អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​អាមេរិក និង​រស្ស៊ី​ដំឡើង​សម្លេង​ដាក់​គ្នា​លើ​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​ស៊ីរី​ដែល​ពួក​គេ​ជា​អ្នក​អនុម័ត?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃទី៩ កញ្ញា លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ចន ឃែរី និង​សមភាគី​រុស្ស៊ី​ស៊ែហ្កី ឡាវរ៉ូស្វ​បាន​រក​ឃើញ​កិច្ចព្រមព្រៀង​ឈប់បាញ់​មួយ​សម្រាប់​ប្រទេស​ស៊ីរី។ កិច្ចព្រមព្រៀង​ឈប់​បាញ់​អាមេរិក រុស្ស៊ី​នៅ​ស៊ីរី​បាន​ចូល​ជា​ធរមាន​ក្នុង​ថ្ងៃទី១២ កញ្ញា។ ក្រៅ​ពី​គ្រោង​ឲ្យ​មាន​ការ​ព្យួរ​បទ​ឈប់​បាញ់ កិច្ចព្រមព្រៀង​ក៏​គ្រោង​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ពលរដ្ឋ​ស៊ីរី​ដែល​កំពុង​ជាប់គាំង​នៅ​ក្នុង​ទីក្រុង​អាឡិប​ដែរ។ មួយ​សប្តាហ៍​ក្រោយ​ការ​ចូល​ជា​ធរមាន​មក កិច្ចព្រមព្រៀង​ឈប់បាញ់​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល ហើយ​អាមេរិក និង​រុស្ស៊ី​បែរ​ជា​កំពុង​ដំឡើង​សរសៃ ក ដាក់​គ្នា​ទៅ​វិញ។ តើ​កិច្ចព្រមព្រៀង​អាមេរិក រុស្ស៊ី​ត្រូវ​រលាយ​ត្រឹម​នេះ ឬ​យ៉ាង​ណា និង​ថា ហេតុអ្វី​បាន​ជា​អាមេរិក និង​រុស្ស៊ី​ពិបាក​រក​កុងសង់ស៊ុស​នៅ​ស៊ីរី​ខ្លាំង​ម្ល៉េះ?

លោក​ប្រមុខ​​ការទូត​អាមេរិក​ចន ឃែរី និង​សមភាគី​រុស្ស៊ី​ស៊ែហ្កី ឡាវរ៉ូស្វ
លោក​ប្រមុខ​​ការទូត​អាមេរិក​ចន ឃែរី និង​សមភាគី​រុស្ស៊ី​ស៊ែហ្កី ឡាវរ៉ូស្វ REUTERS/Mandel Ngan/Pool
ផ្សាយពាណិជ្ជកម្ម

ជាង ៥ឆ្នាំ​មក​ហើយ​ដែល​ប្រទេស​ស៊ីរី​បាន​ធ្លាក់​ក្នុង​សង្រ្គាម​ហែកហួរ​គ្នា​ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៣០០ ០០០នាក់ របួស​ជា​ច្រើន​ម៉ឺននាក់ និង​បាន​បន្សល់​ទុក​ជនភៀសខ្លួន​ជា​ច្រើន​លាន​នាក់​ផ្សេង​ទៀត។ មាន​ប្រជាជន​ស៊ីរី​ប្រមាណ​ជា​ពាក់កណ្តាល​ក្នុង​ចំណោម​ប្រជាជន​សរុប​បាន​រត់​ចេញ​ពី​លំដ្ឋាន​របស់​ខ្លួន​ក្នុង​រយៈពេល​ជាង ៥ឆ្នាំ​កន្លង​ទៅ ក្នុង​នោះ មាន​ភាគច្រើន​បាន​រត់​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ក្នុង​ស្រុក​ដើម្បី​គេច​ពី​តំបន់​ជម្លោះ។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា មាន​ជាង  ៤លាននាក់​បាន​សម្រេច​ចិត្ត​ភៀសខ្លួន​រត់​ចេញ​ស្រុក​កំណើត​របស់​ខ្លួន​ផ្សងព្រេង​ទៅ​ជ្រកកោណ​នៅ​បរទេស ពិសេស​នៅ​ក្នុង​ប្រទេស​ជិតខាង។

ជម្លោះ​នៅ​ស៊ីរី​ជា​ជម្លោះ​រវាង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​អាសាដ និង​ក្រុម​បះបោរ​ដែល​បាន​ចម្លង​យក​តាម​បដិវត្តន៍​អារ៉ាប់។ តែ​អ្វី​ជា​ការ​កត់​សម្គាល់ នៅ​ពេល​ដែល​មាន​ប្រទេស​ភាគ​ច្រើន​បាន​ឆ្លង​ផុត​ពី​បដិវត្តន៍​ដោយ​ជោគជ័យ ឬ​បរាជ័យ​នោះ ក៏​នៅ​មាន​ប្រទេស​ខ្លះ​ទៀត​កំពុង​បន្ត​ទទួល​រង​បដិវត្តន៍​អារ៉ាប់​យ៉ាង​ត្រដាបត្រដួស និង​អូសបន្លាយ​យ៉ាង​រ៉ាំរ៉ៃ​ដូច​ករណី​ប្រទេស​ស៊ីរី​ជា​ឧទាហរណ៍​ជាក់ស្តែង​មិន​អាច​ប្រកែក​បាន​ទេ។ ក្នុង​រយៈពេល​ជាង ៥ឆ្នាំ​កន្លង​ទៅ សហគមន៍​អន្តរជាតិ​បាន​ខ្នះខ្នែង​សម្បើម​ណាស់​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​សមស្រប​មួយ​ដែល​អាច​ទទួល​បាន​ទាំង​អស់​គ្នា​សម្រាប់​ប្រទេស​ស៊ីរី។

មាន​សន្និសីទអន្តរជាតិ​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​ឡើង រួម​ទាំង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​លក្ខណៈ​ទ្វេភាគី​របស់​ប្រទេស​មហាអំណាច​មួយ​ចំនួន​ផង ពិសេស​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​រុស្ស៊ី។ អ្វី​ដែល​ទីក្រុង​វ៉ាស៊ីតោន និង​មូស្គូ​សម្រេច​បាន​នា​ពេល​កន្លង​មក គឺ​កិច្ចព្រមព្រៀង​ឈប់បាញ់​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ពលរដ្ឋ​ស៊ីរី​ដែល​កំពុង​ជាប់​កុន​នៅ​ក្នុង​តំបន់​ជម្លោះ ឬ​មួយ​ក៏​ចូលរួម​កាត់​បន្ថយ​ការ​ស្លាប់​របស់​ជនស៊ីវិល​ស្លូតត្រង់។ ជាក់ស្តែង កិច្ចព្រមព្រៀង​ឈប់​បាញ់​លើកទី១ កាល​ពី​ខែ​មីនា​ដែល​បាន​ចូល​ជា​ធរមាន​រយៈ​ពេល ១ខែ និង​កិច្ចព្រមព្រៀង​ឈប់បាញ់​លើកទី២ កាល​ពី​ថ្ងៃទី៩ កញ្ញា​ដែល​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី១២ កញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ។

តែ​បញ្ហា​នៅ​ត្រង់​ថា កិច្ចព្រមព្រៀង​ឈប់​បាញ់​លើកទី២ ដែល​ទើប​ចូល​ជា​ធរមាន​បាន​មួយ​សប្តាហ៍ ក៏​ស្រាប់​តែ​មាន​ភាព​ផុយស្រួយ និង​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​ទៅ​វិញ។ ផុយស្រួយ និង​ស្រពិចស្រពិល​ក៏​ដោយសារ​ថា ការ​ផ្ទុះ​អាវុធ​កំពុង​បន្ត​មាន ហើយ​ការ​ដឹក​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ពលរដ្ឋ​ស៊ីរី​ក៏​កំពុង​ជាប់គាំង​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​តួកគី និង​ស៊ីរី។ ការ​ផ្ទុះ​អាវុធ​ជា​ថ្មី​លើកទី១ បាន​កើត​មាន​នៅ​ថ្ងៃ​សុក្រ ទី១៦ កញ្ញា ចំ​ថ្ងៃទី៤ នៃ​ការ​ចូល​ជា​ធរមាន​របស់​កិច្ចព្រមព្រៀង។ បន្ទាប់​មក​នៅ​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី១៨ កញ្ញា ស្ថានការណ៍​បាន​វិល​រក​ទ្រនំ​ដើម​ដោយ​កម្លាំងសម្ព័ន្ធមិត្ត​ដឹក​នាំ​ដោយ​អាមេរិក​បាន​ផ្តើម​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​ទ័ពរដ្ឋាភិបាល​ស៊ីរី និង​លើ​ស្រុក​មួយ​ចំនួន​ក្នុង​ទីក្រុង​អាឡិប។

អាមេរិក​បាន​ប្រកាស​សារភាព​ថា ខ្លួន​ពិត​ជា​បាន​បើក​ការ​វាយប្រហារ​នោះ​មែន តែ​ស្មាន​តែ​ទីតាំង​វាយប្រហារ​នោះ​ជា​ទីតាំង​របស់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ឆ្លើយ​សារភាព​របស់​អាមេរិក​មិន​អាច​ទប់កំហឹង​របស់​រុស្ស៊ី​បាន​ឡើយ។ មូស្គូ​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​ដោយ​ចោទ​អាមេរិក​ត្រង់ៗ​ពី​បទ​រំលោភបំពាន​លើ​កិច្ចព្រមព្រៀង និង​មិន​បាន​ចែក​ឲ្យ​ដាច់​រវាង​ពួកឧទ្ទាមបះបោរ និង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ សង្រ្គាម​ពាក្យសម្តី​រវាង​អាមេរិក និង​រុស្ស៊ី​បាន​ឆ្លង​ចូល​ទៅ​ដល់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក។

សម្តី​វាយប្រហារ​រុស្ស៊ី​បាន​ផ្តើម​ចេញ​ពី​មាត់​លោកស្រី Samantha Power ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ។ លោកស្រី Power បាន​ចោទ​រុស្ស៊ី​ពី​បទ​បន្ត​គាំទ្រ​របបស៊ីរី​របស់​លោក​ប្រធានាធិបតី​អាសាដ​ដែល​បាន​វាយប្រហារ​លើ​ជនស៊ីវិល​ស្លូតត្រង់ និង​បន្ត​ធ្វើ​ទារុណកម្ម​លើ​អ្នកទោស​ជា​ច្រើន​ពាន់នាក់។ ជា​ចម្លើយ​តប​វិញ លោក Vitaly Tchourkine ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​មិន​បាន​ប្រើ​សម្តី​ខ្លាំងៗ​ដាក់​អាមេរិក​ទេ គ្រាន់​តែ​ថា សម្តី​របស់​លោកស្រី Power ជា​ប្រផ្នូលអាក្រក់​មួយ​ដែល​ពិបាក​ឲ្យ​រុស្ស៊ី​បន្ត​អនុវត្តន៍​កិច្ចព្រមព្រៀង​ឈប់បាញ់​ឲ្យ​បាន​ខ្ជាប់ខ្ជួន។

អ៊ីចឹង​សួរ​ថា តើ​កិច្ចព្រមព្រៀង​ឈប់បាញ់​នៅ​ស៊ីរី​ដែល​អនុម័ត​ដោយ​អាមេរិក និង​រុស្ស៊ី​ត្រូវ​ចប់​ត្រឹម​នេះ ឬ​យ៉ាង​ណា និង​ថា តើ​គេ​អាច​ស្រោចស្រង់​កិច្ចព្រមព្រៀង​នេះ​បាន​ដែរ ឬ​ទេ?

វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​គេ​អាច​ផ្តល់​ចម្លើយ​មួយ​ច្បាស់លាស់។ អ្វី​ដែល​គេ​ដឹង អាមេរិក និង​រស្ស៊ី​បាន​សង្ឃឹម​ដូច​គ្នា​តាំង​ពី​ដំបូង​ថា កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ​ស៊ីរី​នឹង​អាច​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​រួមសហការណ៍​ផ្លូវយោធា​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី។ តែ​ឧបសគ្គ​ដែល​កំពុង​បន្ត​ខ្ទាស់​ជើង​អ្នក​ទាំង​ពីរ គឺ​ការ​បន្ត​មិន​ទុក​ចិត្ត​គ្នា និង​ការ​យល់ឃើញ​មិន​ដូច​គ្នា​ចំពោះ​ដំណោះស្រាយ​ឲ្យ​ស៊ីរី។ នៅ​ម្ខាង រុស្ស៊ី​បន្ត​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី​របស់​លោក​អាសាដ និង​នៅ​ម្ខាង​ទៀត អាមេរិក​បន្ត​គាំទ្រ​ក្រុមបះបោរ និង​ចង់​បាន​ដំណោះស្រាយ​ឲ្យ​ស៊ីរី​ដោយ​គ្មាន​វត្តមាន​លោក​អាសាដ។

យ៉ាង​ណា​ក៏​ដោយ សំណុំរឿង​ស៊ីរី​កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ពេល​នេះ។ សហគមន៍​អន្តរជាតិ​សង្ឃឹម​នឹង​បន្ត​កិច្ចព្រមព្រៀង​អាមេរិក រុស្ស៊ី​ក្នុង​គោលដៅ​ផ្តល់​សន្ទុះ​កិច្ចចរចា​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិស៊ីរី។ នៅ​មិន​មាន​ចម្លើយ​ភ្លាមៗ​ពី​អាមេរិក និង​រុស្ស៊ី​ទេ តែ​លោក​ចន ឃែរី និង​លោក​ស៊ែរហ្កី ឡាវរ៉ូស្វ​បាន​ព្រមព្រៀង​គ្នា​កោះប្រជុំ​ជា​សាធារណៈ​ស្តីពី​វិបត្តិ​ស៊ីរី​នៅ​ថ្ងៃទី២១ កញ្ញា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ