សហភាពអឺរ៉ុបចាប់គិតគូរពីអនាគតដែលគ្មានអង់គ្លេស
នៅថ្ងៃសុក្រ ទី ១០មីនា ថ្ងៃទីពីរ នៃកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប ដែលបើកធ្វើនៅទីក្រុងព្រុចសែល មេដឹកនាំប្រទេសសមាជិកអឺរ៉ុប ទាំង២៧ បានជួបពិភាក្សា ដើម្បីរិះរក គូរវាសឡើងវិញ សហភាពអឺរ៉ុប ដែលគ្មានប្រទេសអង់គ្លេស។ អង់គ្លេស ដែលជាសរសរទ្រូងសេដ្ឋកិច្ចមួយរបស់អឺរ៉ុបបានសម្រេចដើរចេញពីសហភាពអឺរ៉ុប នៅក្នុងការបោះឆ្នោត ប្រជាមតិ កាលពី ពាក់កណ្តាលឆ្នាំមុន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៨
ថ្នាក់ដឹកនាំរបស់បណ្តាប្រទេសសមាជិកអឺរ៉ុបជួបប្រជុំគ្នា នៅថ្ងៃសុក្រនេះ ដោយគ្មានវត្តមានរបស់លោកស្រីនាយករដ្ឋមន្រ្តី អង់គ្លេស។ លោកស្រីតេរ៉េសា មេនឹងគ្មានមុខនៅក្នុងកិច្ចប្រជុំ ដែលនៅក្នុងនោះ មេដឹកនាំរបស់អឺរ៉ុបត្រូវពិភាក្សាពីអនាគតរបស់អឺរ៉ុប នៅក្រោយ ការដើរចេញ ចប់សព្វគ្រប់របស់អង់គ្លេស ពីសហភាពអឺរ៉ុប។
នៅក្នុងឱកាសត្រៀមរៀបចំរំលឹកខួប៦០ឆ្នាំ នៃការកកើតសហភាពអឺរ៉ុប តាមសន្ធិសញ្ញាទីក្រុងរ៉ូម សហភាពអឺរ៉ុប ដែលមានសមាជិកថយពី២៨ មកនៅ ២៧ ចង់បង្ហាញថា សហភាពអឺរ៉ុបនៅតែរឹងមាំ បើទោះបីជាបានជួបវិបត្តិអន្តោប្រវេសន៍ និងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។
សហភាពអឺរ៉ុប ក្រោយការដើរចេញរបស់អង់គ្លេសត្រូវការកំណែទម្រង់ផ្ទៃក្នុងមួយដ៏ចាំបាច់។ សេណារីយ៉ូស្តីពីអនាគតថ្មីរបស់អឺរ៉ុបត្រូវបានគេពន្លយឲ្យដឹង តាំងពីជំនួបចតុភាគី របស់មេដឹកនាំបារាំង អាល្លឺម៉ង់ អ៊ីតាលី ហើយនិងអេស្ប៉ាញ ក្នុងប្រទេសបារាំង នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ ជំរើសមានពីរសម្រាប់កសាងអឺរ៉ុបមួយ ដែលគ្មានអង់គ្លេស។ ទីមួយ ប្រទេសសមាជិកអឺរ៉ុបទាំងអស់ត្រូវតែគោរពតាមច្បាប់ បទបញ្ជាររួម ដើម្បី ជៀសវាងឧបសគ្គ ដែលកន្លងមក កើតចេញមកពីការមិនចុះសម្រុងគ្នាក្នុងចំណោមប្រទេសសមាជិកអឺរ៉ុប។ គេនៅចាំបានថា វិបត្តិអន្តោប្រវេសន៍បានធ្វើឲ្យសហភាពអឺរ៉ុប ស្គាល់ការបែកបាក់គ្នាដ៏ធ្ងន់ធ្ងរ រហូតដល់មានការបោះឆ្នោតប្រជាមតិ អនុញ្ញាតឲ្យអង់គ្លេសដើរចេញពីសហភាពអឺរ៉ុប។
ក្នុងជម្រើសទី២ គឺប្រទេសនៅសមាជិកអឺរ៉ុប អាចសម្រេចចិត្ត ចូលរួម តិច ឬច្រើន នៅក្នុងសកម្មភាពនយោបាយរបស់សហភាពអឺរ៉ុប។ ជម្រើសទាំងពីរនេះនឹងអនុញ្ញាតឲ្យសហភាពអឺរ៉ុបនៅតែអាចបោះឆ្នោត អនុវត្តវិធានការណាមួយ ដោយមិនចាំបាច់ ត្រូវតែមានសំឡេង គាំទ្រទាំង២៧ របស់ប្រទេសសមាជិក។ ជម្រើសនេះត្រូវបានគេគិតគូរ ឲ្យតម្លៃខ្លាំង បន្ទាប់ពីមានការរិះគន់កន្លងមកថា សហភាពអឺរ៉ុប អសមត្ថភាព ដោយសារតែការបែកបាក់ និងគ្មានសំឡេងរួមពីប្រទេសសមាជិក។
នៅថ្ងៃចន្ទ នៅក្រោយជំនួបចតុភាគី លោកស្រី នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ ដែលជាក្បាលម៉ាស៊ីនរបស់សហភាពអឺរ៉ុបបានលើកឡើង ពីអឺរ៉ុបមួយ ដែលនឹងមានជាក្រុមផ្សេងៗគ្នា ដែលនិងមិនប្រាកដថា មានសមាជិកទាំងអស់អាចចូលរួម គ្រប់ដំណាក់កាល ក្នុងការសម្រេចចិត្ត។ គំនិតបែងចែកជាក្រុមនេះ បានធ្វើឲ្យប្រទេសសមាជិកមួយចំនួន ជាពិសេសក្រុមប្រទេសនៅ អឺរ៉ុបខាងកើត ដូចជាប៉ូឡូញ ហុងគ្រី សាធារណរដ្ឋឆែក និងស្លូវ៉ាគីជាដើមកើតការមិនសប្បាយចិត្ត ដោយយល់ថា ខ្លួននឹងរងការរើសអើង មិនផ្តល់តម្លៃ។ គឺក្រុមប្រទេសVisgrad នេះ ដែលកន្លងមក បានប្រឆាំង នឹងនយោបាយអន្តោប្រវេសន៍ដាក់ចេញដោយសហភាពអឺរ៉ុប៕
រដ្ឋាភិបាលប៉ូឡូញនៅថ្ងៃសុក្រនេះបានព្រមានថា ខ្លួននឹងបោះឆ្នោត គាំទ្រ សេចក្តីសន្និដ្ឋាន ដែលនឹងកើតចេញមកពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប នៅថ្ងៃនេះទេ ដោយសារតែហេតុផលថា សហភាពអឺរ៉ុបបានបោះឆ្នោតជ្រើសរើសលោកDonald Tusk អតីតនាយករដ្ឋមន្រ្តីប៉ូឡូញ ឲ្យធ្វើជាប្រធាន បន្តទៀត ក្រុមប្រឹក្សាអឺរ៉ុប។ ទីក្រុងវ៉ាសូវី ប្រឆាំងនឹងបេក្ខភាពរបស់លោកDonald Tusk ក្នុងហេតុផលថា ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះ ដែលមាននិន្នាការគាំទ្រក្រុមប្រឆាំងនយោបាយ នៅប៉ូឡូញ តែងតែប្រើអំណាចរបស់ខ្លួន ជាប្រធានក្រុមប្រឹក្សាអឺរ៉ុប ដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប៉ូឡូញ។ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ លោកDonald Tusk ត្រូវបានជ្រើសរើសឲ្យបន្តធ្វើជាប្រធានក្រុមប្រឹក្សាអឺរ៉ុប រហូតដល់ ចុងឆ្នាំ ២០១៩ ជាមួយ នឹងសំឡេងចំនួន២៧ និងសំឡេងប្រឆាំងតែមួយ ពីប៉ូឡូញ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ