អានតួអត្ថបទ
បារាំង-អ៊ីរ៉ង់

ក្រុមហ៊ុន​ប្រេង​​​​​Total​​ ​​​ចុះ​​ហត្ថលេខា​​​កិច្ចព្រមព្រៀង​​​ឧស្ម័ន​​​ជាមួយ​​​អ៊ីរ៉ង់​​ ថ្ងៃ​​ចន្ទ​​​៣កក្កដា​​

ថ្ងៃចន្ទ​៣កក្កដានេះ ក្រុមហ៊ុនប្រេង​​តូតាល់​បារាំង ដឺកនាំ​សម្ព័ន្ធ​ក្រុមហ៊ុនអន្តរជាតិ ដែល​មាន​ក្រុមហ៊ុន​ចិន​ដែរនោះ ត្រូវ​​ចុះហត្ថលេខា​ជាមួយ​អ៊ីរ៉ង់ លើកិច្ចព្រមព្រៀង​ឧស្ម័ន ដែលមាន​តម្លៃ​៤៨០០លាន​ដុល្លារ។ កិច្ចព្រមព្រៀង​បឋម​ត្រូវបាន​ចុះហត្ថលេខា​រួចហើយ កាលពី​ខែ​វិច្ឆិកា​ឆ្នាំ២០១៦។ កិច្ចព្រមព្រៀង​ឧស្ម័ន​នេះ ធ្វើអោយ​តូតាល់​ក្លាយជា​ក្រុមហ៊ុន​ប្រេង​ទី១​របស់​លោកខាងលិច ដែល​បាន​ត្រលប់​មក​វិនិយោគ​ក្នុង​ទឹកដី​អ៊ីរ៉ង់វិញ។​

រូបសញ្ញា​ក្រុមហ៊ុន​ប្រេង Total របស់​បារាំង
រូបសញ្ញា​ក្រុមហ៊ុន​ប្រេង Total របស់​បារាំង Reuters
ផ្សាយពាណិជ្ជកម្ម

យោងតាម​កិច្ចព្រមព្រៀង​ឧស្ម័ន​តម្លៃ​៤៨០០លានដុល្លារនេះ​ ក្នុងគំរោង​វិនិយោគ​ ​ក្រុមហ៊ុន​​តូតាល់ ដឺកនាំ​សម្ព័ន្ធ​ក្រុមហ៊ុន​អន្តរជាតិ ដែលមាន​ក្រុមហ៊ុន​ជាតិចិន CNPCI និង​ក្រុមហ៊ុនអ៊ីរ៉ង់ Petropars។ តូតាល់​មាន​ចំណែក​​៥០,១ភាគរយ ក្រុមហ៊ុន​ចិន​មាន​៣០ភាគរយ ហើយ​ក្រុមហ៊ុន​អ៊ីរ៉ង់​វិញ​មាន​ចំណែក​១៩,៩ភាគរយ។

យោងតាម​ក្រុមហ៊ុន​តូតាល់ ​ផលិតផល​ឧស្ម័ន​ក្នុងកិច្ចព្រមព្រៀង​នេះ នឹង​ដាក់​ចូល​ទីផ្សារ​ក្នុងស្រុក​អ៊ីរ៉ង់ ចាប់ពី​ឆ្នាំ​២០២១​ទៅ។ តូតាល់​សន្យា​គោរព​តាម​ច្បាប់​ជាតិ​និងអន្តរជាតិ ក្នុងពេល​អនុវត្ត​គំរោង​វិនិយោគ​នេះ។ តាមធម្មតាកិច្ចព្រមព្រៀង​​​ឧស្ម័ន​នេះ ត្រូវ​សម្រេចសម្រួច​អោ​យហើយ​ នៅ​ដើមឆ្នាំ​២០១៧ ហើយដំណើរការ​ផលិត​អាច​​ធ្វើ​ក្នុង​កំឡុងពេល​​ពី​ជាង៣ឆ្នាំទៅ។ តែ​កន្លងមក តូតាល់​នៅ​រង់ចាំ​សង្កេត​​ ​នយោបាយ​អាមេរិក​សិន។

ការចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ប្រេង​ជាមួ​យអ៊ីរ៉ង់ ​​ថ្ងៃចន្ទ​នេះ ធ្វើឡើង​ចំពេលលោក​ដូណាល់ ត្រាំ ​រិះគន់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ ដែលអ៊ីរ៉ង់ និង​​ក្រុម​ប្រទេស​មហាអំណាចមាន​អាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស​និង​អាល្លឺម៉ង់​សម្រេច​បាន​​ ក្នុង​​ឆ្នាំ​២០១៥។ កិច្ចព្រមព្រៀង​ឆ្នាំ២០១៥ បាន​អនុញ្ញាត​អោយ​សហគមន៍​​អន្តរជាតិ​ដកទណ្ឌកម្ម​មួយចំណែក​ពី​អ៊ីរ៉ង់។ ​ប៉ុន្តែ កន្លងមក ​ធនាគារ​ធំៗ​នៅតែ​មិនសូវ​ហ៊ាន​ធ្វើការ​រកស៊ី​ជាមួយ​អ៊ីរ៉ង់ ដោយសារ​ខ្លាច​ទណ្ឌកម្ម​អាមេរិក។ ឆ្នាំ​មុននេះ​ ព្រឹទ្ធសភា​អាមេរិក​បានបោះឆ្នោត​​​ច្បាប់ថ្មី​ ដើម្បី​ដាក់ទណ្ឌកម្ម​ថ្មីៗ​ទៀត​ប្រឆាំង​អ៊ីរ៉ង់​ ដោយសារ​អាមេរិក​ចោទ​ថា អ៊ីរ៉ង់​​គាំទ្រ​ក្រុមភេរវជន​អន្តរជាតិ។ ទោះយ៉ាងនេះ​ក្តី ​​ច្បាប់​ថ្មី​អាមេរិ​កត្រូវ​ឆ្លងកាត់​ការពិនិត្យ​ពី​សភា​តំណាងរាស្ត្រ​ និង​ការចុះហត្ថលេខា​ពី​លោក​ដូណាល់ ត្រាំ​មួយ​ជាន់ទៀត។

អ៊ីរ៉ង់​ជា​ប្រទេស​មានធនធាន​ឧស្ម័ន​លំដាប់ទី២​ក្នុង​ពិភពលោក​​បន្ទាប់​ពី​រុស្ស៊ី ហើយ​ជាប់ឈ្មោះ​​ជា​ប្រទេស​មា​នធនធាន​ប្រេង​លំដាប់​ទី៤​ក្នុងពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ