អានតួអត្ថបទ
អារ៉ាប៊ីសាអូឌីត-តួកគី

អារ៉ាប៊ីសាអូឌីត​ថា គ្មាន​ពាក់ព័ន្ធ​នឹង​ការ​បាត់ខ្លួន​អ្នកកាសែត​ តែ​តួកគី​ថា ចាំ​មើល​លទ្ធផល​ស៊ើបអង្កេត​សិន

ព្រឹត្តិការណ៍​បាត់ខ្លួន​អ្នកកាសែត​ជនជាតិ​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​តួកគី​កំពុង​បន្ត​ក្លាយ​ជា​បច្ចុប្បន្នភាព​ក្តៅគគុក​រវាង​ទីក្រុង​អង់ការ៉ា និង​ទីក្រុង​រីយ៉ាដ។ លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន​បាន​បញ្ចេញ​ប្រតិកម្ម​លើកដំបូង​នា​ថ្ងៃ​អាទិត្យ ទី៧ តុលា​ថា លោក​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​អ្វី​ទេ និង​ថា លោក​កំពុង​រង់ចាំ​លទ្ធផល​ស៊ើបអង្កេត​ពី​តុលាការ​ក្រុង​អ៊ីស្តង់ប៊ូល។ ប្រតិកម្ម​របស់​លោក​អ៊ែរដូហ្កាន​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប៉ូលិស​តួកគី​បាន​សន្និដ្ឋាន​ថា លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​ដែល​ល្បី​ខាង​រិះគន់​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត​មិន​សំចៃមាត់​ប្រហែល​ត្រូវ​បាន​គេ​សំឡេះ​ចោល​នៅ​ក្នុង​អាគារ​ស្ថានកុងស៊ុល​របស់អារ៉ាប៊ីសាអូឌីត​ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ូល​បាត់​ទៅ​ហើយ។ លោក​ម៉ូហាម៉េត បេន អាប់ដាឡា អាល់ហ្សេហ្វា អតីត​សមាជិកសភា​ពិគ្រោះយោបល់​អារ៉ាប៊ីសាអូឌីត​បាន​ចាត់​ទុក​ការ​សង្ស័យ ឬ​ចោទប្រកាន់​លើ​អារ៉ាប៊ីសាអូឌីត​ជា​យុទ្ធនាការ​ប្រឆាំង​នឹង​ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអូឌីត។

លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន
លោក​ប្រធានាធិបតី​តួកគី​អ៊ែរដូហ្កាន Cem Oksuz/Presidential Palace/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

« មាន​លេច​ឮ​ព័ត៌មាន​ចចាមអារ៉ាម​ជា​ច្រើន​ស្តីពី​ការ​ស្លាប់​អ្នកកាសែត​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី។ យើង​កំពុង​រង់ចាំ​ជានិច្ច​ពី​ការ​បញ្ជាក់ ឬ​មិន​បញ្ជាក់​ពី​រដ្ឋាភិបាល​របស់​ប្រទេស​តួកគី។ តែ​ខ្ញុំ​ចង់​រម្លឹក​ថា រដ្ឋាភិបាល​ទីក្រុង​អ៊ីស្តង់ប៊ូល​មាន​កាតព្វកិច្ច​ជា​អ្នក​ធានា​សុវត្ថិភាព និង​សន្តិសុខ​អ្នកកាសែត​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​ដែល​ជា​ជនជាតិ​អារ៉ាប៊ីសាអូឌីត។

ព្រះអង្គម្ចាស់រាជទាយាទ​អារ៉ាប៊ីសាអូឌីត​ម៉ូហាម៉េត បេនសាលម៉ាន​បាន​បញ្ជាក់​យ៉ាង​ច្បាស់​រួច​ហើយ​ចំពោះ​រឿងរ៉ាវ​មួយ​នេះ។ ព្រះអង្គ​បាន​បញ្ចេញ​ប្រតិកម្ម​ក្នុង​ពេល​ផ្តល់​បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍​អាមេរិកាំង។ ព្រះអង្គ​បាន​បញ្ជាក់​ថា ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ប្រចាំ​ទីក្រុង​អ៊ីស្តង់ប៊ូល ប្រទេស​តួកគី​បាន​បើក​ទ្វារ​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​ពិនិត្យ​ដើម្បី​ចង់​ដឹង​ថា តើ​មាន​វត្តមាន​រូប​អ្នកកាសែត​ម៉ាល់ ខាស្ហូហ្ស៊ី​ឬ​អត់។

មាន​អ្នកកាសែត​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​អ្នកកាសែត​របស់ Reuters ដែរ​បាន​ចូល​ទៅ​ពិនិត្យ​ក្នុង​ស្ថានកុងស៊ុល តែ​ពួក​គេ​មិន​បាន​រក​ឃើញ​អ្វី​ទាំង​អស់។ ខ្ញុំ​គិត​ថា រឿងរ៉ាវ​មួយ​នេះ​មាន​គោលដៅ​ប្រឆាំង​នឹង​រាជាណាចក្រ​អារ៉ាប៊ីសាអូឌីត។ ប្រទេស​របស់​យើង​មាន​ទម្លាប់​ទទួល​រង​បែប​នេះ តែ​យើង​នៅ​តែ​រឹងមាំ និង​យើង​នឹង​បន្ត​ប្រឆាំង​ជានិច្ច »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ