អានតួអត្ថបទ
អវកាស

ភពព្រះអង្គារ៖ យាន​Schiaparelli ​ទៅដល់​ចុះចត តែ​បាត់​ដំណឹង​ឈឹង

យាន​ Schiaparelli ​ដែល​ជា​បេសកកម្ម​រួម​រវាង​អ្នក​វិទ្យាសាស្ត្រ​អឺរ៉ុប​និង​រុស្ស៊ី ​   បាន​ទៅ​ចុះ​ចត​ ស្រង់​យក​​ទិន្ន័យ​នៅ​លើ​ភព​ព្រះអង្គារ​កាល​ពី​ថ្ងៃពុធ​ ទី​១៩​តុលា ​បន្ទាប់​ពីបាន​ហោះកាត់​លំហរ​អាកាស​ អស់​រយៈ​ពេល​៧ខែ។ ក៏​ប៉ុន្តែ​ក្នុង​ពេល​នេះ​ អ្នក​វិទ្យាសាស្ត្រ​កំពុង​មាន​ការ​ព្រួយបារម្ភ​ ដោយសារ​យាន​នេះ ​បាន​បាត់​ដំណឹង​ឈឹង​សូន្យ​ មិន​អាច​ទាក់ទង​បាន​ ពេល​ដែល​បាន​ទៅដល់​ភព​ព្រះអង្គារ។ ​គេ​កំពុង​តែ​តាម​ដាន​ស្វែង​យល់​ពី​មូលហេតុ​ ដែល​អាច​បណ្តាល​មក​ពី​ការ​ចុះចត​ដោយ​បរាជ័យ។

រូបភាព​សាំងតែស បង្ហាញ​ពី​យាន​Schiaparelli ផ្តាច់ខ្លួន​ចេញ​ពី​យានអវកាស​ TGO​ដើម្បី​ចុះចត​លើពី​ភព​ព្រះ​អង្ការ
រូបភាព​សាំងតែស បង្ហាញ​ពី​យាន​Schiaparelli ផ្តាច់ខ្លួន​ចេញ​ពី​យានអវកាស​ TGO​ដើម្បី​ចុះចត​លើពី​ភព​ព្រះ​អង្ការ ©AFP
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារ​ស្រាវជ្រាវ​អវកាស​អឺរ៉ុប ​និង​រុស្ស៊ី​បាន​សហការ​គ្នា ​បាញ់​បង្ហោះ​យាន​អវកាស​TGO ​ដែល​បាន​ផ្ទុក​ក្បាល​យាន​ស្រង់​ទិន្ន័យ​ឈ្មោះ​ Schiaparelli​ ទៅ​ភព​ព្រះ​អង្គារ​ ដើម្បី​សាកល្បង​ពី​របៀបចុះ​ចត​លើ​ភព​ព្រះអង្គារ​ ប្រកប​ដោយ​សុវត្ថិភាព ។ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​អស់​រយៈពេល​៧ខែ ​យាន​Schiaparelli​ បាន​ផ្តាច់​ខ្លួន​ចេញ​ពី​យាន​អវកាស​TGO ​ដើម្បី​បន្ទាប​ខ្លួន​ចូល​ទៅ​ក្នុង​បរិយាកាស​របស់​ភព​ព្រះអង្គារ​ ក្នុង​ល្បឿន​២១០០០​គីឡូម៉ែត្រ ​ក្នុង​មួយ​ម៉ោង។ ក្រោយមក​ទៀត ​រយៈពេល​៣ថ្ងៃ ​យាន​Schiaparelli ​បាន​ចូល​ខ្លួន​សំដៅ​ចុះចត​នៅ​លើ​ភព​ព្រះអង្គារ ​ដោយ​មាន​ជំនួយ​ពី​ឧបករណ៍​ចំហាយ​ទឹក​ពិសេស ​ជួយ​កាត់​បន្ថយ​ល្បឿន​បន្តិច​ម្តងៗ​ មុននឹង​បាន​ចុះចត​នៅ​ថ្ងៃ​ពុធ​ ទី​១៩​ តុលា ​ម៉ោង​៤ ​និង​៤៨នាទី​រសៀល ​ម៉ោង​នៅ​ប្រទេស​បារាំង។

 
ថ្លែង​ប្រាប់​អ្នក​កាសែត​ពី​មជ្ឈមណ្ឌល​ប្រតិបត្តិការ​អវកាស​អឺរ៉ុប​នៅ​ទីក្រុង​ Darmstadt​ ប្រទេស​អាល្លឺម៉ង់​ លោក​Andrea Accomozo ​នាយក​បេសកកម្ម​​អន្តរ​ភព​នៃ​ទី​ភ្នាក់​ងារ​​អវកាស​អឺរ៉ុប បាន​​បញ្ជាក់​ថា ​អ្វីៗ​បាន​ដំណើរការ​ទៅ​យ៉ាង​ស្រួល​រហូត​ដល់​នាទី​ចុងក្រោយ ​ដែល​យាន​ Schiaparelli ​នេះ​បាន​បាញ់​បញ្ចេញ​ឆ័ត្រយោង​ដោយ​ខ្លួនឯង​ រហ័ស​ពេក ​ លឿន​ជាង​អ្វី​ដែល​បាន​គ្រោង​ទុក។ ពេល​នេះ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​កំពុង​តែ​តាម​ដាន​យ៉ាង​ជាប់​ជានិច្ច​ ដើម្បី​ឲ្យ​ប្រាកដ​ថា ​យាន​នេះ​នៅ​តែ​ដំណើរការ​ ​ រឺមួយ​ក៏​ការ​ចុះចត​បាន​ជួប​បរាជ័យ​ទាំងស្រុង។ យ៉ាង​ណា​ក៏ដោយ​ ក្នុង​កំឡុងពេល​បន្ទាប​ខ្លួន​ យាន​នេះ​ មាន​ដំណើរ​ការ​ធម្មតា​ទេ ​ដោយ​បាន​បញ្ជូន​រលក​សញ្ញា ​ចាប់​បាន​ដោយ ​Radiotelescope ​របស់​ឥណ្ឌា។ អ្នក​វិទ្យាសាស្ត្រ ​នៅ​មិន​ទាន់​អស់​សង្ឃឹម​ទាំង​ស្រុង​ទេ។

គួរ​រំលឹក​ថា ​ការ​បាញ់​បញ្ជូន​យាន​ Schiaparelli ​ទៅ​ភព​ព្រះអង្គារ​នេះ​ គឺ​ជា​ការ​សាកល្បង​លើក​ទី​ពីរ​ហើយ ​ សម្រាប់​ទី​ភ្នាក់ងារ​អវកាស​អឺរ៉ុប​ ដើម្បី​ស្វែងយល់​ពី​របៀប​ចុះ​ចត។ លើក​ទីមួយ​បាន​ជួប​បរាជ័យ​ម្តង​ទៅហើយ ​កាល​ពី​១៣​ឆ្នាំមុន ​ ដោយ​យាន​ឈ្មោះ ​Beagel2 ​បច្ចេកវិទ្យា​របស់​អង់គ្លេស ​បាន​ចុះចត​លើ​ភព​ព្រះ​អង្គារ​ តែ​បាត់​ដំណឹង​សូន្យ។ បេសកកម្ម​ថ្មី​​នេះ ​គឺ​ជា​ការ​សាកល្បង​ម្តងទៀត ​មុន​នឹង​សម្រេច​បញ្ជូន​យាន​រ៉ូបូ​ស្រង់​ទិន្ន័យ​មែនទែន​ នៅ​ឆ្នាំ​២០២០។ រហូត​មក​ដល់​ពេល​នេះ​ មាន​តែ​ក្រុម​អ្នក​ស្រាវជ្រាវ​អវកាស​អាមេរិក​មួយ​គត់ ​ដែល​បាន​បញ្ជូន​យាន​រ៉ូបូ ​ទៅ​ចុះ​ចត​ស្រង់​ទិន្ន័យ​លើ​ភព​ព្រះអង្គារ​ ប្រកប​ដោយ​ជោគជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ