អានតួអត្ថបទ
បារាំង-លីប៊ី

កងកុម្ម៉ង់ដូ​និង​ភ្នាក់ងារ​ចារកិច្ច​បារាំង​កំពុង​ធ្វើសកម្មភាព​ដោយសម្ងាត់​នៅ​លីប៊ី?

កាលពីថ្ងៃ​ពុធម្សិលមិញ កាសែត​បារាំង​ឈ្មោះ ឡឺម៉ុងដ៍ (Le Monde) បាន​ចុះផ្សាយ​ឲ្យដឹង​ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ កងកុម្ម៉ង់ដូ​របស់​បារាំង​ជាច្រើន​នាក់​ កំពុង​ធ្វើ​សកម្មភាព​ដោយ​សម្ងាត់​នៅ​ក្នុង​ប្រទេស​លីប៊ី។ ព័ត៌មាន​ដែល​ត្រូវ​បាន​ទទួលស្គាល់​ដោយអាជ្ញាធរ​លីប៊ី។ ក៏ប៉ុន្តែ ក្រសួង​ការពារជាតិ​បារាំង​សម្រេច​បើក​ការស៊ើបអង្កេត​មួយ ដើម្បី​វែករកមុខ​អ្នក​បញ្ចេញ​ព័ត៌មាន​​នេះ ដែល​ត្រូវ​ចាត់ទុក​ជា​ការណ៍សម្ងាត់​រដ្ឋ។

កងកុម្ម៉ង់ដូ​បារាំង​នៅ​ពេល​កំពុង​ហ្វឹកហាត់ (រូបថតឯកសារ)
កងកុម្ម៉ង់ដូ​បារាំង​នៅ​ពេល​កំពុង​ហ្វឹកហាត់ (រូបថតឯកសារ) RFI/Olivier Fourt
ផ្សាយពាណិជ្ជកម្ម

យោងតាមកាសែត​ឡឺម៉ុងដ៍ វត្តមាន​នៃ​កងកុ​ម្ម៉ង់ដូ​បារាំង​នៅ​ក្នុង​ប្រទេស​លីប៊ី ត្រូវបាន​គេ​សម្គាល់ឃើញ​ចាប់តាំង​ពី​ពាក់កណ្តាល​ខែ​កុម្ភៈ​កន្លងទៅថ្មីៗ​នេះ ក៏ប៉ុន្តែ គេ​មិន​ទាន់​អាច​ដឹង​ឲ្យ​ពិតប្រាកដ​នៅឡើយទេ​ថា​ តើកងកុម្ម៉ង់ដូទាំងនេះ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប្រទេស​លីប៊ី​ចាប់តាំង​ពីពេលណាមក។

កងកម្លាំង​របស់​បារាំង ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​លីប៊ី​នេះ គឺ​រួមមាន​ទាំង​កងកម្លាំង​មក​ពី​ទីភ្នាក់ងារ​ចារកិច្ច (DGSE) ដែល​ធ្វើ​សកម្មភាព​ដោយលួចលាក់​ដោយ​បន្លំខ្លួន​ជា​ជនស៊ីវិល និង​កងកុម្ម៉ង់ដូ​​ប្រដាប់​ដោយ​អាវុធ​និង​ឯកសណ្ឋាន​ទាហាន។ កងកម្លាំង​ទាំងពីរ​ប្រភេទ​នេះ​ធ្វើ​សកម្មភាព​ដោយ​មាន​ទំនាក់ទំនង​ជាមួយ​កងកុម្ម៉ង់ដូ​អាមេរិក និង​អង់គ្លេស ក្នុងគោលដៅ​ស្វែងរក​ទីតាំង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម នៅ​ក្នុង​ប្រទេស​លីប៊ី ដើម្បី​ដៅជាចំណុច​ស៊ីប សម្រាប់​ការ​វាយប្រហារ​តាមផ្លូវអាកាស។

កាសែត​ឡឺម៉ុងដ៍​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា ក្រៅពី​កងកម្លាំង​សម្ងាត់​ដែល​ធ្វើ​សកម្មភាព​នៅលើ​ដី បារាំង​ក៏​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ឲ្យ​​ទៅធ្វើ​សកម្មភាព​នៅ​ក្នុងដែនអាកាស​របស់​លីប៊ី​ផងដែរ។

ប៉ុន្មានម៉ោង​ក្រោយ​ពី​ការ​ចុះផ្សាយ​របស់​កាសែត​ឡឺម៉ុងដ៍ រដ្ឋាភិបាល​លីប៊ី ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ទ្រីប៉ូលី ហើយ​ដែល​មិនត្រូវ​បាន​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ បាន​ចេញសេចក្តីប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់ថា កងកុម្ម៉ង់ដូ​របស់​បារាំង គឺ​ពិតជា​កំពុងតែ​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​លីប៊ី​មែន ហើយ​កំពុងតែ​ធ្វើការ​ដឹកនាំ​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​ក្រុម​អ៊ីស្លាម​ប្រកាន់​តឹង នៅ​ក្នុង​ទីក្រុង​បេនហ្កាហ្ស៊ី។

ក្រសួងការពារជាតិ​បារាំង​វិញ​មិនបានចេញមុខ​ទទួលស្គាល់ ឬ​ក៏​បដិសេធ​ព័ត៌មាន​ស្តីពី​វត្តមាន​កងកុម្ម៉ង់ដូ​បារាំង​នៅ​លីប៊ី​នេះ​ទេ ក៏ប៉ុន្តែ បាន​សម្រេច​បើក​ការស៊ើបអង្កេត​មួយ ដើម្បី​ស្វែងរក​អ្នក​ដែល​បាន​បញ្ចេញ​ព័ត៌មាន ដែល​ត្រូ​វបាន​ចាត់បញ្ចូល​ជា​ការណ៍សម្ងាត់រដ្ឋ។ មន្រ្តី​ជំនិតនឹង​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​បារាំង​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អាអ៊ែហ្វប៉េ​ថា នៅពេលណាដែល​កងកុម្ម៉ង់ដូ​បើក​ធ្វើ​សកម្មភាព​ដោយ​សម្ងាត់​ គេ​ចាំបាច់​ត្រូវ​តែ​លាក់ការណ៍​សម្ងាត់ ពីព្រោះ​ថា កាលណា​ព័ត៌មាន​ត្រូវ​លេចធ្លាយ​ជា​សាធារណៈ វា​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​កងកុម្ម៉ង់ដូ ព្រមទាំង​​អាច​ធ្វើ​ឲ្យ​ប្រតិបត្តិការ​សម្ងាត់​នេះ​ត្រូវ​ទទួល​បរាជ័យ។

គួរបញ្ជាក់ថា បច្ចុប្បន្ន​នេះ បារាំង ក៏ដូចជា​អាមេរិក និង​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេងទៀត កំពុងតែ​មាន​ក្តីបារម្ភ​ខ្លាំង​ ដោយ​មើល​ឃើញ​ពី​​ការកើនឡើង​នៃ​វត្តមាន​​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​​នៅ​ក្នុង​ប្រទេស​លីប៊ី ដែល​ជា​ប្រទេស​កំពុង​ស្ថិត​ក្នុង​ភាព​អនាធិបតេយ្យ​ពេញទំហឹង ចាប់តាំង​ពី​ក្រោយ​បដិវត្តន៍​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ​កាដាហ្វ៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ