មូលនិធិរូបិយវត្ថុអន្តរជាតិសរសើរគម្រោងធ្វើកំណែទម្រង់របស់បារាំង
នៅថ្ងៃចន្ទនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ FMI បានសម្តែងការស្វាគមន៍ចំពោះផែនការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលបារាំង ដឹកនាំដោយប្រធានាធិបតី ម៉ាក្រុង ថាជាកំណែទម្រង់ប្រកបដោយមហិច្ឆតា និងភាពក្លាហាន។ សម្រាប់FMI កំណែទម្រង់នេះនឹងអាចចូលរួមចំណែកដោះស្រាយបញ្ហាសេដ្ឋកិច្ចបារាំង ដែលគិតមិនចេញតាំងពីយូរមកហើយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៥៥
នៅក្នុងសេចក្តីសន្និដ្ឋានប្រចាំឆ្នាំចេញផ្សាយនៅថ្ងៃចន្ទទី ១៧ កក្កដានេះ មូលនិធិរូបិយវត្ថុអន្តរជាតិបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះកម្មវិធីសេដ្ឋកិច្ចនិងសង្គមរបស់រដ្ឋាភិបាលបារាំងថ្មី ដែលគិតគូរសម្រិតសម្រាំងផ្នែកហិរញ្ញវត្ថុសាធារណៈ សម្រួលទីផ្សារការងារនិងបង្វែរទិសដៅប្រព័ន្ធពន្ធដារ។
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលធ្លាប់តែកំណាញ់មុខដាក់ប៉ារីស យល់ថាគម្រោងកំណែទម្រង់របស់រដ្ឋាភិបាល អាចនឹងធ្វើឱ្យសេដ្ឋកិច្ចបារាំងដែលជាប់គាំងយូរមកហើយ មានតែវិសមភាពថវិកា អត្រាអ្នកឥតធ្វើការខ្ពស់ និងគ្មានភាពប្រកួតប្រជែង បានស្គាល់ពន្លឺថ្មី។ អាណត្តិនយោបាយរឹងមាំ មានប្រធានាធិបតីដូចយ៉ាងលោក ម៉ាក្រុង និងរដ្ឋាភិបាលរបស់លោកហ្វីលីព បូកផ្សំនឹងបរិបទសេដ្ឋកិច្ចពិភពលោកមានភាពប្រសើរឡើងផង បារាំងពិតជាមានឱកាសដ៏ប្រពៃនិងពិសេសបំផុតក្នុងការសម្រេចកំណែទម្រង់របស់ខ្លួន។
មូលនិធិរូបិយវត្ថុបានទទួលយកឆន្ទៈរបស់រដ្ឋាភិបាលបារាំងក្នុងការកាត់បន្ថយឱនភាពសាធារណៈ ស្របតាមកិច្ចសន្យាឱ្យមកនៅក្រោម៣%នៃផលិតផលសរុបជាតិនៅដំណាច់ឆ្នាំនេះ ព្រោះគម្រោងកំណែទម្រង់មានលក្ខណៈស៊ីជម្រៅ ផ្តល់តម្លៃសំខាន់ដល់ការកាត់បន្ថយចំណាយសាធារណៈដើម្បីលំនឹងថវិកា ព្រមទាំងសម្រាលសម្ពាធពន្ធដារ។ កំណែទម្រង់ទីផ្សារការងារ ធ្វើឱ្យក្រុមហ៊ុនសហគ្រាសអាចបត់បែនតាមស្ថានការណ៍បានងាយ សើរើការធានារ៉ាប់រងអ្នកអត់ការងារធ្វើ ... ត្រូវបានទទួលការគាំទ្រពីFMI ដោយចាត់ទុកជាកំណែទម្រង់ដ៏មហាសាលនិងមានមហិច្ឆតាបំផុត។
ទាក់ទងនឹងកំណែទម្រង់ក្នុងប្រព័ន្ធពន្ធដារសហគ្រាសវិញ FMI យល់ថាវានឹងពង្រឹងវិស័យវិនិយោគ និងបង្កើនការងារ។ ជាសរុប FMI បានព្យាករកំណើនសេដ្ឋកិច្ចបារាំងថានឹងមានកំរិត១,៥% នៃផលិតសរុបក្នុងស្រុក នៅឆ្នាំនេះ ពោលគឺបានឡើង១%បើប្រៀបទៅនឹងការព្យាករណ៍មុន ហើយកំណើនស្ទុះខ្លាំងនៅឆ្នាំក្រោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ