អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

រុស្ស៊ី​​ប្រកាស​​អនុវត្ត​​“ប្រឡោះពេល​​មនុស្សធម៌ “ ​ជាថ្មី​ នៅ​​ក្រុង​ស៊ីរី​​​អាឡិប​

របស់​ដែល​ហៅថា” ប្រឡោះពេល​មនុស្សធម៌” មួយលើក​ថ្មីនៅ ក្រុង​អាឡិប​ដែល​ជា​ក្រុងទី២​នៅស៊ីរី បំផ្លិច​បំផ្លាញ​ដោយ​ការ​ទម្លាក់​គ្រាប់បែក នឹង​ចូល​ជា​ធរមាន​នៅ​ថ្ងៃសុក្រ​ទី៤ វិច្ឆិកា សម្រាប់​រយៈពេល​១០ម៉ោង ស្របនឹង​បទបញ្ជា​នៃ​លោក​ប្រធានាធិបតី​រុស្ស៊ី​ វ៉្លាឌីមៀរ​ ពូទីន -ការនេះ​មាន​និយាយ​ក្នុងសេចក្តី​ជូនដំណឹង​របស់​កងទ័ព​រុស្ស៊ី។

ក្រុមឧទ្ទាម​ស៊ីរី កំពុង​នៅ​​​ក្នុង​រថយន្ត​យោធា​មួយគ្រឿង​ នៅ​ភាគខាងលិច​ក្រុងអាឡិប​
ក្រុមឧទ្ទាម​ស៊ីរី កំពុង​នៅ​​​ក្នុង​រថយន្ត​យោធា​មួយគ្រឿង​ នៅ​ភាគខាងលិច​ក្រុងអាឡិប​ REUTERS/Ammar Abdullah
ផ្សាយពាណិជ្ជកម្ម

“ការ​សម្រេច​ចិត្ត​ដែល​មាន​អនុម័ត គឺ​ដាក់​ឲ្យ​ដំណើរការ​នៅ​ក្រុងអាឡិប​ អ្វី​ដែល​ហៅថា “ប្រឡោះពេល​មនុស្សធម៌​ “ នៅ​ថ្ងៃ​សុក្រ​ទី៤​វិច្ឆិកា សម្រាប់​រយៈពេល​១០ម៉ោង ពីម៉ោង​៩ ដល់​ម៉ោង​១៩ ម៉ោង​ក្នុងស្រុក។ សេចក្តីនេះ​ប្រកាសដោយ​នាយ​អគ្គសេនាធិការដ្ឋាន​កងទ័ព​រុស្ស៊ី លោក​ឧត្តមសេនីយ Valeri Guerassimov។ លោក​មេទ័ព​រុស្ស៊ី​លម្អិត​ថា សេចក្តីសម្រេច​នេះ​ត្រូវបាន​អនុម័ត គឺ​ដោយ​សម្របយោបល់​ជាមួយ​អាជ្ញាធរ​ស៊ីរី។

ជា​ការ​រំលឹក បទឈប់បាញ់​លើក​ទី១ ក្នុងន័យ​មនុស្សធម៌ មាន​រយៈពេល​៣ថ្ងៃ ត្រូវបាន​អនុវត្ត​ដោយ​កងទ័ព​រុស្ស៊ី​និង​កងទ័ព​ស៊ីរី សម្រាប់​ក្រុងអាឡិប​ ដែល​ប្រមើល​នូវ​រាល់​ការឈប់បាញ់​ក្នុងក្រុងនេះ​ដែល​បែកខ្ញែក​ជាពីរ​ទៅហើយ បាន​អស់​សុពលភាព​នៅថ្ងៃ​២២តុលា ហើយ​មិនបាន​ឃើញ​មាន​ការ​ជម្លៀសចេញឡើយ ទាំង​ជនស៊ីវិល ទាំង​អ្នករបួស ទាំង​ពួកឧទ្ទាម។​

ច្រកផ្លូវ​ដល់ទៅ​៨ បង្កើតឡើង​សម្រាប់​ការ​ជម្លៀស​នោះ ស្រាប់តែ​ស្ថិតនៅអេ សឹង​គ្មាន​នរណា​ប្រើប្រាស់​ឡើយ។

ទោះ​យ៉ាងណា​ក្តី ក៏លោក​ឧត្តមសេនីយ Guerassimov សង្កត់​ធ្ងន់ថា គ្រប់តែ​ច្រកផ្លូវ​៨​នោះ ដែល​មានបង្កើតឡើង​កាលពី​មុន គឺ​នឹង​បន្ត​ដំណើរការ​ដដែល សម្រាប់​ការ​ដកខ្លួន​ចេញពី​ក្រុង​នៃ​ជន​ស៊ីវិល និងពួកឧទ្ទាម។ គាត់​គូសបញ្ជាក់​ថា៖ ដោយ​មកពី​ដៃគូ​អាមេរិកាំង​របស់​យើង​អសមត្ថភាព​ញែក​ពួក​ប្រឆាំង​នៅ​ស៊ីរី ឲ្យ​នៅ​ដាច់ពី​ពួក​ភេរវជន បានជា​រុស្ស៊ី​អំពាវនាវ​ដោយ​ត្រង់ផ្ទាល់​តែម្តង ទៅ​ពួកមេដឹកនាំ​នៃ​ពពួក​ក្រុមប្រដាប់​អាវុធ ឲ្យ​គេ​ឈប់ច្បាំង​ទៅ ហើយ​ចាកចេញ​ពី​ក្រុង​អាឡេព ដោយ​នាំទាំង​អាវុធ​ខ្លួន ទៅ​ជាមួយ​ទៅចុះ។

កងទ័ពស៊ីរី​គាំទ្រ​ដោយ​ការវាយ​ប្រហារ​ពី​អាកាស​នៃ​យន្តហោះ​យោធា​រុស្ស៊ី កាលពី​ថ្ងៃ២២​កញ្ញា បាន​វាត​ប្រតិបត្តិការ​យ៉ាង​ខ្លាំងក្លា ទៅលើ​សង្កាត់​ទាំងឡាយ​នៅ​ប៉ែក​ខាងកើត​ក្រុង​អាឡិប​ ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​តាំងពី​ឆ្នាំ២០១២​មក។

គួរ​និយាយ​ថា តាំងពី​ថ្ងៃ១៨​តុលា​មក រុស្ស៊ី​ផ្អាក​ការវាយ​ប្រហារ​ពី​អាកាស​ទៅលើ​សង្កាត់​ខាងកើត​នោះ ក្នុង​ឋានៈ​ជា “កាយវិការ​សុឆន្ទៈ“ដើម្បី​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​មនុស្សធម៌​នានា​ជម្លៀស​បណ្តាជន​ស៊ីវិល និង​ហុច​លទ្ធភាព​ដល់​ពួកឧទ្ទាម​ឲ្យ​ដកខ្លួន​ចេញទៅ​ដែរ។   

លោក​ប្រមុខ​ការទូត​រុស្ស៊ី ស៊ែរហ្គៃ ឡាវ៉្រូវ ក្នុង​ដំណើរ​ទស្សនកិច្ច​ម្សិលមិញ​នៅ​រដ្ឋធានី​ក្រិក បាន​អំពាវនាវ​ក្រុង​វ៉ាស៊ីនតោន ឲ្យ​ចុះយ៉ាងឆាប់​ទៅជាមួយ​ម៉ូស្គូ កិច្ចព្រមព្រៀង​ស្តីអំពី​ប្រទេស​ស៊ីរី ក្រោយពី​រុស្ស៊ី​បានប្រកាស​ជាលើកទី២​ទៅហើយ “ប្រឡោះពេល​មនុស្សធម៌” នៅ​ក្រុងស៊ីរី​អាឡិប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ