អានតួអត្ថបទ
អឺរ៉ុប-រូម៉ានី

ប្រទេស​រូម៉ានី​ធ្វើ​ប្រធាន​ផ្លាស់វេន​​ក្រុមប្រឹក្សាអឺរ៉ុប​នៅ​ក្នុង​បរិបទ​ជម្លោះ​រវាង​គ្នា

ចាប់​ពី​ថ្ងៃទី១ មករា ប្រទេស​រូម៉ានី​ឡើង​អង្គុយ​កៅអី​ប្រធាន​ផ្លាស់វេនក្រុមប្រឹក្សា​អឺរ៉ុប​រយៈពេល ៦ខែ។ វត្តមាន​រូម៉ានី​ជា​ប្រធាន​ផ្លាស់វេន​អឺរ៉ុប​ពេល​នេះ​បាន​កើត​មាន​ឡើង​នៅ​បរិបទ​តានតឹង​ខ្លាំង​រវាង​រដ្ឋាភិបាល​ទីក្រុង​ប៊ុយការ៉េស និង​រដ្ឋអំណាច​អឺរ៉ុប​ក្នុង​ទីក្រុង​ព្រុចសែល។ អ្វី​ដែល​សហភាព​អឺរ៉ុប​បន្ត​មិន​សប្បាយចិត្ត​ចំពោះ​រូម៉ានី គឺ​ការ​ដែល​សមាជិក​អឺរ៉ុប​មួយ​នេះ​បាន​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ សហភាព​អឺរ៉ុប​ក៏​កំពុង​បារម្ភ​ខ្លាំង​ពី​ការ​ប្រេះឆា​ផ្ទៃក្នុង​នៅ​ក្នុង​អំណាច​នីតិប្រតិបត្តិ​រូម៉ានីដែរ។

លោកស្រី Viorica Dancila នាយករដ្ឋមន្រ្តី​ប្រទេស​រូម៉ានី
លោកស្រី Viorica Dancila នាយករដ្ឋមន្រ្តី​ប្រទេស​រូម៉ានី Inquam Photos/Octav Ganea via REUTERS
ផ្សាយពាណិជ្ជកម្ម

សង្រ្គាម​ប៉ាកកា​ដែល​កំពុង​អូសបន្លាយ​រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​រូម៉ានី​ពេល​នេះ​នាំ​ឲ្យ​គេ​នឹក​ឃើញ​ដល់​ការ​ប្រទាញប្រទង់​ដូច​គ្នា​រវាង​ប្រទេស​ប៉ូឡូញ សហភាព​អឺរ៉ុប និង​រវាង​ប្រទេស​ហុងគ្រី សហភាព​អឺរ៉ុប។ នៅ​ក្នុង​ខែ​វិច្ឆិកា​​ឆ្នាំ ២០១៨ សភា​អឺរ៉ុប​បាន​អនុម័ត​សេចក្តីសម្រេច​មួយ​ដោយ​ទាមទារ​រដ្ឋាភិបាល​នៃ​ប្រទេស​រូម៉ានី​កុំ​ឲ្យ​ជាន់​ឈ្លី​នីតិរដ្ឋ​តាម​រយៈ​កំណែទម្រង់​លើ​ប្រព័ន្ធ​តុលាការ​របស់​ខ្លួន។ កំណែទម្រង់​ដែល​សហភាព​អឺរ៉ុប​យល់​ថា ជា​ការ​គំរាមកំហែង​លើ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ និង​លើ​ឯករាជ្យភាព​របស់​ក្រុម​ចៅក្រម។

ទោះ​ជា​យ៉ាង​នេះ​ក្តី របប​ក្រុង​ប៊ុយការ៉េស​ហាក់​មិន​បាន​យក​ត្រចៀក​ស្តាប់ និង​ថែម​ទាំង​ត្រៀម​រៀបចំ​ច្បាប់​លើកលែង​ទោស​មួយ​ឲ្យ​បាន​ឆាប់​ដើម្បី​ជួយ​ស្រង់​ថ្នាក់ដឹកនាំ​នយោបាយ​ដែល​កំពុង​ស្ថិត​ក្នុង​ផ្ទាំងស៊ីប​តុលាការ ពិសេស​មនុស្ស​ខ្លាំង​នៅ​រូម៉ានី​លោក Liviu Dragnea ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សង្គម​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​សភា។ តែ​ជាមួយ​នឹង​ការ​កាត់ទោស​ច្រើន​ដង​នៅ​ក្នុង​សំណុំរឿង​ផ្សេងៗ​គ្នា លោក Liviu ដែល​ធ្លាប់​កាន់​តំណែង​រដ្ឋមន្រ្តី​ច្រើន​ដង​មិន​អាច​ទទួល​តំណែង​នាយករដ្ឋមន្រ្តី​បាន​ឡើយ។

ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ គណបក្ស​របស់​លោក Liviu ដែល​កំពុង​កាន់​អំណាច​នៅ​រូម៉ានី​ក៏​មិន​ញញើត​នឹង​ចេញ​មុខ​ប្រឆាំង​សហភាព​អឺរ៉ុប​ដោយ​ចាត់​ទុក​អឺរ៉ុប​ជា​សហគមន៍​វិសមធម៌​ដែល​បាន​បដិសេធ​លើ​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​រូម៉ានី។ ក្រៅ​ពី​បារម្ភ​លើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ សហភាព​អឺរ៉ុប​ក៏​កំពុង​កង្វល់​លើ​ភាព​បែកបាក់​ផ្ទៃក្នុង​នៅ​ក្នុង​អំណាច​នីតិប្រតិបត្តិ​រូម៉ានី​ដែរ។ ប្រធាន​ក្រុម​កណ្តាលស្តាំនិយម​ដែល​មាន​សម្លេង​ភាគតិច​ក្នុង​សភា​បាន​ប៉ះសំដី​ខ្លាំងៗ​ច្រើន​ដង​ទល់​នឹង​ក្រុម​តំណាង​សម្លេងភាគច្រើន។

បើ​តាម​មើល​ទៅ​ក្នុង​ពេល​ដែល​ប្រទេស​រូម៉ានី​ធ្វើ​ជា​ប្រធាន​ផ្លាស់វេន​ក្រុមប្រឹក្សា​អឺរ៉ុប នីតិវិធី​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ប៉ូឡូញ និង​ហុងគ្រី​ក្នុង​បទ​បំពាន​លើ​ឯករាជ្យភាព​តុលាការ​ប្រហែល​ជា​មិន​ត្រូវ​ដាក់​បញ្ចូល​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​អឺរ៉ុប​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ