អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

រុស្ស៊ី​បញ្ជូន​មីស៊ីល Iskander ទៅ​ប្រចាំការ​បន្ថែម​ទៀត​នៅ​ខេត្ត​​​ខាង​លិច​របស់​ខ្លួន

រសៀល​ថ្ងៃ​៨តុលា​ម្សិលមិញ ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​ថ្លែង​បញ្ជាក់​ពី​ការ​បញ្ជូន​ប្រព័ន្ធ​មីស៊ីល​ធុន Iskander-M ទៅ​ប្រចាំការ​បន្ថែម​ទៀត​នៅ​លើ​ដែនដី​ខេត្ត Kaliningrad​ ជា​ខេត្ត​នៅ​ប៉ែក​ខាងលិច​បង្អស់​នៃ​សហព័ន្ធ​រុស្ស៊ី​នៅ​ជាប់​នឹង​ព្រំដែន​ប៉ូឡូញ និង​លីទុយអានី។ ក្រសួង​យោធា​រុស្ស៊ី​គូសបញ្ជាក់​ថា បញ្ជូន​ទៅ​នេះ គឺ​ក្នុង​ក្របខ័ណ្ឌ​នៃ​លំហាត់​សឹក។

រុស្ស៊ី​បញ្ជូន​មីស៊ីល Iskander ទៅ​ប្រចាំការ​បន្ថែម​ទៀត​នៅ​ខេត្​​ខាង​លិច​របស់​ខ្លួន
រុស្ស៊ី​បញ្ជូន​មីស៊ីល Iskander ទៅ​ប្រចាំការ​បន្ថែម​ទៀត​នៅ​ខេត្​​ខាង​លិច​របស់​ខ្លួន REUTERS/Sergei Karpukhin/Files
ផ្សាយពាណិជ្ជកម្ម

មូលហេតុ​នៃ​ការ​បញ្ជាក់​នេះ មក​ពី​មួយ​ថ្ងៃ​មុន ប្រព័ន្ធ​ផ្សព្វផ្សាយ​ខាង​លិច​ខ្លះ​មាន Reuters និង​កាសែត​អង់គ្លេស The Guardian យោង​ទៅ​លើ​ប្រភព​អេស្តូនី​នាំ​គ្នា​ផ្សាយ​ថា មីស៊ីល​ធុន Iskander-M ដឹក​ទៅ​នោះគឺ​តាម​កប៉ាល់​ចេញ​ពី​ផែ​ក្រុង Siant-Petersbourg ទៅ។ ម៉្លោះហើយ​បាន​ជា​រសៀល​ម្សិលមិញ ដោយ​ថ្លែង​ទៅ​ពូក​អ្នកកាសែត តំណាង​ផ្លូវការ​នៃ​ក្រសួង​ការពារជាតិ​រុស្ស៊ី លោក​ឧត្តមសេនីយទោ Igor Konashenkovលម្អិត​ថា កងទ័ព​រុស្ស៊ី​ដែល​ធ្លាប់​បានបញ្ជូន​មីស៊ីល​បែប​នេះ មិន​តិច​ដង​ទេ ទៅ​កាន់​តំបន់ Kaliningrad នឹង​បន្ត​បញ្ជូន​វា​ត​ទៅ​ទៀត​ទាំងក្នុង​អនាគត សម​ទៅ​តាម​តម្រូវការ​សម្រាប់​ធ្វើ​លំហាត់សឹក។

គាត់​រំលឹក​ថា Iskander-M ជា​មីស៊ីល​ចល័ត​ហើយ​ក្នុង​ក្របខ័ណ្ឌ​នៃ​ផែនការ​ខាង​ត្រៀម​ប្រយុទ្ធ​អង្គភាព​ទ័ព​មីស៊ីល ២៤ម៉ោង​លើ​២៤ម៉ោង តែង​បោះ​ពួយ​ឆ្លង​កាត់​លំហ​ល្ហល្ហេវ​នៃ​សហព័ន្ធ​រុស្ស៊ី ទាំង​តាម​ផ្លូវអាកាស ទាំង​តាម​ផ្លូវទឹក និង​ទាំង​តាម​ផ្លូវគោក​ដោយ​វិធី​ខ្លួន​ឯង។ ឧត្តមសេនីយ៍​តំណាង​ឲ្យក្រសួង​ការពារជាតិ​រុស្ស៊ី​ថែម​ទាំង​បង្ហើប​ឲ្យ​ដឹង​ពី​ចំណុច​រសើប​មួយ​ទៅ​ផង​ គឺ​ថា ការ​ដឹក​មីស៊ីល Iskander លើក​នេះ​ត្រូវ​រុស្ស៊ី​ធ្វើ​ដោយ​ចំហ​ដោយ​ចេតនា គឺ​បញ្ចេញ​រូបរាង​វា​យ៉ាង​សំញែង​នៅ​លើកប៉ាល់​ឈ្មោះ Ambal ដែល​ដឹក​វា គ្រាន់​ជា​នុយ​ទាក់​ភ្នែក ផ្កាយ​រណប​អាមេរិកាំង ហើយ​មិន​យូរប៉ុន្មាន ក៏​មាន​ផ្កាយរណប​ឈ្លបការណ៍​អាមេរិកាំង​ហោះ​កាត់​ពី​លើ​ថត​មីស៊ីល​នោះ​មែន ហេតុ​ដែលអនុញ្ញាត​ឲ្យ​ភាគី​រុស្ស៊ី​បរិហារ​អាក្រាត​ប្រតិបត្តិការ​បំពេញ​ដោយ​ផ្កាយរណប​អាមេរិកាំង រួច​កំណត់បាន​យ៉ាង​ទៀងទាត់​អំពី​កម្ពស់​ហោះ និង​ផ្លូវហោះ​របស់​វា​នៅ​ពី​លើ​ដែនដី​រុស្ស៊ី។

ពិត​ជា​យោង​លើ​ទិន្នន័យ​ផ្តល់​ដោយ​ផ្កាយរណប​ខ្លួន​ដែល​បណ្តាញ​ឈ្លប​ការណ៍​អាមេរិកាំង​ថ្ងៃ​សុក្រម្សិល​ម៉្ងៃ ទម្លាយ​ដំណឹង​ថា រុស្ស៊ី​ចាប់​ផ្តើម​ដឹក​មីស៊ីល Iskander ទៅ​កាន់​ខេត្ត Kaliningrad ។ ម៉ូស្គូ​ធ្លាប់​បាន​ឲ្យ​ដឹង​ថា មីស៊ីល​នេះ​អាច​ជា​ប្រតិកម្ម​ទល់​នឹង​បក្ស​សម្ព័ន្ធ​អូតង់​ដែល​នៅ​តែ​បន្ត​ដំឡើង​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល​នៅ​លើ​ដែនដី​ប៉ូឡូញ ខែល​ដែល​រុស្ស៊ី​ចាត់​ទុក​ជា​គ្រោះថ្នាក់​ឥត​ប្រកែកបាន​ដល់​សន្តិសុខជាតិ​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ