អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បានជា​ទីភ្នាក់ងារ​អវកាស​ណាសា បញ្ជូន​រ៉ូបូ​ទៅ​សិក្សា​ភពអង្គារ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូចការព្រាងទុក​យាន​អវកាស Insight ​របស់​ទីភ្នាក់ងារ​ ណាសាដែល​មាន​ផ្ទុក​ម៉ាស៊ីន រ៉ូបូ បាន​ទៅ​ចុះចត ដោយ​ជោគជ័យ លើ​ភព​ព្រះអង្គារ កាល​ពី​ ថ្ងៃ​ចន្ទ (ម៉ោង ១៩និង ៥៣​វិនានទី ម៉ោង​សកល) បន្ទាប់ពី ហោះ​ចេញ​ពី​ផែនដី កាលពី​ខែ​ឧសភា។ ជាមួយ​នឹង​សម្រែក​ត្រេកអរ​របស់អ្នកវិទ្យាសាស្រ្ត ទីភ្នាក់ងារ​ណាសា​បាន​បញ្ចេញ​ឲ្យ​ឃើញ​រូបភាព​ដំបូង ដែល​ម៉ាស៊ីន​រ៉ូបូ Insight បាន​ថត​ភ្លាម នៅពេល​ទៅ​ចុះចត​ដល់​ឋានព្រះអង្គារ។ 

Tom Hoffman ប្រធាន​គម្រោងបង្ហាញ​រូបថត ដែល​​យានអវកាស​InSightបាន​ថត​បញ្ជូនមកវិញ នៅក្រោយ​ចុះចត​ដោយ​ជោគជ័យ កាលពី​ថ្ងៃចន្ទ។ រូបថត​នៅមន្ទីរពិសោធន៍​Jet Propulsion Laboratory (JPL) របស់​ណាសា នៅ​ Pasadenaនៅ​រដ្ឋ​កាលីហ្វនីញ៉ា ថ្ងៃទី ២៦ វិច្ឆិកា ២០១៨
Tom Hoffman ប្រធាន​គម្រោងបង្ហាញ​រូបថត ដែល​​យានអវកាស​InSightបាន​ថត​បញ្ជូនមកវិញ នៅក្រោយ​ចុះចត​ដោយ​ជោគជ័យ កាលពី​ថ្ងៃចន្ទ។ រូបថត​នៅមន្ទីរពិសោធន៍​Jet Propulsion Laboratory (JPL) របស់​ណាសា នៅ​ Pasadenaនៅ​រដ្ឋ​កាលីហ្វនីញ៉ា ថ្ងៃទី ២៦ វិច្ឆិកា ២០១៨ ©Al Seib/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

យានអវកាស​របស់​ទីភ្នាក់ងារ​ណាសា បាន​ទៅចុះចត នៅលើ​ភព​ព្រះអង្គារ កាលពី​យប់​ថ្ងៃ​ចន្ទម្សិលមិញ។ បេសកកម្ម​មួយនេះ ត្រូវ​បាន​ចាក់បញ្ចាំង​ផ្ទាល់ នៅ​កណ្តាលក្រុង​ញូវយ៉ក ចំណែក ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ក៏បានទូរស័ព្ទ​ទៅ​អបអរ ក្រុមការងារ​របស់​ទីភ្នាក់ងារ​អវកាស​ណាសា ដែល​បាន​លោត​ត្រេកអរ​ពេញបន្ទប់ នៅ​ក្រោយឃើញ យាន​អវកាស Insight​បាន​ទៅ​ចុះចត ដោយ​ជោគជ័យ​លើ​ឋានព្រះអង្គារ។

សម្រាប់​អ្នកវិទ្យាសាស្រ្ត​របស់​ណាសា ការទៅ​ចុះចត ដោយ​ជោគជ័យ ហើយ​អ្វីៗ ក៏​ដំណើរការ​ទៅតាម​ការគ្រោងទុក គឺ​ប្រៀបបាន​នឹង​ការធូរស្រាល​ចិត្តមួយ​ផ្នែកធំ​របស់​ទីភ្នាក់ងារ​ណាសា។ អ្នកវិទ្យាសាស្រ្ត របស់​ណាសា បានធ្វើការ ៧ឆ្នាំ ដើម្បី​កសាង​យានអវកាស Insight ដែល​មាន​តម្លៃ ៩៩៣លាន​ដុល្លារ។

យានអវកាស​ Insight ​ដែល​មាន​ទម្ងន់ ៣៦០​គីឡូក្រាម និង​ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​ចេញពី​ផែនដី កាលពី ថ្ងៃទី ៥​ឧសភា ឆ្នាំនេះ បានទៅ​ចុះចត នៅខែ​វិច្ឆិកា តាម​ការគន់គូរ គ្រោងទុក មុន​របស់ណាសា។ យានអវកាស Insight បាន​ចំណាយពេល​ដល់​៦ខែ មុន​នឹង​ហោះ​ទៅ​ចុះចត​បាន​សម្រេច នៅ​លើ​ភពព្រះអង្គារ ដែល​ស្ថិតនៅ​ចម្ងាយ ប្រមាណ ៤៨០​លាន​គីឡូម៉ែត្រ។

ទីភ្នាក់ងារ​ណាសា របស់​អាមេរិក ជា​ទីភ្នាក់ងារ​តែមួយ ក្នុង​លោក ដែល​មាន​សមត្ថភាព​​បញ្ជូន យានអវកាស​របស់​ខ្លួន​ទៅ​ចុះចត ដោយ​ជោគជ័យ នៅលើ​ឋានព្រះអង្គារ។ ត្រូវដឹងថា នៅក្នុង​ចំណោម​បេសកកម្ម​បាញ់បង្ហោះ​យានអវកាស​ទៅ​សិក្សា​ភពព្រះអង្គារ ចំនួន ៤១ ក្នុង​ពិភពលោក ដែល​មាន​ចាប់តាំង​ពី​ឆ្នាំ ១៩៦០ បេសកកម្ម​ចំនួន ២០​រៀបចំ​ឡើង​ដោយណាសា។ យានអវកាស Insight នៅថ្ងៃ​ម្សិលមិញ ជា​យាន​ទី​៨ ​ដែល​ណាសា​បាន​បញ្ជូន ទៅ​ចុះចត នៅ​ភពអង្គារ។ ពោល គឺ​នៅ​៧​ឆ្នាំ​ក្រោយ ដែល ណាសា បាន​បញ្ជូន​ទៅ​ចុះចត ដោយ​ជោគជ័យ​ម្តង​ហើយ Curiosity កាល​ពី​ឆ្នាំ ២០១២។

នៅក្នុង​បេសកកម្ម​លើកនេះ ណាសា បាន​បញ្ជូន យានអវកាស​គ្មានមនុស្ស ដែល​ហោះ​លឿន​ជាង​គ្រាប់កាំភ្លើង​ដល់​ទៅ ៣ ៤ដង គឺ​ក្នុង​ល្បឿន ជិត ២ម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង និង​ដែល​អាច​ធន់​នឹង​កំដៅ ដល់ទៅ ១៥០០​អង្សា។

ក្នុងរយៈពេល​តិចជាង ៧នាទី យានអវកាស​បញ្ចុះល្បឿ ពី១៩ ៨០០​គីឡូម៉ែត្រ មកនៅត្រឹម ៨គីឡូម៉ែត្រ ក្នុង​មួយម៉ោង​

នៅថ្ងៃ​ម្សិលមិញ នៅក្នុង​សន្និសីទ​កាសែត នៅ​មជ្ឈមណ្ឌល ត្រួតពិនិត្យ​បេសកកម្ម​របស់​Insigth ដែល​ស្ថិតនៅ​ក្នុង​មន្ទីរពិសោធន៍ Jet Propulsion ក្នុង​រដ្ឋ​កាលីហ្វនីញ៉ា អ្នកវិទ្យាសាស្រ្ត​បាន​និយយាថា រយៈពេល​នៃ​ការចុះចត គឺ​មាន​ប្រមាណ​តែ ៦នាទីកន្លះតែប៉ុណ្ណោះ។ តាមការរៀបរាប់​របស់​អ្នកវិទ្យាសាស្រ្ត​ណាសា នៅក្នុង​ពេល​ហោះ​ក្នុង​ល្បឿន​ដ៏លឿន​ជាងគ្រាប់កាំភ្លើង​ទៅក្នុង​បរិយាកាស​របស់​ឋានព្រះអង្គារ យានអវកាស Insight ត្រូវ​បើក​ខែល ការពារ​ភ្លើង ដែល​ឆេះ ដោយសារ​សម្ពាធ​បរិយាកាស។ បន្ទាប់មក នៅ​ចម្ងាយ ប៉ុន្មាន​រយ​គីឡូម៉ែត្រ ពី​ភពអង្គារ យានអវកាស​បាន​បញ្ចេញ​ឆ័ត្រយោង ដើម្បី បញ្ចុះ​ល្បឿន ខ្លាំង​មែនទែន ពី​ជិត ២ម៉ឺន​គីឡូម៉ែត្រ ក្នុង​មួយម៉ោង មកនៅ​ត្រឹម ៨គីឡូម៉ែត្រ​ក្នុង​មួយម៉ោងវិញ។ គឺ​នៅពេល​បន្ថយ​ល្បឿនេះ​ឯង យានអវកាស​ ទៅតាម​កម្មវិធី​ដើរដោយ​ស្វ័យប្រវត្តិ បាន​បញ្ចេញជើងទ្រ ដើម្បី ទៅ​ដាក់​សន្សឹមៗ លើ​ឋាន​ព្រះអង្គារ គឺ​នៅមុន​ថតរូបមួយ​ប៉ុស្ត បញ្ជូនមក​ផែនដីវិញ ដើម្បី បញ្ជាក់ថា Insight ​បានចុះចត​ដោយ​ជោគជ័យ​ហើយ នៅលើភពក្រហម ភពអង្គារ។

នៅ​ថ្ងៃ​ចន្ទ យានអវកាស​ Insight ​បាន​ដាក់តាំង​ទីរ៉ូបូ ដោយ​សុវត្ថិភាព នៅលើ​ភពអង្គារ និងបាន​ចាប់​បញ្ចេញ​ផ្ទាំងសូ្របកំដៅ​ព្រះអាទិត្យ ដើម្បី​បាន​ថាមពល​ទុក​ប្រើប្រាស់ សម្រាប់​ដំណើរការ​រយៈពេល ១ឆ្នាំ នៅ​លើ​ឋាន​ព្រះអង្គារ ដែល​ស្មើនឹង​រយៈពេល​២ឆ្នាំ ពេលវេលា​របស់​ផែនដី។

Insightជា​ម៉ាស៊ីនពេលវេលា វិល​​ត្រលប់​ទៅសិក្សា​ភូមិសាស្រ្ត​កាលពី​​អតីតកាល

ខុសពី​លើកមុនៗ ដែល​គ្រាន់​តែ​ផ្តោត​សំខាន់ ទៅ​លើ​របៀប​ចុះចត ដោយ​គ្មាន​គ្រោះថ្នាក់ លើ​ភពព្រះអង្គារ ណាសា លើកនេះ បាន​បញ្ជូន​យាន​អវកាស​ Insight ជាមួយ ឧបករណ៍ សំខាន់ ដើម្បី​សិក្សា ទាំង​ពី​បរិយាកាស និង​ស្ថានភាព​ក្រោមដី​របស់​ឋាន​ព្រះអង្គារ។

នៅក្នុង​រយៈពេល ពី ២ ទៅ​៣ខែ​ខាងមុខ រ៉ូបូ​របស់​យានអវកាស Insight នឹង​បញ្ចេញ បោះទីតាំង​ឧបករណ៍ ដែល​ខ្លួន​នាំទៅ​ជាមួយ ដូចជា ឧបករណ៍​របស់​បារាំង សម្រាប់​ស្ទង់ ប្រមូល​ទិន្នន័យ​ស្តីពី​គ្រោះរញ្ជួយដី ហើយ​និង​លក្ខខ័ណ្ឌ​អាកាសធាតុ នៅ​លើ​ភពព្រះអង្គារ។ ចំណែក​ឧបករណ៍មួយប្រភេទ​ទៀត ដែលផលិត​ដោយ​ទីភ្នាក់ងារ​អវកាស​អាល្លឺម៉ង់ នឹង​ត្រូវ​បុកចូលទៅដី ជម្រៅ ៥ម៉ែត្រ ដើម្បី​សិក្សា​ស្វែងយល់​ថា តើក្រោម​ដី​របស់​ភព​អង្គារ ជា​សារធាតុ​រឹង ឬ​ក៏រាវ។

ស្វែងយល់​លំអិត​ពី​អាកាសធាតុ នៅលើ​ភពព្រះអង្គារ ដែល​នឹង​អាច​ឲ្យ​គេ​ដឹង បណ្តើរៗ នៅ​ឆ្នាំ ក្រោយ គឺ​ជា​រឿងសំខាន់​ណាស់ សម្រាប់​ទីភ្នាក់ងារ​ណាសា ដែល​គ្រោង​នឹង​បញ្ជូន​មនុស្ស​ទៅសិក្សា ពី​ភពព្រះអង្គារ នៅ​រវាង​ឆ្នាំ ២០៣០។ ណាសា ធ្លាប់​បាន​រកឃើញថា សីតុណ្ហភាព នៅ​ភពព្រះអង្គារ នៅ​ត្រង់​ខ្សែរ​អេក្វាទ័រ មាន​ប្រមាណ ២០អង្សារសេ នៅពេល​ថ្ងៃ ប៉ុន្តែ អាកាសធាតុ​បាន​ចុះត្រជាក់ខ្លាំង នៅពេល​យប់ រហូត​ដល់​ដក ៧៣អង្សារសេ។ ទិន្នន័យ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​នៅលើ​ភពព្រះអង្គារ​នឹង​ជួយ​ឲ្យ​ណាសា​អាច​ប្រុងប្រៀប ត្រៀម ឧបករណ៍​សម្រាប់​បេសកកម្ម​បញ្ជូន​មនុស្ស​ទៅ​ភពព្រះអង្គារ។

បេសកកម្ម​ទៅ​ការសិក្សា​ភពក្រហម ភពអង្គារ គឺ​ប្រៀប​បាន​នឹង​ម៉ាស៊ីន​ដែល​ជួយ​ឲ្យ​គេ​ត្រលប់​ទៅ​អតីតកាល ទៅ​ឲ្យ​គេ​ស្វែងយល់ ពី​ការកកើតឡើង​ដំបូងនៃ​ភពព្រះអង្គារ។ បើគេ​ដឹងតើ ភព​អង្គារ បាន​កកើត ហើយ​និងវិវឌ្ឍ​យ៉ាងម៉េច កាលពី​៣​ពាន់​លាន​ឆ្នាំមុន នោះ គេ​ក៏​អាច​ស្វែងយល់​ដឹង​ពី​ប្រភព រូបរាង​ដំបូង​របស់​ផែនដី​យើង ដែរ។ ដោយ​សិក្សា​ទៅលើ​កម្រិតរញ្ជួយ​របស់​ភពអង្គារ អ្នកវិទ្យាសាស្រ្ត​សង្ឃឹម​បំបែក​អាថ៌កំបាំង នៃ​ការបង្កើតភព ក្នុង​ប្រព័ន្ធព្រះអាទិត្យ ហើយ​និង​អាច​ឲ្យ​គេដឹងថា ហេតុអ្វី​បាន​ជាផែនដី​អាច​កកើត​មាន​ជីវិត រស់នៅ​បាន ក្នុង​ពេល ភពអង្គារ​ក្លាយជា​វាលរហោឋាន​ដ៏ត្រជាក់ ចំណែក ភពសុក្រ​វិញ គឺ​ក្តៅដុត​ឆេះ តែ​ក្នុង​មួយ​វិនាទីតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ