អានតួអត្ថបទ
បារាំង-អាល្លឺម៉ង់

បារាំង និង​អាល្លឺម៉ង់​មូលមតិ​គ្នា ដើម្បី​ជំរុញ សហភាព​អឺរ៉ុប​ឲ្យ​រឹងមាំ

គ្មានទៀតឡើយ អឺរ៉ុប​បែកបាក់​គ្នា។ គ្មានទៀតដែរ រូបភាព អឺរ៉ុប​ចុះទន់​ខ្សោយ​ដោយសារ​ការដើរចេញ​របស់​អង់គ្លេស។ ដោយ​ជួបពិភាក្សា ចុះសម្រុង​គ្នា​ជាធ្លុង​មួយ ប្រមុខ​រដ្ឋាភិបាល​បារាំង​ហើយ​និង​អាល្លឺម៉ង់ ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​អឺរ៉ុប ចង់​ឲ្យ​គេ​បំភ្លេច​ចោល រូបភាព​អវិជ្ជមាន​របស់​សហភាព​អឺរ៉ុប។ នៅថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ ពោល គឺ​នៅ​មួយ​ថ្ងៃ​មុន​បើក​កិច្ច​ប្រជុំកំពូល​ស្តីពី​វិស័យ​ឌីជីថល នៅទីក្រុង​តាលីន របស់​អេស្តូនី នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ បាន​សំដែង​ការគាំទ្រ​គំនិត​ឈ្វេងយល់​របស់​ប្រធានាធិបតី​វ័យក្មេង​របស់​បារាំង ដែល​ចង់​ឲ្យ​អឺរ៉ុប​បោះជំហាន​ទៅមុខ ជាមួយ នឹង​ការនាំផ្លូវ​របស់​អាល្លឺម៉ង់ និង​បារាំង។

ប្រធានាធិបតី​បារាំង និង​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ នៅក្រោយ​ជំនួប​ក្នុង​ទីក្រុង​តាលីន​របស់​ប្រទេស​អេស្តូនី នៅថ្ងៃទី ២៨​កញ្ញា ២០១៧
ប្រធានាធិបតី​បារាំង និង​នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ នៅក្រោយ​ជំនួប​ក្នុង​ទីក្រុង​តាលីន​របស់​ប្រទេស​អេស្តូនី នៅថ្ងៃទី ២៨​កញ្ញា ២០១៧ ©JANEK SKARZYNSKI / AFP
ផ្សាយពាណិជ្ជកម្ម

បារាំង និង​អាល្លឺម៉ង់​បានយល់ ចុះសម្រុង​គ្នា ជាងពេល​ណាៗ​ទាំងអស់។ នេះ​ជា​រូបភាព ដែល​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ និង​ប្រធានាធិបតី បារាំង ចង់​បង្ហាញ​ឲ្យ​គេដឹង នៅក្រោយ​ជំនួប​ទ្វេភាគី នៅ​ទីក្រុង​តាលីន ប្រទេស​អេស្តូនី។ នៅ​មុន​ចូល​តុ​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​កំពូល​សហភាព​អឺរ៉ុប ដែល​ត្រូវ​ជជែក​គ្នា ពី​វិស័យ​ឌីជីថល នៅ​ប្រទេស​អេស្តូនី នៅថ្ងៃនេះ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ និង​បារាំង បាន​និយាយ​គ្នា​រួច​ជាស្រេច ដើម្បី​បង្ហាញ​ជំហរ​ឯកភាព​គ្នា ស្តីពី​អនាគត​អឺរ៉ុប។

“ខ្ញុំ​មើលឃើញថា នៅក្នុង​សុន្ទរកថា របស់​លោកអេម៉ានុយ ម៉ាក្រុង មាន​ចំណុច​ល្អ​ជាច្រើន ដែល​គេ​អាច​យក​ទៅប្រើ​ជាមូលដ្ឋាន គ្រឹះ ដើម្បី ធ្វើ​ឲ្យ​បារាំង និង​អាល្លឺម៉ង់ រួមគ្នា កាន់​តែ​ខ្លាំង ដើម្បី​អនាគត​អឺរ៉ុប” នេះ​ជា​ប្រសាសន៍​របស់​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ ដែល​ហាក់​ពេញចិត្ត​ណាស់​នឹង​សំណើ​របស់​ប្រមុខរដ្ឋាភិបាល បារាំង ជាពិសេស នៅ​ក្នុង​បញ្ហា​ធ្វើ​កំណែទម្រង់​នៅ​ក្នុង​សហភាព​អឺរ៉ុប។

សំណើ​របស់​ប្រធានាធិបតី បារាំង ស្តី​ពី​ការកសាង​អឺរ៉ុប​ថ្មីមួយ នៅក្រោយ​ការដើរចេញ​របស់​អង់គ្លេស ត្រូវ​បាន​លើក​យក​ទៅ​ដាក់​លើ​តុ​ជជែក​របស់​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​សមាជិក​អឺរ៉ុប។ នៅក្នុង​សុន្ទរកថា កាលពី​ថ្ងៃ​អង្គារ នៅទីក្រុង​ប៉ារីស ប្រធានាធិបតី​បារាំង​បាន​លើកសំណើ​ជាច្រើន ដូចជា​ការការពារ​សន្តិសុខ អន្តោប្រវេសន៍ ហើយ​សេដ្ឋកិច្ច នៅ​សហភាព​អឺរ៉ុប។ ប្រធានាធិបតី​បារាំង​ចង់​បាន​ផងដែរ ឲ្យ​មាន​ការបង្កើត​រដ្ឋាភិបាល​សេដ្ឋកិច្ចមួយ ដែល​មាន​រដ្ឋមន្រ្តី និង​កេស​ថវិកាផ្ទាល់ខ្លួន នៅក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ។ លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ យល់ស្រប​ការលើកឡើង​របស់​ប្រធានាធិបតី​បារាំង ស្តីពី​បញ្ហា​សន្តិសុខ និង​អន្តោប្រវេសន៍ ប៉ុន្តែ ការបង្កើត​តំណែង​រដ្ឋាភិបាល​សេដ្ឋកិច្ច នៅ​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ គឺ​ជារឿង​រសើប ដែល​អាល្លឺម៉ង់​មិន​ចង់​បាន​នោះទេ ជាពិសេស ក្រុមសេរីនិយម​អាល្លឺម៉ង់ ដែល​ត្រូវ​ចូលរួម​បង្កើត​រដ្ឋាភិបាល ចម្រុះ ជាមួយ​លោកស្រី ម៉ែកិល​នាពេល​ខាងមុខ។

ក្រៅតែ​ពី​សំណើ​កំណែទម្រង់ ដើម្បី​ផ្តល់​សន្ទុះ​ដល់​សហភាពអឺរ៉ុប ថ្នាក់ដឹកនាំ​របស់​សហភាព​អឺរ៉ុប ដែល​មាន​វត្តមាន​នៅក្នុង​ជំនួបកំពូល ស្តីពី​វិស័យ​ឌីជីថល បាន​យក​ទៅ​ពិចារណា​ផងដែរ សំណើ​របស់​ប្រធានាធិបតី​បារាំង ដែល​ចង់​ឲ្យ​គេ​យកពន្ធ​កាន់តែ​ច្រើន​ពី​ក្រុមហ៊ុន​អ៊ីនធ័រនែត ធំៗ ដែល​កំពុង​ធ្វើ​ជំនួញ​នៅ​អឺរ៉ុប ដូចជា​ក្រុមហ៊ុន​Apple ហ្គូហ្គល​ជាដើម។ សម្រាប់​ប្រធានាធិបតី​បារាំង ក្រុមហ៊ុន​ព័ត៌មាន​អន្តរជាតិ​ធំៗ រក​បាន​ប្រាក់ចំណូល​ច្រើន​នៅ​ក្នុង​ទឹកដី​អឺរ៉ុប ប៉ុន្តែ រហូតមក ពួកគេ​បាន​រកលេស គេច មិន​បង់ពន្ធ​ឲ្យ​បាន​ត្រឹមត្រូវ នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ