អ៊ីស្រាអែល និងកាត់បន្ថយការផ្គត់ផ្គង់ភ្លើងអគ្គីសនីដល់តំបន់ហ្កាហ្សា
អាជ្ញាធរអ៊ីស្រាអែល បានបញ្ជាក់ឲ្យដឹងថា ខ្លួននឹងកាត់បន្ថយការផ្គត់ផ្គង់ ភ្លើងអគ្គីសនីទៅឲ្យដែនដីប៉ាឡេស្ទីនតំបន់ហ្កាហ្សា។ ការកាត់បន្ថយនេះ គឺធ្វើឡើងបន្ទាប់ពីអាជ្ញាធរកណ្តាលប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅ តំបន់ស៊ីហ្សកដានី បានសម្រេចកាត់បន្ថយក្នុងកំរិតខ្ពស់ នូវការបង់ប្រាក់ថ្លៃភ្លើងអគ្គីសនី ឲ្យអ៊ីស្រាអែល ចំពោះការប្រើប្រាស់នៅតំបន់ហ្កាហ្សា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២៤
ពាក្យចចាមអារ៉ាម ដែលថាអ៊ីស្រាអែល និងផ្តាច់ភ្លើងនៅតំបន់ហ្កាហ្សា បានធ្វើឲ្យមានការព្រួយបារម្ភ ក្នុងចំណោមប្រជាជនប៉ាឡេស្ទីនប្រមាណ២លាននាក់ ដែលរស់នៅក្នុងតំបន់នោះ។ បើយោងតាមការផ្សាយរបស់វិទ្យុកងទ័ពអ៊ីស្រាអែល បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី ១១ មិថុនា ក្រសួងសន្តិសុខផ្ទៃក្នុងអ៊ីស្រាអែល បានសម្រេច កាត់បន្ថយការផ្គត់ផ្គង់អគ្គីសនី ទៅឲ្យតំបន់ហ្កាហ្សា ចំនួន៣ភាគ៤។ មានន័យថា ក្នុងមួយថ្ងៃ តំបន់ហ្កាហ្សា នឹងមានភ្លើងអគ្គីសនីប្រើ តែរយៈពេល២ម៉ោងប៉ុណ្ណោះ។
លោករដ្ឋមន្ត្រីក្រសួងសន្តិសុខផ្ទៃក្នុងអ៊ីស្រាអែល បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំងថា ពិតជាមានសេចក្តីសម្រេចនេះមែន។ សេចក្តីសម្រេចនេះធ្វើឡើង ដោយសារតែអាជ្ញាធរកណ្តាលប៉ាឡេស្ទីន នៅក្រុងហាម៉ាស បានសម្រេចកាត់បន្ថយ ក្នុងកំរិតខ្ពស់ នូវការបង់ប្រាក់ថ្លៃប្រើប្រាស់អគ្គីសនីរបស់តំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា ដែនដីប៉ាឡេស្ទីន ត្រូវពុះចែកជាពីរដាច់ពីគ្នា ដោយដែនដីអ៊ីស្រាអែល។ ម្ខាងគឺតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមអ៊ីស្លាមហាម៉ាស និងម្ខាងទៀតគឺតំបន់ស៊ីហ្សកដានី ដែលស្ថិតក្រោមអំណាចកណ្តាលរបស់អាជ្ញាធរប៉ាឡេស្ទីន ដែលមានលោកម៉ាមូដ អាបាស ជាប្រមុខដឹកនាំ។ ថ្វីបើជាផ្លូវការ តំបន់ទាំងពីរស្ថិតក្រោមអំណាចរដ្ឋបាលរបស់អាជ្ញាធរប៉ាឡេស្ទីនក៏ដោយ ក៏ប៉ុន្តែតំបន់ហ្កាហ្សា ត្រូវបានគ្រប់គ្រងចាត់ចែងទាំងស្រុង ដោយក្រុមហាម៉ាស។ ក្រុមនេះ បានបណ្តេញអាជ្ញាធរប៉ាឡេស្ទីន ចេញពីហ្កាហ្សានៅឆ្នាំ២០០៧ ដើម្បីគ្រប់គ្រងតែម្នាក់ឯង។ តែយ៉ាងណា អាជ្ញាធរប៉ាឡេស្ទីន បានបន្តផ្តល់ថវិកា ចំណាយទូទៅ ដល់មន្ត្រីរដ្ឋការ និងបង់ប្រាក់ថ្លៃភ្លើងអគ្គីសនីជាដើម។
ក៏ប៉ុន្តែ មួយរយៈចុងក្រោយនេះ អាជ្ញាធរកណ្តាលប៉ាឡេស្ទីន បានកាត់បន្ថយការចំណាយទាំងអស់នៅតំបន់ហ្កាហ្សា ដើម្បីដាក់គំនៀបលើក្រុមហាម៉ាស ដែលមានគោលនយោបាយរឹងទទឹងខ្លាំង។ យ៉ាងណាមិញ អ៊ីស្រាអែល ចាត់ទុកក្រុមហាម៉ាសនៅហ្កាហ្សា គឺជាក្រុមភេរវកម្ម ស្របពេលដែលនៅតំបន់ស៊ីហ្សកដានីឯនោះ អ៊ីស្រាអែលបានបន្ធូរបន្ថយ ផ្តល់ការសហការច្រើន ជាមួយនឹងអាជ្ញាធរប៉ាឡេស្ទីន។
លោក Tareq Rechmaoui អ្នកនាំពាក្យរបស់រដ្ឋាភិបាលប៉ាឡេស្ទីនក្រុងរ៉ាម៉ាឡា បាននិយាយថា ក្នុងមួយខែៗ អស់រយៈពេល១០ឆ្នាំមកហើយ អាជ្ញាធរប៉ាឡេស្ទីន ត្រូវបង់ថ្លៃភ្លើងដែលតំបន់ហ្កាហ្សាប្រើប្រាស់ ទៅឲ្យអ៊ីស្រាអែល ចំនួនជាង១១លានអឺរ៉ូ និងទៅឲ្យអេហ្ស៊ីប ចំនួន១,៨លានអឺរ៉ូ ។ កំហុសគឺមកពីក្រុមហាម៉ាស ដែលរឹងទទឹងមិនព្រមចរចា មិនព្រមធ្វើសម្បទាន។ លោកសង្ឃឹមថា ប្រជាជនប៉ាសឡេស្ទីន នៅតំបន់ហ្កាហ្សា នឹងបានយល់ដឹងពីគ្រោះថ្នាក់ ដែលបង្កឡើងដោយក្រុមហាម៉ាសនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ