្នុង​ពេល​កំពុង​ចុះ​ទៅ​យក​ព័ត៌មានស្តីពី​វិបត្តិ​នៅស៊ីរី ជាមួយអ្នក​កាសែត​អាមេរិក លោក James Foley ចំណាប់​ខ្មាំង​ដំបូង​គេ​ដែល​អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ប្រហារ​ជីវិត​។ អង្គការ​ក្រៅ​រដ្ឋាភិបាល ដូច​ជា​អង្គការ​អ្នក​យកការណ៍​គ្មាន​ព្រំដែន​បាន​ថ្កោល​ទោស​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​ ដែល​បាន​ប្រើ​វិធី​សាស្ត្រ​គួរ​ឱ្យស្អប់​ខ្ពើម បង្ខំ​ចំណាប់​ខ្មាំង​ឱ្យ​ធ្វើ​បទ​យកការណ៍​ដើម្បី​ឃោសនា​នយោបាយ​ជីហាតរបស់​ពួកគេ៕​​​​  
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ