អានតួអត្ថបទ
បារាំង

កាលបរិច្ឆេទ​​សំខាន់ៗ​ នៅក្រោយ​​ការបោះឆ្នោត​​ប្រធានាធិបតី​បារាំង​

ប្រជាជន​បារាំង​បាន​បោះឆ្នោត​ជ្រើសរើស លោក​អេម៉ានុយអែល ម៉ាក្រុង​មក​ពី​គណបក្សEn Marche ឲ្យធ្វើ​ជា​ប្រធានាធិបតី បារាំង បន្ត​ពីលោក​ហ្វ្រង់ស័រ ហូឡង់។ ​ពិធី​ផ្ទេរ​តំណែង ប្រធានាធិបតី ការជ្រើសតាំង​​នាយករដ្ឋមន្រ្តី​ ដើម្បី​បង្កើត​រដ្ឋាភិបាលថ្មី​នឹង​ត្រូវ​រៀបចំ​ធ្វើ​យ៉ាងយូរ​បំផុត នៅ​ចុង​សប្តាហ៍នេះ។ 

ប្រធានាធិបតី​​បារាំង​ជាប់ឆ្នោត​ថ្មី លោក​អេម៉ានុយអែល ម៉ាក្រុង និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ​
ប្រធានាធិបតី​​បារាំង​ជាប់ឆ្នោត​ថ្មី លោក​អេម៉ានុយអែល ម៉ាក្រុង និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ​ ©Pierre René-Worms
ផ្សាយពាណិជ្ជកម្ម

ក្នុង​នាម​ជា​ប្រធានាធិបតី​ជាប់ឆ្នោត លោក​អេម៉ានុយអែល ម៉ាក្រុង​ត្រូវ​បាន​លោក​ប្រធានាធិបតី​ហូឡង់ អញ្ជើញ​ឲ្យ​អម​ដំណើរ​ជាមួយ​លោក​ក្នុង​ពិធីបុណ្យជាតិ​ នៅ​ថ្ងៃទី​៨​ឧសភានេះ ថ្ងៃ​ដែល​បារាំង​រំលឹក​ដល់​ការដាក់​អាវុធ​ សុំចុះចាញ់​របស់​អាល្លឺម៉ង់ នៅសង្រ្គាម​លោក​លើក​ទី២​។

១៣ ឬ​១៤​ឧសភា៖ ការផ្ទេរ​តំណែង​ប្រធានាធិបតី
ពិធី​ផ្ទេរ​តំណែងប្រធានាធិបតី​​​ត្រូវគេ​រំពឹង​ថា នឹង​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​សៅរ៍ ឬ​ក៏​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ ពោល គឺ​ធ្វើ​ឲ្យ​បាន​មុន លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ ហូឡង់​បញ្ចប់​​បញ្ចប់អាណត្តិ​៥​ឆ្នាំ​របស់​លោក​​នៅ​យប់​អាធ្រាត្រ ថ្ងៃ​អាទិត្យ​ទី ១៤​ឧសភា។ ទៅ​តាម​protocoleរបស់​​​វិមាន​ប្រធានាធិបតី Elysée លោក​អេម៉ានុយអែល ម៉ាក្រុង​ នឹង​ត្រូវ​ទទួល​ស្វាគម ចាប់​ដៃដោយ​លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ ហូឡង់ នៅមុន​ពេល​លោក​ហូឡង់ ឡើង​រថយន្ត អម​ដោយ​ទាហាន​ការពារ​ជាតិ​ជាន់ខ្ពស់ ចាក​ចេញ​ពី​វិមាន​អេលីហ្សេ។

នៅថ្ងៃ​ទី ១៥​ឧសភា៖ ប្រធានាធិបតី​ប្រកាស​ឈ្មោះ​នាយករដ្ឋមន្រ្តី
នៅ​ថ្ងៃ​ចន្ទ​ទី ១៥ ឧសភា នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​បារាំង លោកម៉ាក្រុង​​ត្រូវ​ប្រកាស​តែងតាំង​នាយករដ្ឋមន្រ្តី​ថ្មី​ ​ដែល​មាន​កាតព្វកិច្ច​ ​រៀបចំ​ បង្កើតរដ្ឋាភិបាល។ នៅ​ប៉ុន្មាន​ថ្ងៃ​មុននេះលោក​ម៉ាក្រុង បាន​និយាយថា លោក​បាន​រកឃើញ​ហើយ​​បុគ្គល​ដែល​លោកនឹង​​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​សម្រាប់​រដ្ឋាភិបាល​ថ្មី។ ជាមួយ​នឹង​សមាសភាព​រដ្ឋាភិបាលថ្មី នាយក​រដ្ឋមន្រ្តី​​របស់​លោក​អេម៉ានុយអែល ម៉ាក្រុង​មាននាទី​ដឹកនាំធ្វើ​​យុទ្ធនាការ​ឃោសនាសម្រាប់​ការ​បោះឆ្នោត សភា​មួយទៀត។ ជាទូទៅ នាយករដ្ឋមន្រ្តី​ដែល​ ​ប្រធានាធិបតី​ជ្រើសតាំង​ភ្លាម នៅក្រោយ​ការផ្ទេរ​តំណែង អាច​នឹង​ត្រូវ​ផ្លាស់ប្តូរ រដ្ឋាភិបាល​ត្រូវ​រុះរើ​សាជាថ្មី ក្នុង​ករណី​ដែល​គណបក្ស​របស់​លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​​មិន​អាច​ឈ្នះឆ្នោត ប្រមូល​បាន​សំឡេង​ភាគច្រើន​នៅរដ្ឋ​សភា។

លទ្ធផល​នៃ​ការបោះឆ្នោត​សភា​សំខាន់ ព្រោះ​វា​នឹង​អាច​​កំណត់​ថា តើ​គណបក្ស​របស់​លោក​ប្រធានាធិបតី​ម៉ាក្រុង អាច​ដឹកនាំ​ប្រទេស​តែម្នាក់ឯង ឬ​ត្រូវ​ចាប់ដៃ​ជាមួយ​គណបក្ស​ដទៃ​ទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ សូមបញ្ជាក់ថា ដើម្បី​បាន​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់ខាត នៅ​រដ្ឋ​សភា រដ្ឋាភិបាល​ថ្មី​របស់​លោក​អេម៉ានុយអែល ម៉ាក្រុង​ត្រូវការ​មាន​អ្នកតំណាងរាស្រ្ត​របស់បក្ស​ខ្លួន​នៅ​រដ្ឋសភា ចំនួន ២៨៩​នាក់ ក្នុង​ចំណោម​អ្នកតំណាងរាស្រ្ត​សរុប ចំនួន ៥៧៧​​នាក់។

ពីថ្ងៃទី ១៥ ដល់​ថ្ងៃទី ១៩​ឧសភា
ទៅតាមកាលបរិច្ឆេទ​ដែល​បាន​កំណត់​រួចស្រេច បេក្ខជន​គ្រប់​គណបក្ស​នយោបាយ​ត្រូវ​ដាក់​បេក្ខភាព​របស់ខ្លួន សម្រាប់ឈរឈ្មោះ​នៅក្នុង​​ការបោះឆ្នោត​សភា​​ ឲ្យ​បាន​មុន​ថ្ងៃទី​ ១៩​ឧសភា។ ចាប់​ពី​ថ្ងៃ​ទី ២២​ឧសភា គណបក្ស​នយោបាយ​អាច​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត សម្រាប់​ជ្រើសរើស​សមាជិក​សភា​ថ្មី ចំនួន ៥៧៧​នាក់​នៅ​រដ្ឋសភា។ ការបោះឆ្នោត​សភា​ជុំ​ទី១ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ១១​មិថុនា ក្នុង​ពេល​ដែល​ការបោះឆ្នោត​ជុំទី ២ ត្រូវ​ធ្វើនៅ​ថ្ងៃទី ១៨​មិថុនា។

ថ្ងៃទី ១៩​មិថុនា៖ សភានិតិកាល​ទី១៤​ត្រូវ​បិទបញ្ចប់​ជា​ផ្លូវការ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ