អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោកដូណាល់ ត្រាំ​ផ្តើម​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​ក្នុង​ប្រទេស​បារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ផ្តើម​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​ក្នុង​ប្រទេស​បារាំង​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ដល់​ថ្ងៃ​សុក្រ ទី១៤ កក្កដា។ វត្តមាន​រយៈពេល ២ថ្ងៃ​របស់​លោក​ត្រាំ​ក្នុង​ទីក្រុង​ប៉ារីស គឺ​ដើម្បី​ចូលរួម​បុណ្យឯករាជ្យជាតិ​បារាំង ១៤ កក្កដា និង​ចូលរួម​ខួប​គម្រប់ ១០០ឆ្នាំ​នៃ​ការ​ចូលរួម​របស់​ទ័ពអាមេរិក​នៅ​ក្នុង​សង្រ្គាមលោក​លើកទី១​កាល​ពី​ឆ្នាំ ១៩១៧។ ក្រៅ​ពី​ការ​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​ធំ​ទាំង​ពីរ លោក​ត្រាំ​ក៏​ត្រូវ​មាន​ជំនួប​មួយ​ទល់​មួយ​ជាមួយ​សមភាគី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង។ នា​ឱកាស​នោះ មាន​សំណុំរឿង​ជា​ច្រើន​ដែល​ឥស្សរជន​ទាំង​ពីរ​គ្រោង​លើក​យក​ទៅ​ជជែក។

លោកដូណាល់ ត្រាំ​ផ្តើម​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​ក្នុង​ប្រទេស​បារាំង
លោកដូណាល់ ត្រាំ​ផ្តើម​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ​ក្នុង​ប្រទេស​បារាំង Reuters
ផ្សាយពាណិជ្ជកម្ម

លោក​ដូណាល់ ត្រាំ​បាន​ចុះ​ពី​យន្តហោះ Air Force One នៅ​ម៉ោង ៨ និង ៣០នាទី​ព្រឹក​ថ្ងៃ​ទី១៣ កក្កដា ម៉ោង​ក្នុង​ប្រទេស​បារាំង រួច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុង​ប៉ារីស​ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​មន្រ្តីស៊ីវិល និង​យោធា​អាមេរិក។ នៅ​ពេល​រសៀល​ក្នុង​ថ្ងៃ​ទី១៣ កក្កដាដដែល លោក​ត្រាំ​ចូលរួម​នៅ​ក្នុង​ពិធី​យោធា​រៀបចំ​នៅ​ទីលាន Invalides ជាមួយ​សមភាគី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​ដោយ​មាន​ការ​ចូលរួម​ពី​ទ័ពអាមេរិក និង​ទ័ពបារាំង រួម​ទាំង​មន្រ្តីស៊ីវិល​ជា​ច្រើន​រូប​ផ្សេង​ទៀត។

បន្ទាប់​មក លោក​ត្រាំ និង​លោក​ម៉ាក្រុង​ជួប​សន្ទនា​មួយ​ទល់​មួយ​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ និង​ធ្វើ​សន្និសីទកាសែត​រួម​គ្នា​នៅ​ក្រោយ​ជំនួប។ បន្ទាប់​មក​ទៀត​នៅ​វេលា​ម៉ោង ៩យប់ គូស្វាមី ភរិយា​លោក​ដូណាល់ ត្រាំ និង​លោក​អេម៉ានុយអែល ម៉ាក្រុង​ត្រូវ​ស្រស់ស្រូប​អាហារ​រួម​គ្នា​នៅ​ក្នុង​ភោជនីយដ្ឋាន​លើ​អាកាស​ស្ថិត​ជាន់ទី២ នៃ Tour Effel។ នៅ​ថ្ងៃ​សុក្រ ទី១៤ កក្កដា លោក​ដូណាល់ ត្រាំ ជា​ភ្ញៀវកិត្តិយស​ចូលរួម​នៅ​ក្នុង​ពិធី​ក្បួន​ព្យុះហយាត្រា​ថ្ងៃ​បុណ្យជាតិ​បារាំង ១៤ កក្កដា។ នា​ឱកាស​ក្បួន​ព្យុះហយាត្រា​នោះ ក៏​នឹង​មាន​ការ​រួម​ពី​ទ័ព​អាមេរិកាំង​ចំនួន ២០០នាក់។

នេះ​ជា​លើកទី១ គិត​តាំង​ពី​ឆ្នាំ ១៩៨៩ ដែល​មាន​ប្រធានាធិបតី​អាមេរិក​ម្នាក់​បាន​ចូលរួម​នៅ​ក្នុង​ក្បួន​ព្យុះហយាត្រា​បុណ្យជាតិ​បារាំង​ថ្ងៃ ១៤ កក្កដា។ រដ្ឋអំណាច​បារាំង​បាន​ចាត់​វិធានការ​សន្តិសុខ​តឹងរ៉ឹង និង​សម្បើម​អស្ចារ្យ​ដើម្បី​ទទួល​លោក​ត្រាំ។ ចរាចរណ៍​មាន​ការ​កកស្ទះ​ខ្លាំង ព្រោះ​ផ្លូវធំ តូច​តាំង​ពី​ព្រលាន​យន្តហោះ​រហូត​ដល់​ស្ថានទូត​អាមេរិក​ត្រូវ​បាន​ផ្អាក​ចរាចរណ៍​មួយ​រយៈពេល​ធំ​សម្រាប់​ដំណើរ​ក្បួន​រថយន្ត​របស់​លោក​ត្រាំ។ លោក​ត្រាំ​ដែល​ធ្លាប់​និយាយ​នៅ​ក្រោយ​កើត​មាន​ភេរវកម្ម​ក្នុង​ក្រុង​ប៉ារីស​ថា បារាំង​ជា​ប្រទេស​ប្រកប​ដោយ​គ្រោះថ្នាក់​ដែល​មិន​គួរ​ទៅ​ទេ។

ជំនួប​មួយ​ទល់​មួយ​ដូណាល់ ត្រាំ អេម៉ានុយអែល ម៉ាក្រុង

ក្រៅ​ពី​ចូលរួម​នៅ​ក្នុង​បុណ្យជាតិ​បារាំង​ថ្ងៃ ១៤ កក្កដា និង​ចូលរួម​ខួប​គម្រប់ ១០០ឆ្នាំ​នៃ​ការ​ចូលរួម​របស់​ទ័ពអាមេរិក​នៅ​ក្នុង​សង្រ្គាមលោក​លើកទី១ កាល​ពី​ឆ្នាំ ១៩១៧ លោក​ត្រាំ​ជួប​លោក​ម៉ាក្រុង​មួយ​ទល់​មួយ​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​អេលីហ្សេ។ នេះ​មិនមែន​ជា​ជំនួប​លើក​ដំបូង​រវាង​លោក​ត្រាំ និង​លោក​ម៉ាក្រុង​ទេ នោះ​បើ​ជា​ទោះ​បី​ជា​លោក​ទាំង​ពីរ​ទើប​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សឹង​តែ​ដំណាល​ពេល​គ្នា​ក៏​ដោយ។ លោក​ត្រាំ និង​លោក​ម៉ាក្រុង​ធ្លាប់​បាន​និយាយ​ទូរស័ព្ទ​ច្រើន​ដង​ជាមួយ​គ្នា និង​ធ្លាប់​បាន​ជួប​គ្នា​ផ្ទាល់​ចំនួន​ពីរ​ដង ទី១ នៅ​ក្នុង​ជំនួបកំពូល G៧ ក្នុង​ប្រទេស​អ៊ីតាលី​នា​ដំណាច់​ខែ​ឧសភា និង​ទី២ នៅ​ក្នុង​ជំនួបកំពូល G២០ ក្នុង​ប្រទេស​អាល្លឺម៉ង់​នា​ដើម​ខែ​កក្កដា​ថ្មីៗ​នេះ។

នៅ​ក្នុង​ជំនួប​ត្រាំ ម៉ាក្រុង​ថ្ងៃទី១៣ កក្កដា ឥស្សរជន​ទាំង​ពីរ​លើក​យក​ប្រធានរឿង​អន្តរជាតិ​ជា​ច្រើន​ទៅ​ជជែក រួម​មាន​បញ្ហា​អាកាសធាតុ វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី នៅ​អ៊ុយក្រែន ឬ​មួយ​ក៏​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង។ តែ​ប្រធានរឿង​អាទិភាព​ដែល​មិន​អាច​ខ្វះ​បាន​អាច​មាន​ពីរ ទី១ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម និង​ទី២ ពង្រឹង ការពារ​ទំនាក់ទំនង​ទ្វេភាគី​បារាំង អាមេរិក។ ជា​ទូទៅ យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម និង​សន្តិសុខ​ជា​សំណុំរឿង​ដែល​អាមេរិក និង​បារាំង​បន្ត​និយាយ​សម្លេង​តែ​មួយ​ដូច​គ្នា និង​ជា​សំណុំរឿង​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ក្រុង​ប៉ារីស និង​ក្រុង​វ៉ាស៊ីតោន​កាន់​តែ​រឹងមាំ។

អាមេរិក និង​បារាំង​អាច​និយាយ​មិន​ចុះ​សម្រុង​គ្នា​លើ​រឿង​ផ្សេង តែ​រឿង​ផ្សេង​ហ្នឹង​មិនមែន​ជា​ឧបសគ្គ​ដែល​រារាំង​អាមេរិក និង​បារាំង​មិន​ឲ្យ​រួម​សហការណ៍​គ្នា​ក្នុង​ផ្នែក​សន្តិសុខ​ឡើយ ហើយ​វត្តមាន​របស់​លោក​ត្រាំ​នៅ​ក្នុង​ពិធី​ប្រារព្ធ​គម្រប់ ១០០ឆ្នាំ​នៃ​ការ​ចូលរួម​របស់​អាមេរិក​ជួយ​បារាំង​ទប់ទល់​នឹង​អាល្លឺម៉ង់​ណាហ្សី​កាល​ពី ១០០ឆ្នាំ​មុន​ពិត​ជា​សក្ខីកម្ម​មួយ​មិន​អាច​ប្រកែក​បាន​ទេ។ នៅ​ក្នុង​បទសម្ភាសន៍​មួយ​ឲ្យ​កាសែត​បារាំង​នា​ថ្ងៃ​ទី១៣ កក្កដា លោក​ម៉ាក្រុង​បាន​លើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​គំរូ​ជាមួយ​អាមេរិក​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​ភេរវនិយម​តាំង​ពី​តំបន់​មជ្ឈិមបូព៌ា​រហូត​ដល់​ទ្វីប​អាហ្រ្វិក។

លោក​ម៉ាក្រុង​សង្ឃឹម​ជំនះ​លោក​ត្រាំ​ក្នុង​បញ្ហា​អាកាសធាតុ

វត្តមាន​របស់​លោក​ដូណាល់ ត្រាំ​ក្នុង​ប្រទេស​បារាំង​ពេល​នេះ​បាន​ធ្វើ​ឡើង ប៉ុន្មាន​ថ្ងៃ​ក្រោយ​ជំនួបកំពូល G២០ ក្នុង​ប្រទេស​អាល្លឺម៉ង់។ G២០ ដែល​ពិបាក​និយាយ​បញ្ចុះបញ្ចូល​លោក​ត្រាំ​ក្នុង​សំណុំរឿង​ពីរ គឺ​ពាណិជ្ជកម្ម និង​បញ្ហា​អាកាសធាតុ។ G២០ ដែល​ទើប​បាន​បិទបញ្ចប់​ថ្មីៗ​នេះ​បាន​យល់ព្រម​ធ្វើ​សម្បទាន​ឲ្យ​អាមេរិក​ច្រើន​ណាស់​នៅ​ក្នុង​សំណុំរឿង​ពាណិជ្ជកម្ម​អន្តរជាតិ និង​បញ្ហា​អាកាសធាតុ​ដោយ​ G២០ សុខចិត្ត​ទទួល​យក​ការ​សម្រេចចិត្ត​របស់​លោក​ត្រាំ​ក្នុង​ការ​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី គ្រប់​គ្នា​កំពុង​សង្ឃឹម​លើ​លោក​ម៉ាក្រុង​ឲ្យ​និយាយ​បញ្ចុះបញ្ចូល​លោក​ត្រាំ​ដោយ​គេ​យល់​ថា ជាមួយ​នរណា​មិន​ដឹង​ទេ តែ​បើ​ជាមួយ​លោក​ដូណាល់ ត្រាំ អ្វីៗ​អាច​ទៅ​រួច​ទាំង​អស់ ព្រោះ​លោក​ត្រាំ​ជា​ប្រធានាធិបតី​អាមេរិក​ទី១ ដែល​ផ្លាស់ប្តូរ​ជំហរ​ស្រេច​តែ​ចិត្ត ដោយ​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ទាយទុក​មុន​បាន​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​ពេល​នេះ

គំនាប​លើ​លោក​ត្រាំ​នៅ​ក្នុង​រឿង​អាកាសធាតុ​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល ហើយ​រូប​លោក​ម៉ាក្រុង​ខ្លួន​ឯង​ក៏​ទើសទាល់​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​លោក​ត្រាំ​ដែរ។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្រោយ​ជំនួប G២០ លោក​ម៉ាក្រុង​ធ្លាប់​បាន​បញ្ជាក់​ថា លោក​នឹង​បន្ត​លើក​យក​បញ្ហា​អាកាសធាតុ​ទៅ​និយាយ​ជាមួយ​លោក​ត្រាំ​ផ្ទាល់​នា​ពេល​លោក​ត្រាំ​ទៅ​ទស្សនកិច្ច​នៅ​ប៉ារីស ពិសេស​ជំនះ​លោក​ត្រាំ​ឲ្យ​ទទួល​យក​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឡើង​វិញ។ បន្ទាប់​មក លោក​ម៉ាក្រុង​ក៏​បាន​សន្យា​បើក​ជំនួបកំពូល​ថ្មី​ស្តីពី​អាកាសធាតុ​នៅ​ដើម​ខែ​ធ្នូ​ខាង​មុខ​ក្នុង​ក្រុង​ប៉ារីស។ ឃើញ​ថា លោក​ម៉ាក្រុង​បាន​ដាក់​គំនាប​ដោយ​ប្រយោល និង​ដោយ​ផ្ទាល់​លើ​លោក​ត្រាំ​ក្នុង​រឿង​អាកាសធាតុ។ លោក​ម៉ាក្រុង​ឆ្លៀត​យក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិ​ល្អ​រវាង​អាមេរិក និង​បារាំង​នៅ​ក្នុង​ផ្នែក​ផ្សេង​ធ្វើ​ជា​នុយ​ដើម្បី​បញ្ចូល​លោក​ត្រាំ​ឲ្យ​ត្រឡប់​ចូល​រួម​ជា​អន្តរជាតិ​ក្នុង​រឿង​អាកាសធាតុ និង​​ក៏​ចង់​បាន​ការ​ពន្យល់​បំភ្លឺ​របស់​លោក​ត្រាំ​ពី​ជំហរ​ពិត​ប្រាកដ​របស់​លោក​នៅ​ក្នុង​សំណុំរឿង​អន្តរជាតិ​ផ្សេង​ទៀត​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ