អានតួអត្ថបទ
រុស្ស៊ី-ប៉ាឡេស្ទីន

ទស្សនកិច្ច​លោក​ប្រមុខ​ការទូត​ប៉ាឡេស្ទីន​នៅ​រុស្ស៊ី

នា​រសៀល​ថ្ងៃ៨​មិថុនា​ម្សិលមិញ ក្នុង​ក្របខ័ណ្ឌ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រុង​មូស្គូ លោក​ប្រមុខការទូត​ប៉ាឡេស្ទីន Ryad al-Maliki បាន​ជួប​ចរចា ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស រុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ ដោយ​ផ្តោត​ទៅ​លើ​ដំណោះស្រាយ​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន។ ថ្លែង បន្ទាប់​មក ក្នុង​សន្និសីទ​កាសែត គូភាគី​បាន​ឯកភាព​គ្នា​ថា នៅ​លើ​ផ្លូវ​ដំណោះស្រាយ​នេះ ដែល ធ្លាក់​ក្នុង​ភាព​ជាប់គាំង ជា​បឋម ត្រូវ​តែ​ស្តារ​ឡើងវិញ​កិច្ចចរចាប៉ាឡេស្ទីន អ៊ីស្រាអែលដែលបាន​ផ្តាច់​ទៅ អស់​ពីរឆ្នាំ​មក​ហើយ។

លោក​​ប្រមុខ​​ការទូត​​ប៉ាឡេស្ទីន Ryad al-Maliki (រូបឆ្វេង) និង​សមភាគី​រុស្ស៊ី​លោក​ស៊ែរហ្គៃ ឡាវ្រ៉ូវ
លោក​​ប្រមុខ​​ការទូត​​ប៉ាឡេស្ទីន Ryad al-Maliki (រូបឆ្វេង) និង​សមភាគី​រុស្ស៊ី​លោក​ស៊ែរហ្គៃ ឡាវ្រ៉ូវ Reuters
ផ្សាយពាណិជ្ជកម្ម

អ្វី​ជា​ការ​កត់សម្គាល់ ទស្សនកិច្ច​លោក​ប្រមុខ​ការទូត​ប៉ាឡេស្ទីន នៅ​មូស្គូ ប្រព្រឹត្ត​ទៅ គឺរំលង​ផុត តែ​៥ថ្ងៃ​សោះ ក្រោយ​ពី​នៅ​ក្រុង​ប៉ារីស តាម​គំនិត​ផ្តួចផ្តើម​របស់​បារាំង មាន​បើក​ធ្វើ កាល​ពី​ថ្ងៃ៣​មិថុនា ជំនួប​ថ្នាក់​រដ្ឋមន្ត្រី នៃ​២៦ប្រទេស​ដើម្បី​សាកល្បង ស្តារ​ឡើងវិញ​កិច្ចចរចា ប៉ាឡេស្ទីន-អ៊ីស្រាអែល ដែល បាន​ផ្តាច់​ទៅ​ពីរ​ឆ្នាំ​មុន។ ចំណុច គួរ​ឲ្យ​កត់សម្គាល់​មួយទៀត គឺ គណៈប្រតិភូ​ប៉ាឡេស្ទីន វត្តមាន​នៅ​ម៉ូស្គូ ចំ​ពេល ដែល​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahou បង្ហើយ​ទស្សនកិច្ច​រយៈពេល​៣ថ្ងៃ​របស់​គាត់ ក្នុង​រដ្ឋធានី​រុស្ស៊ីតែ​ម្តង។

ទាក់ទង​នឹង​រឿង​នេះ លោក​ប្រមុខ​ការទូត​ប៉ាឡេស្ទីន Ryad al-Maliki ថ្លែង​ថា ការ​ដែល​មូស្គូ មាន ទំនាក់ទំនង​ល្អ ជាមួយ​ប៉ាឡេស្ទីន​ផង ជាមួយ​អ៊ីស្រាអែល​ផង គឺ ទទួល​យក​ទៅ​ដាក់លើ​ខ្លួន នូវ តួនាទី​ជា​សន្តិភាវូបនីយករ។ លោក Maliki បាន​សម្តែង​សេចក្តី​សោមនស្សចំពោះ​ការ​ផ្លាស់ប្តូរ​មតិ​ដោយ​ស៊ីជម្រៅ ដោយ ស្មោះត្រង់ ជាមួយ​លោក ស៊ែរហ្គៃ ឡាវ្រ៉ូវ រដ្ឋមន្ត្រី​ការរទេស​រុស្ស៊ី ប្រទេស ជា​មិត្ត​ប៉ាឡេស្ទីន។

តាម​សម្តី​គាត់ រុស្ស៊ី ដែល​ស្ថិត​នៅ​ក្នុង​ក្រុម ៤អន្តរការី​អន្តរជាតិ ទន្ទឹម​នឹង ស.រ.អា. សហភាពអឺរ៉ុប អ.ស.ប. គឺ អាច​ដើរ​តួវិជ្ជមាន ក្នុង​ការ​​បង្ខិត​គោលជំហរ របស់​ភាគី​បដិបក្ខ​ឲ្យ​ចូល​ជិតគ្នា ដើម្បី​រក ដំណោះស្រាយ តាម​ផ្លូវនយោបាយ ឲ្យ​ជម្លោះ​អ៊ីស្រាអែល-ប៉ាឡេស្ទីន។ គាត់​ក៏លើក​ឡើង​ថា ភាគី​ប៉ាឡេស្ទីន ស្ថិត​នៅ​ភក្តី​ឥត​រេរា ចំពោះ​ការ​បង្កើត​ឡើង ជា​រដ្ឋ​ប៉ាឡេស្ទីនឯករាជ្យ ក្នុង​ព្រំដែន ឆ្នាំ១៩៦៧។

ត្រង់​ចំណុច​នេះ គួរ​រំលឹក​ថា ការ​ទាមទារ​បែប​នេះ រមែង​ច្រាន​ចោល​ដោយ​ភាគី​អ៊ីស្រាអែល ពីព្រោះ​ព្រំដែន​នោះ រួម​ក្តោប​ទាំង​សង្កាត់​ខាង​កើត​នៃ​ក្រុង Jerusalem ជា​ទី​ដែល​មាន​ជនជាតិ អ៊ីស្រាអែល ចំនួន កន្លះលាន នាក់ រស់​នៅ​ទៅ​ហើយ។ ថ្លែង​ក្នុង​សន្និសីទកាសែត​នោះ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ សង្កត់ធ្ងន់​ទៅ​លើ​ចំណុច​ពីរ គឺ​ថា ទី១ ត្រូវ​តែដាក់​ឲ្យ​ក្រុម៤អន្តរការី​អន្តរជាតិ​ដែល​ទទួល​រ៉ាប់រង​ដោះស្រាយ ស្ថានការណ៍​ស្មុគស្មាញ​នៅតំបន់​ដើមបូព៌ា ដំណើរការ​កាន់​តែ​សកម្ម​ឡើង​ដើម្បី​កុំ​បណ្តោយ​ឲ្យ​មាន​សង្គ្រាមផ្ទុះ​ឡើង​ជាថ្មី​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ហើយ​ទី២ រុស្ស៊ី​ត្រៀម​ចាត់ចែង​ឡើង​ជា​លើក​បន្តបន្ទាប់​នៅ​ក្រុង​ម៉ូស្គូ គឺ​ជំនួប​រវាង​ភាគី​បដិបក្ខ​ផ្ទៃក្នុង​ប៉ាឡេស្ទីន​ផ្ទាល់​ក្នុង​នាម​នៃ​ឯកភាពជាតិ​ប៉ាឡេស្ទីន។

ចំណែក​រឿង​ស្តារ​ឡើង​វិញ កិច្ចចរចា​អ៊ីស្រាអែល-ប៉ាឡេស្ទីន​នោះ​តាម​សម្តី​លោក​ឡាវ៉្រូវ ពេល​វេលា​នឹង​បង្ហាញ​ឲ្យ​ឃើញ តើ​វា​នឹង​លេច​ចេញ​ជា​ផ្លែផ្កា​យ៉ាង​ណា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ