អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

លោកពូទីន៖​ស.រ.អា. មាន​ចេតនា “បន្លប់បន្លែ “ ស្មារតី​អ្នកស្រុក​ម្ចាស់​ឆ្នោត

ការ​ដែល​នៅ​សល់​មិន​ដល់​មួយ​ខែ​ផង ដល់​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី នៅ ស.រ.អា. ចំណែក រុស្ស៊ី​ស្រាប់​តែ​ជាប់ចោទ ក្នុង​ការ​វាយលុក​ចូល​ក្នុង បណ្តាញ​អ៊ិនធ័រណែត អាមេរិកាំង ដើម្បី​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​បោះឆ្នោត​នោះ វិមាន​ក្រេមឡាំង ខំ​ប្តេជ្ញា​ការពារ​ខ្លួន ទល់​នឹង​ការ​ចោទ​ប្រកាន់​នេះ។ តាមលោក​ប្រមុខរដ្ឋ​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន គឺ​ស.រ.អា.តែ​ម្តង ដែល​ចេះ​តែ​ប្រើ សាច់រឿង​រុស្ស៊ី ជា​ឧបករណ៍ ដើម្បី​ឲ្យ​បេក្ខជន​ខាង​រដ្ឋបាល​ខ្លួន​សព្វ​ថ្ងៃ ឈ្នះ​ឆ្នោត ទាល់​តែ​បាន។

លោក​​​ប្រធានាធិបតី​រុស្ស៊ី​ពូទីន
លោក​​​ប្រធានាធិបតី​រុស្ស៊ី​ពូទីន REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

“ យើង​គ្មាន​បំណង​ជះឥទ្ធិពល​អ្វី​ណា​សោះ​ឡើយ ទៅ​លើ​យុទ្ធនាការឃោសនា​បោះឆ្នោត នៅស.រ.អា. “ នេះ​ជា​អំណះអំណាង ធ្វើ​ដោយ​លោកប្រធានាធិតី​រុស្ស៊ី ដែល​ព្រម​ជាមួយ​នេះ ក៏ គូស​បញ្ជាក់​ថា បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​អាមេរិកាំង លោក ដូណាល់ ត្រាំ ធ្លាប់​បាន ថ្លែង សម្រាប់ជា​គុណប្រយោជន៍ នៃ​សហប្រតិបត្តិការ ជាមួយ​ប្រទេស​រុស្ស៊ី ខណៈ​ដែលបេក្ខនារី ខាង​បក្សប្រជាធិបតេយ្យ​វិញ លោកស្រី ហ៊ីឡារី គ្លីនតុន ប្រកាន់ឥរិយាបទ​កាច​ជាង​គូប្រជែង​ខ្លួន ឆ្ងាយ​ណាស់ ចំពោះ​ក្រុងម៉ូស្គូ។

ទោះ​យ៉ាង​ណា​ក្តី ក៏​តាម​សម្តី​គាត់ “ រុស្ស៊ី​មិនចង់​ប្រឈម​មុខ​ត​ទល់​នឹង​អាមេរិក​ឡើយ។ ម្យ៉ាងទៀត គាត់​យល់​ថា ស.រ.អា. ចេះ​តែ​ប្រើ​ឈ្មោះ​រុស្ស៊ី​ជា ឧបករណ៍ បន្លប់បន្លែ​ស្មារតី អ្នកស្រុក​ម្ចាស់ឆ្នោត​អាមេរិកាំង ឲ្យ​ងាក​ចេញ​ពីបញ្ហា​ផ្ទៃក្នុង​អាមេរិក​ផ្ទាល់។ តាម​លោកពូទីន ពួក​គេ​នាំ​គ្នា​ប្រឌិត​ឡើង​ជា​ខ្មាំង ដើម្បី​បង្រួបបង្រួម​ប្រទេសជាតិ​គេ ឲ្យ​ងើប​ឡើង ប្រឆាំង​នឹង ខ្មាំង​នេះ។

លោកពូទីន ជា​មេដឹកនាំ​នៃ​ប្រទេស​មួយ​ដែល​នយោបាយ​បរទេស តែង​ត្រូវប្រព័ន្ធ​ផ្សព្វផ្សាយ លើក​ឡើង​ជា មហាអំណាច​កំពុង​ជំនះ​លើ​វិបត្តិ​សេដ្ឋកិច្ច និង​សង្គម​មិន​ញញើត​នឹង​ស្នើ​សុំ ដោយ​ចំអក​ឲ្យ​អាមេរិក​និង​បារាំង​ថា ក្នុងប្រតិបត្តិការ​វាយលុក​ទៅ​រំដោះ​ក្រុង មូស៊ូល​នៅ​អ៊ីរ៉ាក់​ពី​ពួក​ភេរវជន​នៃ​អង្គការ​រដ្ឋអ៊ីស្លាម​ឲ្យ​ចៀស​វាង​កុំ​ឲ្យ​មាន​បណ្តាជន​ស៊ីវិល​ធ្លាក់ខ្លួន​ស្លាប់​ដូច​ដែល​វ៉ាស៊ីនតោន និង​ប៉ារីស​រមែង​ទិតៀន​រុស្ស៊ីនិងកងទ័ពស៊ីរី​ដែល​ក្នុង​ប្រតិបត្តិការបែប​នេះ​បាន​បង្ក​ឲ្យ​មាន​បណ្តាជនស៊ីវិល​ធ្លាក់​ខ្លួន​ស្លាប់​នៅ​ក្រុង អាឡិប ប្រទេស​ស៊ីរី។

គាត់​ថា​ក្នុង​រឿង​នេះ ខុស​ពី​ដៃគូ​ខ្លួន​នៅ​បស្ចិមលោក រុស្ស៊ី មិន​ក្រហល់ក្រហាយ​ចិត្ត​ដូច​ខ្មោច​ចូល​ឡើយ។ ប៉ុន្តែ​លោកពូទីន​សង្ឃឹម​ថា ក្រោយ​ពី​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិកាំង​ថ្ងៃ៨វិច្ឆិកា​ខាង​មុខ ទំនាក់ទំនង​អាមេរិក-រុស្ស៊ី មុខ​ជា​នឹង​មាន​ប្រក្រតីភាព​ធម្មតា​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ