រុស្ស៊ីបានប្រើមែនសិទ្ធិវេតូ ខ្ទប់សេចក្តីសម្រេចដែលប្រឆាំងស៊ីរីជាសម័្ពន្ធមិត្តខ្លួន
“ការដាក់ទណ្ឌកម្មប្រឆាំងស៊ីរី ក្រោមលេសថា អាជ្ញាធរប្រទេសនេះ ហាក់បីបានប្រើ អាវុធគីមីស្អីណា គឺ “មិនជួយចូកចែវឡើយ ដល់ដំណើរប្រព្រឹត្តទៅនៃ កិច្ចចរចារវាងភាគីបដិបក្ខ ស៊ីរី នៅក្រុងហ្ស៊ឺណែវ”សេចក្តីនេះ ថ្លែងរសៀលម្សិលមិញ ដោយ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន កាលដែលនៅសល់តែប៉ុន្មានម៉ោងសោះ ដល់ពេលបោះឆ្នោត ក្នុងក្រុមប្រឹក្សា សន្តិសុខអ.ស.ប. ជុំវិញកម្មវត្ថុនេះ។ លើកនេះ ទន្ទឹមនឹងរុស្ស៊ី បានប្រើសិទ្ធិវេតូ ក៏ទាំងចិន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៥
ថ្លែងក្នុងសន្និសីទសារពត៌មានរួមជាមួយសមភាគីកៀហ្ស៊ីស៊ីស្ថាន នៅក្រុង Bishkekថ្ងៃ ២៨កុម្ភៈ លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដោយឆ្លើយតបនឹងសំនួរអ្នកកាសែតម្នាក់ ទាក់ទងនឹងគម្រោងដាក់ទណ្ឌកម្មថ្នាក់ដឹកនាំស៊ីរី ស្នើដោយ បារាំង អង់គ្លេស និងស.រ.អា. បានគូសបញ្ជាក់ជាអាទិ៍ ៖ តាមយោបល់ខ្ញុំ ទណ្ឌកម្មប្រឆាំងអាជ្ញាធរស៊ិរី នៅដំណាក់បច្ចុប្បន្ន គឺ មិនត្រូវនឹងកាលៈទេសៈទាល់តែសោះ។
ប្រមុខរដ្ឋរុស្ស៊ី ក៏បន្ថែមថា ទណ្ឌកម្មបែបនេះ មុខជាមិនជំរុញឡើយ ដល់កិច្ចចរចា រវាង ភាគីបដិបក្ខស៊ីរី នៅក្រុងហ្ស៊ឺណែវ ប៉ុន្តែវាអាចតែរំខាន ឬ នាំឲ្យរង្គោះរង្គើតែម្តង ដល់ ដំណើរប្រព្រឹត្ត ទៅ នៃកិច្ចចរចានេះ ម៉្លោះហើយ បានជារុស្ស៊ី មិនគាំទ្រទេ ដល់ទណ្ឌកម្មថ្មីអ្វីណា ទល់នឹង ប្រទេសស៊ីរី។
ប្រសាសន៍នេះ របស់លោកពូទីន គឺជាសញ្ញាប្រកាសឲ្យដឹងជាមុនថា រុស្ស៊ីក្នុងឋានៈ ជា សមាជិកអចិន្ត្រៃយ៏នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. បំពាក់ទៅដោយសិទ្ធិវេតូ ពិតជានឹងប្រើ សិទ្ធិនេះមែន ដើម្បីខ្ទប់ គម្រោងនៃសេចក្តីសម្រេច ដាក់ចេញដោយ មហាអំណាច៣ទៀត ដែល បំពាក់ដោយសិទ្ធិបែបនេះដែរ គឺ បារាំង អង់គ្លេស ស.រ.អា.ឲ្យដាក់ទណ្ឌកម្ម ប្រឆាំងនឹង អ្នកមុខ អ្នកការស៊ីរី ១១នាក់ និងនីតិបុគ្គលស៊ីរី ១០ទៀត ដែលស្របនឹង លទ្ធផលអង្កេត ធ្វើ ដោយ អ.ស.ប. និង អង្គការខាងហាមប្រាមអាវុធគីមី គឺបានពាក់ព័ន្ធនឹងការវាយប្រហារ ដោយ អាវុធនេះ យ៉ាងហោចណាស់ ដល់ទៅ ៣លើក ប្រឆាំងនឹងទីក្រុងស៊ីរី៣ កាលពី ឆ្នាំ២០១៤ និង ២០១៥។
ប៉ុន្តែអាជ្ញាធរស៊ីរី ច្រានចោលការចោទប្រកាន់ដែលថាខ្លួនបានប្រើអាវុធគីមីស្អីណា ក្នុងសង្គ្រាម ដែលបានផ្តាច់ជីវិតអ្នកស្រុកអស់ជាង៣សែននាក់ទៅហើយ ក្នុងរយៈពេល៦ឆ្នាំកន្លងទៅ។
ការប្រើសិទ្ធិវេតូដោយរុស្ស៊ីលើកនេះ គឺជាលើកទី៧ ហើយ បើគិតតាំងពីឆ្នាំ២០១១មក ដើម្បី ការពារ សម្ព័ន្ធមិត្តស៊ីរីរបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ