អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

ម៉ូស្គូ​​ប្រតិកម្ម​​សែន​​អវិជ្ជមាន​​ទល់​នឹង​​ទណ្ឌកម្ម​​ថ្មី​​ពី​​ខាង​​អាមេរិក​​ប្រឆាំង​​រុស្ស៊ី​​

វិមានក្រេមឡាំង ថ្ងៃ​អង្គារ​ម្សិលមិញ​បរិហារ​ជា”ជំហាន​មួយ​បន្ថែម​ទៀត” ឆ្ពោះ​ទៅ​អូស​ទាញ​ទំនាក់​ទំនង​រុស្ស៊ី-អាមេរិក​ឲ្យ​កាន់តែ​ស្រុត​ចុះ​អាក្រក់​ទៅ​គឺ​ទណ្ឌកម្ម​ថ្មី ប្រកាស​ដោយ​រដ្ឋបាល​ប្រធានាធិបតី​អាមេរិកាំង​អូបាម៉ា​ប្រឆាំង​រុស្ស៊ី​ទណ្ឌកម្ម​ដែល​តម្រង់​ជាពិសេស​ទល់​នឹង​មន្ត្រី​ជាន់​ខ្ពស់​បំផុត​នៃ​ស្ថាប័ន​រដ្ឋ​រុស្ស៊ី​ខាង​ស៊ើបអង្កេត។ 

ប្រធានាធិបតី​​រុស្ស៊ី​លោក​ Vladimir Poutine  រដ្ឋមន្ត្រី​ការបរទេស​លោក ​ Serguei Lavrov ​​ និង​​រដ្ឋមន្ត្រី​​​ការពារជាតិ​​​រុស្ស៊ី​ លោក ​​Sergei Choïgou​ នៅ​វិមាន​ ក្រឹមឡាំង​​
ប្រធានាធិបតី​​រុស្ស៊ី​លោក​ Vladimir Poutine រដ្ឋមន្ត្រី​ការបរទេស​លោក ​ Serguei Lavrov ​​ និង​​រដ្ឋមន្ត្រី​​​ការពារជាតិ​​​រុស្ស៊ី​ លោក ​​Sergei Choïgou​ នៅ​វិមាន​ ក្រឹមឡាំង​​ Sputnik/Mikhail Klimentyev/Kremlin/via
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ទៅ​កាន់​ពួក​អ្នកកាសែត​នា​រសៀលថ្ងៃ​១០​មករា អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ ប្រកាស​ថា៖ គួរឲ្យ​ស្តាយ​ដែល​ជំហាន​ថ្មី​នេះ​ពី​ខាង​រដ្ឋបាល​អាមេរិកាំង​នាំ​ឲ្យ​ខូច​ក្នុង​កម្រិត​មិន​ធ្លាប់​មាន​ដូច​ទេ​ដល់​ចំណង​រវាង​ក្រុង​វ៉ាស៊ីនតោន​និង​ម៉ូស្គូ​ក្នុង​ដំណើរ​ប្រព្រឹត្តទៅ​នៃ​អាណត្តិ​ទី​២ របស់​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា។

 
សាច់រឿង​ទណ្ឌកម្ម​លើក​នេះ គឺ​មក​ពី​ក្រសួងហិញ្ញវត្ថុ​និង​ក្រសួង​ការបរទេស​អាមេរិក បាន​ប្រកាស​​ថ្ងៃ​ចន្ទ​ម្សិលម៉្ងៃ​ដាក់​ទណ្ឌកម្ម​ទល់​នឹង​ឥស្សរជន​រុស្ស៊ី​៥​នាក់​ទៀត​ក្នុង​នោះ​មាន​លោក Alexandre Bastrykine ជា​នាយក​គណៈកម្មាធិការ​រដ្ឋ​ខាង​ស៊ើបអង្កេត​តាម​មុខ​ព្រួញ​ឧក្រិដ្ឋកម្ម​​​​ហៅ​កាត់​ថា SKR ប្រៀប​បាន FBI នៅ​ស.រ.អា. ព្រមទាំង​ទល់នឹង​តំណាងរាស្ត្រ​រុស្ស៊ី​ពីរ​នាក់​ជាប់​សង្ស័យ​ដោយ​អាជ្ញាធរ​អង់គ្លេស ថា​បាន​ប្រព្រឹត្ត​ឃាតកម្ម​តាមរយៈ​ការ​ប្រើធាតុ Polonium -210 បំពុល​កាល​ក្នុង​ឆ្នាំ ២០០៦​សត្រូវ​របស់​លោក​ប្រធានាធិបតី​ពូទីន​គឺបុរស​ឈ្មោះ​ Alexandre Litvinenko ជា​អតីត​ភ្នាក់ងារ KGB ភៀសខ្លួន​ទៅ​ជ្រកកោន​នៅក្រុង​ឡុងដ្រ៏​កាលពី​ឆ្នាំ ២០០៥។

ចំណែក​ការទូត​រុស្ស៊ី​ក្នុង​សេចក្តី​ថ្លែងការណ៍​ខ្លួន​តៀលត្មះ ឲ្យ​រដ្ឋបាល​អូបាម៉ា ថា “ងប់​នឹង​ដាក់​ទណ្ឌកម្ម​ដូច​ខ្មោច​ចូល​អញ្ចឺង” ហើយ​ប្រកាន់ “ អាកប្បកិរិយា​មិន​ចេះ​អៀនខ្មាស “ ឡើយ។​

រីឯ​ប្រធាន​សភា​ឌូម៉ា​ជា​សភា​ជាន់​ក្រោម​រុស្ស៊ី លោក Viacheslav Volodine  សន្និដ្ឋាន​អំពី​ទង្វើ​រដ្ឋបាល​អូបាម៉ា​ដែល​ជិត​ដើរ​ចេញ​ពី​សេតវិមាន​ទៅហើយ​ថា ជា​ទង្វើ​ក្រហល់​ក្រហាយ​សឹង​ឆ្កួត។

ទោះយ៉ាងណាក្តី ក៏​ក្នុង​សន្និសីទ​កាសែត​ម្សិលមិញ​អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង​នៅ​តែសំដែង​ដូច​មុន​ដដែល​សេចក្តី​សង្ឃឹម​ថា ក្នុង​ថ្ងៃ​មុខ​រុស្ស៊ី​និង​អាមេរិក​គង់​នឹង​រៀបរយ​ទំនាក់​ទំនង​ខ្លួន​ឲ្យ​វិវឌ្ឍ​តាម​ទិស​ជាវិជ្ជមាន​ពុំខាន។

ទាក់ទង​នឹង​គម្រោង​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ដែល​កំពុង​ត្រៀម​ដោយ​សមាជិក​មួយ​ក្រុម​​នៃ​ព្រឹទ្ធសភា​អាមេរិកាំង តាម​បទចោទ​ប្រកាន់​ថា​រុស្ស៊ី បាន​លូក​ដៃ​ស្អី​ណា​ចូល​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ស.រ.អា. លោក ឌ្មីទ្រី ពេស្កូវ ថ្លែង​ថា​គម្រោង​ច្បាប់​បែប​នេះ​មិន​ឆ្លើយ​ស្រប​ឡើយ​ទោះ​ផល​ប្រយោជន៍​ក្រុង​វ៉ាស៊ីនតោន​ក្តី​ទោះ​ផលប្រយោជន៍​ក្រុង​ម៉ូស្គូ​ក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ