អានតួអត្ថបទ

ក្រុងគៀវ មានបំណង សុំឲ្យកោះប្រជុំជាបន្ទាន់ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.

ក្រុងគៀវកំពុងសិក្សា​បញ្ហា កោះ​ប្រជុំ​ជា​បន្ទាន់ ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប. ប្រសិនបើ​ភាព​តានតឹង​នៅតែ​បន្ត​ទៅ ក្រោយ​ពីម៉ូស្គូ ល្ងាច​ថ្ងៃ​១០​សីហា​ម្សិលមិញ បានចោទ អាជ្ញាធរ​អ៊ុយក្រែន​ថា ជា​អ្នក​ចាត់ចែង ឲ្យ​មាន​ការប៉ុនប៉ង​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​នៅ​លើ​ទឹកដី​គ្រីមេ- សេចក្តី​នេះ ថ្លែង​ល្ងាច​នោះ​ឯង ដោយ​តំណាង​អចិន្ត្រៃយ៍​របស់​អ៊ុយក្រែន ប្រចាំនៅ អ.ស.ប.។

លោកពូទីន​ចោទ​អ៊ុយក្រែន​ថា​រៀបចំ​គម្រោង​ភេរវកម្ម​នៅ​គ្រីមេ
លោកពូទីន​ចោទ​អ៊ុយក្រែន​ថា​រៀបចំ​គម្រោង​ភេរវកម្ម​នៅ​គ្រីមេ REUTERS/Vasily Maximov
ផ្សាយពាណិជ្ជកម្ម

តាមសំដី តំណាងអចិន្ត្រៃយ៍​របស់​អ៊ុយក្រែន ប្រចាំ​នៅ អ.ស.ប. លោក​អគ្គរដ្ឋទូត Volodymyr Yelchenko ៖ យើង​ត្រៀម​ជានិច្ច ចំពោះ​អំពើ​បង្ក​ហេតុ​ថ្មីៗ​ពី​ខាង​រុស្ស៊ី។ យើង​ចិញ្ចឹម​ទុក គម្រោង​កោះ​ប្រជុំ​នេះ ហើយ​បើ​ស្ថានការណ៍​តានតឹង​ហួស​កម្រិត​នោះ យើង​នឹង​សុំ​ឲ្យ កោះ​ប្រជុំ​ភ្លាម ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប.។

អ៊ុយក្រែន បានក្លាយជា​សមាជិក​មិន​អចិន្ត្រៃយ៍ របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. គឺ កាលពី​ខែ​មករា​ឆ្នាំ​នេះ ហើយ​មាន​សិទ្ធិ​កោះប្រជុំ​ជា​បន្ទាន់​ក្រុម​ប្រឹក្សា​នេះ បើ​ខ្លួន​យល់​ថា​បញ្ហា​ណា​មួយ ស្រាប់តែ ពាំនាំ​ជា​គ្រោះថ្នាក់​ដល់​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិ។ ក្នុងរយៈពេល​នេះ អ៊ុយក្រែន បាន​កោះប្រជុំ ក្រុម​ប្រឹក្សា​នេះ​តែ​មួយ​លើក​គត់ ឧទ្ទិស​ដល់​វិបត្តិ​ក្នុង​ប្រទេស​ខ្លួន ដោយ​សុំ​ឲ្យ អ.ស.ប. ពង្រាយ​ទ័ព​មួក​ខៀវ ខាង​រក្សា​សន្តិភាព នៅ​តំបន់​បះបោរ​ខាងកើត​អ៊ុយក្រែន ប៉ុន្តែ​រហូត​មក​ទល់​ឥឡូវ សំណើ​នេះ​របស់​អ៊ុយក្រែន នៅ​កក​ស្ទះ​ដោយ​មក​ពី​មាន​ការជំទាស់ ពី​ខាងរុស្ស៊ី ដែល​បំពាក់​ទៅ​ដោយ​សិទ្ធិ​វេតូ ក្នុង​ឋានៈ​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​ក្រុមប្រឹក្សា សន្តិសុខអ.ស.ប. ។

គឺថ្ងៃ១០សីហា ដែលស្ថាប័នសន្តិសុខជាតិ​រុស្ស៊ី FSB បាន​ប្រកាស​ថា ចាប់​បាន ពួក​វិច្ឆេតករ អ៊ុយក្រែន ដែល​បញ្ជូន​ដោយ​អាជ្ញាធរ​ក្រុងគៀវ ឲ្យ​ទៅ​ប្រព្រឹត្ត​អំពើ​ភេរវកម្ម នៅ​លើ​ទឹកដី​គ្រីមេ ទឹកដី ដែល​ម៉ូស្គូ​ចាត់ទុក​ជា ដែនដី​សហព័ន្ធ​រុស្ស៊ី តាំងពី​ខែ​មិនា​ឆ្នាំ​២០១៤​មក។ ទូរទស្សន៍​រុស្ស៊ី ថែម​ទាំង​បាន​បង្ហាញ​ឲ្យ​ឃើញ​ទាំង​អាវុធ ទាំង​គ្រឿង​ផ្ទុះ មាន​ម៉ាក​វា សរសេរ​ជា​ភាសា​អ៊ុយក្រែន ទៅផង ព្រមទាំង​សម្លេង​សារភាព នៃ​ពួក​ជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ។   

ម៉្លោះហើយបានជា លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន ក្នុង​ថ្ងៃ​នោះ​តែម្តង បាន​ប្រតិកម្ម​ដោយ​ឆេះ​ដុំ ហើយ​ចោទ​ក្រុងគៀវ​ត្រង់ៗ ដែល​មិនធ្លាប់​មាន​ទេ​ពី​មុនៗ​ថា​ជា​អ្នក​ចាត់ចែង​អំពើ​ភេរវកម្ម​នៅលើ​ ទឹកដី​រុស្ស៊ី ដែល​ជា​ជម្រើស​ថ្មី​របស់​អ៊ុយក្រែន សម្រាប់​ដោះស្រាយ​ជម្លោះ។ ដោយហេតុថា ក្នុង ប្រតិបត្តិការ​ទប់​ស្កាត់​អំពើ​ភេរវកម្ម​នោះ មាន​យោធា​រុស្ស៊ី​ពីរ​នាក់​បាន​ធ្លាក់​ខ្លួន​ស្លាប់ បាន​ជា​គាត់ ព្រមាន​ថា វិធានការ​បក​វិញ​យ៉ាង​មធ្យ័ត ពី​ខាង​រុស្ស៊ី នឹង​កើត​មាន​ចៀស​មិន​ផុត​ទេ។

ចំណែកលោកប្រធានាធិបតី​អ៊ុយក្រែន ប៉ូរ៉ូឆេនកូ បានច្រានចោល ការចោទប្រកាន់​របស់ លោក​ពូទីន ដោយ​ចាត់ទុក​ការចោទប្រកាន់​នេះ ថាជា “គំនិត​រវើរវាយ​មិន​ចេះ​ខ្មាស និង​ថា គឺ រុស្ស៊ី​ខ្លួន​ឯង​ទេ​តើ ជាប្រទេស​ភេរវនិយម តាមរយៈ​សកម្មភាព​ខ្លួន នៅគ្រីមេ និង នៅ តំបន់ បះបោរ​ខាងកើត​អ៊ុយក្រែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ