អានតួអត្ថបទ
ស៊ីរី

ស៊ីរី៖កិច្ចព្រមព្រៀង​ឈប់​បាញ់​កំពុង​ស្ថិត​ក្នុង​ភាព​ជាប់គាំង

នៅ​ក្នុង​ប្រទេស​ស៊ីរី កិច្ចព្រមព្រៀង​ឈប់បាញ់​ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃ​ចន្ទ ទី១២ កញ្ញា​បាន​ផុត​កំណត់​នៅ​រំលង​អធ្រាត្រ​ថ្ងៃ​អាទិត្យ ទី១៨ កញ្ញា។ នៅ​ថ្ងៃ​ចន្ទ ទី១៩ កញ្ញា​នេះ កិច្ចព្រមព្រៀង​ឈប់​បាញ់​កំពុង​បន្ត​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល ព្រោះ​ភាគី​អាមេរិក និង​រុស្ស៊ី​ដែល​ជា​តួអង្គ​នៃ​កិច្ចព្រមព្រៀង​នៅ​មិន​ទាន់​បាន​ប្រកាស​ឲ្យ​ដឹង​ថា តើ​ត្រូវ​ពន្យា​ពេល ឬ​មិន​ពន្យា​ពេល​បន្ថែម​ឬ​អត់​ទេ។ ទន្ទឹម​គ្នា​នេះ អាមេរិក និង​រុស្ស៊ី​ក៏​កំពុង​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ពី​ការ​រំលោភបំពាន​លើ​កិច្ចព្រមព្រៀង។

ស្រុក Salihin ដែល​កាន់កាប់​ដោយ​ក្រុមបះបោរ​នៅ​ប៉ែក​ខាងជើង​ទីក្រុង Alep
ស្រុក Salihin ដែល​កាន់កាប់​ដោយ​ក្រុមបះបោរ​នៅ​ប៉ែក​ខាងជើង​ទីក្រុង Alep AMEER ALHALBI / AFP
ផ្សាយពាណិជ្ជកម្ម

ការ​ដំឡើង​សរសៃ ក ដាក់​គ្នា​រវាង​អាមេរិក និង​រុស្ស៊ី​បាន​កើត​មាន​ឡើង បន្ទាប់​ពី​ក្រុម អ្នកសង្កេរការណ៍​សិទ្ធិមនុស្ស​នៅ​ស៊ីរី​បាន​ប្រកាស​ឲ្យ​ដឹង​ថា កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​លើ​កម្លាំងទ័ព​រដ្ឋាភិបាល​ស៊ីរី និង​ទៅ​លើ​ស្រុក​មួយ​ចំនួន​ក្នុង​ទីក្រុង​អាឡិប​ដែល​សរុប​ទៅ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៩០នាក់។ ឧប្បត្តិវហេតុ​ទាំង​អស់​នេះ​បាន​កើត​មាន​ឡើង​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ទី១៨ កញ្ញា ពោល​ចំ​ពេល​ដែល​កិច្ចព្រមព្រៀង​ឈប់​បាញ់​កំពុង​នៅ​ជា​ធរមាន។ កម្លាំង​សម្ព័ន្ធមិត្ត​មិន​បាន​បដិសេធ​ចំពោះ​ព័ត៌មាន​នេះ​ទេ តែ​បាន​សារភាព​ថា ខ្លួន​ស្មាន​តែ​ទីតាំង​វាយប្រហារ​នោះ​ជា​ទីតាំង​របស់​អង្គការ​រដ្ឋអ៊ីស្លាម។

យ៉ាង​ណា​ក៏​ដោយ ប្រទេស​រុស្ស៊ី​បាន​ទាមទារ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ជា​បន្ទាន់​មួយ​ដើម្បី​ស្វែង​រក​ការពិត។ ដោយ​មិន​ទម្លាក់​កំហុស​ត្រង់ៗ​ដាក់​អាមេរិក ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ ទី១៨ កញ្ញា​ថា បើ​អាមេរិក​មិន​បាន​បញ្ជា​ឲ្យ​ក្រុមពីឡុត​ទៅ​ទម្លាក់​គ្រាប់បែក​លើ​កម្លាំង​រដ្ឋាភិបាល​ស៊ីរី និង​លើ​ទីក្រុង​អាឡិប​ទេ នោះ​មាន​ន័យ​ថា ក្រុម​ពីឡុត​ខ្លួន​ឯង​ជា​ឧក្រិដ្ឋជន​ដែល​បាន​ចេញ​មុខ​គាំទ្រ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ នៅ​ខាង​រដ្ឋាភិបាល​ស៊ីរី​វិញ ទីប្រឹក្សា​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​បាន​ចាត់​ទុក​ទង្វើ​វាយប្រហារ​របស់​កម្លាំងសម្ព័ន្ធមិត្ត​ថា​មិនមែន​ជា​ការ​ភាន់ច្រឡំ​ទេ តែ​ជា​ទង្វើ​រៀបចំ​ទុក​មុន។

នៅ​ពេល​នេះ កិច្ចព្រមព្រៀង​ដែល​បាន​ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃទី១២ កញ្ញា​កំពុង​ជាប់គាំង​ដោយ​នៅ​មិន​ទាន់​មាន​ការ​ប្រកាស​ពី​ការ​ពន្យាពេល​បន្ថែម​ឬ​អត់​ទេ។ ទន្ទឹម​គ្នា​នេះ អាមេរិក និង​រុស្ស៊ី​ដែល​ជា​តួអង្គ​នៃ​កិច្ចព្រមព្រៀង​បែរ​ជា​កំពុង​ដំឡើង​សម្លេង​ដាក់​គ្នា​ដោយ​ធ្វើ​ការ​ចោទ​គ្នា​ទៅ​វិញ ទៅ​មក​ពី​បទ​រំលោភបំពាន​លើ​កិច្ចព្រមព្រៀង​នោះ។ សូម​រម្លឹក​ជូន​ថា កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ​ស៊ីរី​ជា​កិច្ចព្រមព្រៀង​អនុម័ត​ដោយ​ទីក្រុង​វ៉ាស៊ីនតោន និង​មូស្គូ។ កម្មវត្ថុ គឺ​សម្រួល​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​អាមេរិក និង​រុស្ស៊ី​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ទឹកដី​ស៊ីរី។ ទន្ទឹម​គ្នា​នេះ កិច្ចព្រមព្រៀង​ឈប់​បាញ់​ក៏​ជួយ​សម្រួល​ឲ្យ​មាន​ការ​ដឹក​ជំនួយ​មនុស្សធម៌​ទៅ​ឲ្យ​ពលរដ្ឋ​ស៊ីរី​ដែល​កំពុង​ជាប់​កុន​នៅ​ក្នុង​ទីក្រុង​អាឡិប​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ