អានតួអត្ថបទ

វិបត្តិ​អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ ក្រុមប្រឹក្សា​សន្តិសុខ​កោះ​ប្រជុំ​បន្ទាន់ នៅ​ថ្ងៃ​ចន្ទ

ជនប៉ាឡេស្ទីន​ពីរ​នាក់​បាន​ស្លាប់​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​នឹង​កងកម្លាំង​សន្តិសុខ​អ៊ីស្រាអែល នៅ​ក្រុង​ហ្សេរ៉ុយសាឡិម និង​នៅ ស៊ីហ្ស័កដានី។ បណ្តាជន​ប៉ាឡេស្ទីន​នៅ​តែ​បន្ត​ស្រែក​ទាមទារ​ ឱ្យ​អ៊ីស្រាអែល​លុប​​ចោលវិធានការ​សន្តិសុខ​ ​និង​ដក​ចេញ​​ទ្វារ​សុវត្ថិភាព​ចាប់​ជាតិ​ផ្ទុះ ដែល​ដាក់​នៅ​មាត់​ច្រក​ចូល​ទៅ​កាន់​ទីលានវិហារ​អ៊ីស្លាម។ ភាព​តាន​តឹង​និ​ងហិង្សា​កំពុង​​បន្ត​ឆាប​ឆេះ ... បារាំង ស៊ុយអែត និងអេហ្ស៊ីប បាន​ស្នើ​កោះ​ប្រជុំ​បន្ទាន់​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ប្រតិកម្ម​អន្តរជាតិ​ក៏​មាន​ច្រើន​ឱ្យ​រក​មធ្យោបាយ​បន្ធូរបន្ថយ​សម្ពាធ។

ការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​អ៊ីស្រាអែល​និង​បាតុករ​ប៉ាឡេស្ទីន​​ កាន់​តែ​ហិង្សា​ឡើងៗ
ការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​អ៊ីស្រាអែល​និង​បាតុករ​ប៉ាឡេស្ទីន​​ កាន់​តែ​ហិង្សា​ឡើងៗ REUTERS/Mohamad Torokman
ផ្សាយពាណិជ្ជកម្ម

ហ្សេរ៉ុយសាឡិម ស៊ីហ្សកដានី តំបន់​ក្រោម​អាណានិគមកិច្ច​អ៊ីស្រាអែល​ ដែលគ្មាន​អន្តរជាតិ​ណា​ទទួល​ស្គាល់ កំពុង​ស្ថិតក្នុង​ភាព​​តាន​តឹង​បំផុត ​តាំង​ពី​ជាង​មួយសប្តាហ៍​មក​ហើយ។ សម្ព័ន្ធ​អារ៉ាប​បាន​បន្ទោស​អ៊ីស្រាអែល ថា​កំពុង​ប្រលែង​នឹង​ភ្លើង ! ការ​ប៉ះទង្គិច​​រវាង​ប៉ូលិសអ៊ីស្រាអែល​និង​បាតុករ​ប៉ាឡេស្ទីន​មាន​រាល់​ថ្ងៃ ប៉ុន្តែ​ភាព​ប្រឈម​ក្លាយជា​អំពី​ហិង្សា​ មាន​ដល់​ស្លាប់​​​និង​របួស​ជា​ច្រើន​នាក់ បាន​ផ្ទុះ​ឡើង​​​ថ្ងៃ​សុក្រ​​ និង​បន្ត​មក​ទល់​នឹង​ថ្ងៃ​សៅរ៍​នេះទៀត។ ជនប៉ាឡេស្ទីន​ពី​រនាក់​បាន​ស្លាប់ ដោយ​គ្រាប់​កាំភ្លើង​​របស់​ប៉ូលិស​អ៊ីស្រាអែល។

នៅ​ចំពោះ​មុខ​ការ​រីក​រាល​ដាល​នេះ​អំពើ​ហិង្សា ប្រទេស​បារាំង អម​ដោយ​ស៊ុយអែត និង​អេហ្ស៊ីប បាន​ស្នើ​បើក​ជំនួប​ប្រជុំ​បន្ទាន់​ក្រុមប្រឹក្សា​សន្តិសុខ​​ នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ ដើម្បី​ជជែក​គ្នា​ឱ្យ​បាន​ឆាប់ៗ​ថា​តើ​ត្រូវ​ធ្វើ​សេចក្តី​អំពាវនាវ​បែប​ណា​សម្រាប់​បញ្ចុះ​កំហឹង​។

ក្នុង​ពេល​នេះ ក្រុម​Quartette (សហរដ្ឋ​អាមេរិក រុស្ស៊ី សហភាព​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ) បាន​អំពាវនាវ ឱ្យ​ភាគី​ទាំង​ពីរ​ អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ប្រឹង​អត់​ធ្មត់​ បញ្ចៀស​រាល់​សកម្មភាព​នាំ​ឱ្យ​មាន​ញុះញង់​ហិង្សា ហើយ​ត្រូវ​ធ្វើ​ការរួម​គ្នា​ ដើម្បី​សម្រួល​ស្ថានការណ៍។ ក្រុមបួន​ភាគី​នេះ ចង់​ឃើញ​អ៊ីស្រាអែល​និង​ហ្ស័កដានី កាន​ដៃ​គ្នា​រក​ដំណោះស្រាយ​រួម​ ដើម្បី​សុវត្ថិភាព​​និង​សន្តិសុខ​គ្រប់​ភាគី។ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ Quartette នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ធានាអះអាង​ថា​គោរព​និង​រក្សា ​ទីតាំង​សក្តិសិទ្ធិ​​ តាម​លក្ខខន្តិកៈStatut quo​ហើយ។

ប៉ាឡេស្ទីន​ដែល​បាន​ប្រកាស​ផ្អាក​រាល់​គ្រប់​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​អ៊ីស្រាអែល ត្រូវ​ការ​ឱ្យ​រដ្ឋាភិបាល​​អ៊ីស្រាអែល​លុប​វិធានការ​និង​ដក​ទ្វារ​សុវត្ថិភាព​​ចាប់​ជាតិ​ផ្ទុះ​ចេញ​ពី​​ទីលាន​ក្រុង​ចាស់ ហ្សេរ៉ុយសាឡិម​ ព្រោះ​ទង្វើ​បែប​នេះ គឺ​ប្រៀប​ដូច​អ៊ីស្រាអែល​​ចង់​ក្រសោប​គ្រប់គ្រង​ក្រុង​ហ្សេរ៉ុយសាឡិម។ ទីលាន​ហ្សេរ៉ុយសាឡិម ក្រុង​សក្តិសិទ្ធិ​ ជា​ទីសក្ការៈ​នៃ​សាសនា​អ៊ីស្លាមផង សាសនា​ជ្វីហ្វ​​ផង តែ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រងរបស់​ហ្ស័កដានី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ