អានតួអត្ថបទ

បារាំង ៖ រដ្ឋមន្ត្រីមហាផ្ទៃ​ជាប់​រឿង​អាស្រូវ ​លាលែង​ចេញ​ពី​តំណែង​

ក្នុង​រយៈ​ពេល​មិន​ដល់​២៤​ម៉ោង​ផង ជោគវាសនា​របស់​រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​ បាន​ក្រឡាប់​ចាក់​ទាំង​ស្រុង ! គ្រាន់​តែ​តុលាការ​ប្រកាស​បើក​អង្កេត​បឋម​ នៅ​ព្រឹក​ថ្ងៃ​អង្គារទី ២១​មីនាភ្លាម ប្រឆាំង​នឹង​លោក ប្រុយណូ ឡឺរ៉ូ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បារាំង ដែល​ជាប់រឿង​អាស្រូវ​យក​កូនៗ​មិន​ទាន់​ពេញមក​ធ្វើ​ជា​ជំនួយ​ការ​សភា បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង​ដែរ ដោយ​មិន​បង្អង់។ ជា​តំណែង​ដែល​លោក​បាន​ទទួល​កាន់កាប់​បាន​បី​ខែ​និង​១៥​ថ្ងៃ ហើយ​ដែល​ធម្មតា​ត្រូវ​ចប់​អាណត្តិ​នៅ​មួយ​កន្លះទៀតប៉ុណ្ណោះ។

លោក Bruno Le Roux រដ្ឋមន្ត្រី​មហាផ្ទៃ​ជាប់​រឿង​អាស្រូវ​ លាលែង​ចេញ​ពី​តំណែង
លោក Bruno Le Roux រដ្ឋមន្ត្រី​មហាផ្ទៃ​ជាប់​រឿង​អាស្រូវ​ លាលែង​ចេញ​ពី​តំណែង REUTERS/Charles Platiau/File Photo
ផ្សាយពាណិជ្ជកម្ម

មាន​ប្រវត្តិ​យូរ​អង្វែង​ជាមួយ​​បក្ស​សង្គម​និយម និង​ជាមនុស្ស​ជំនិត​របស់ប្រធានាធិបតី លោក​ឡឺរ៉ូ ត្រូវ​បង្ខំចិត្ត​​ចាក​ចេញ​ពី​រដ្ឋាភិបាលយ៉ាង​ទាន់​ហន់​ តែ​មួយ​ខែ​គត់​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​។ នៅវេលា​ម៉ោង ៦​ល្ងាច​ថ្ងៃអង្គារ​ម្សិលមិញ បន្ទាប់​ពី​បាន​ទទួល​ជួប​​ដោយ​ប្រធានាធិបតី និង​នាយក​រដ្ឋមន្ត្រី​មក លោក ប្រុយណូ ឡឺរ៉ូ ដែល​បាន​ចូល​កាន់​តំណែង​ដ៏​រសើប​មួយនេះ កាលពី​ខែ​ធ្នូ ២០១៦ បានប្រកាស​លាលែង​ចេញ​ពី​តំណែងភ្លាម​ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​រូប​ភាព​រដ្ឋាភិបាល។

សម្រាប់​លោក ​​​ក្នុង​បរិបទ​នៃ​ការ​គំរាម​កំហែង​ភេរវកម្ម​ អ្នក​មាន​​ទំនួល​ខុស​ត្រូវ​ខ្ពស់ មិន​ត្រូវប្រលាក់​ប្រលូស​​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​សង្ស័យចោទ​ប្រកាន់​អ្វី​ទាំង​អស់។ ប៉ុន្តែ​លោក​ប្រុយណូ ឡឺរ៉ូ នៅ​តែ​អះអាង​ការពារ​ខ្លួន​ជា​និច្ច​ ថា​លោកជា​មនុស្ស​​ស្អាតស្អំ បាន​ផ្តល់​កិច្ចសន្យាការងារ​ខ្លីៗ ឱ្យ​កូនៗ ក្នុង​រយៈ​ពេល​កំណត់​ច្បាស់លាស់ និងជា​ផ្លូវការ ស្រប​តាម​ការងារ​ជាក់ស្តែង​តម្រូវ។ លោក​ចង់​សំដៅ​ថា​មិនមែន​ជា​ការ​បន្លំ​កេង​យក​លុយ​ ដូច​ករណី​លោក​ហ្វីយ៉ុង​ បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​ទេ។

សូម​បញ្ជាក់​ថា​លោក ឡឺរ៉ូ​ បាន​ជាប់​អង្កេត​របស់​តុលាការ ពី​បទ​បាន​យក​កូនៗ​មក​ធ្វើ​ជា​ជំនួយ​ការ​សភា ដោយ​កូនស្រី​ទាំង​ពីរ​នោះ នៅ​ជា​​សិស្ស​និង​និស្សិត​នៅ​ឡើយ។​ រឿង​អាស្រូវ​​នេះ​បាន​ផ្ទុះ​ឡើង​ដោយ​សារ​ការ​ទម្លាយ​របស់​សារព័ត៌មាន ក្នុង​ខណៈ​ដែល​រឿងអាស្រូវ​កេង​បន្លំ​លុយ​រដ្ឋ ដោយ​កូន​ប្រពន្ធ​​មក​ធ្វើ​ជា​ជំនួយ​ការ របស់​បេក្ខជន​ប្រធានាធិបតី​ លោក​ហ្វ៊ីយ៉ុង កំពុង​បន្ត​ផុសផុល​នៅ​ឡើយ។

ហេតុ​ដូច្នេះ​ហើយ ​បានជា​​ភាគី​រដ្ឋាភិបាល ចាត់​ទុក​ការ​លាលែង​ចេញ​ពី​តំណែងនេះ ជា​​គំរូ​ល្អ ! បញ្ជាក់​ថា​មន្ត្រី​ថ្នាក់ណា​ក៏​ស្ថិត​ក្រោម​ច្បាប់ និង​ស្អាត​ស្អំ ! ម្យ៉ាង​ទៀត ករណី​លោក​ឡឺរ៉ូ ក៏​ដូចជា​លោក​ហ្វីយ៉ុង ត្រូវ​ជាប់​អង្កេត​និង​ចោទ​ប្រកាន់ ពី​សំណាក់​តុលាការ​ពិសេស ​ ដែល​បង្កើត​ឡើង​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​និងអំពើ​គេចពន្ធ តែ​មួយនេះ​ដូច​គ្នា។ ការ​បើក​អង្កេត​ដ៏​លឿន​រហ័ស​ប្រឆាំង​នឹង​លោក ឡឺរ៉ូ អាច​បញ្ជាក់​បាន​អំពីឯករាជភាព​របស់​​តុលាការ ថា​មិន​ស្ថិត​ក្រោម​គំនាបឬ​មិន​មែន​ជា​ឧបករណ៍​​នយោបាយរបស់​​​រដ្ឋាភិបាល ដូច​​ដែល​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ លោក ហ្វ្រង់ស័រ ហ្វីយ៉ុង ធ្លាប់​ចោទ​ប្រកាន់​​ឡើយ។ បក្ស​ប្រឆាំង​គ្មាន​ហើប​មាត់​ធ្វើ​អត្ថាធិប្បាយ​​អ្វី​មួយ​ម៉ាត់ទេ ក្នុង​រឿង​អាស្រូវ​នេះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ