អានតួអត្ថបទ

អង្គការសហប្រជាជាតិ​អនុម័ត​ច្បាប់​ប្រឆាំងនឹង​ហិរញ្ញវត្ថុ​ភេរវនិយម

ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​ បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​ នៅ​ថ្ងៃ​ព្រហស្បតិ៍ សេចក្តី​សម្រេចចិត្ត​​ពង្រឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ហិរញ្ញវត្ថុ​ភេរវនិយម។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​អង្គការ​សហប្រជាជាតិ មាន​ច្បាប់​​ឧទ្ទិស​​​ផ្តាច់​មុខលើ​ប្រធានបទ​ប្រយុទ្ធ​ប្រឆាំងនឹង​ហិរញ្ញវត្ថុ​ភេរវនិយម​យ៉ាង​ដូច្នេះ។​ ម្ចាស់ដើម​នៃ​​​សំណើ​គម្រោង​សេចក្តី​សម្រេចចិត្ត នេះ​គឺ​​បារាំង។

រដ្ឋមន្ត្រីការបរទេស​បារាំង ពេល​បង្ហាញ​គម្រោង​សេចក្តី​សម្រេចចិត្តប្រយុទ្ធប្រឆាំងនឹង​ហិរញ្ញវត្ថុ​ភេរវនិយម​
រដ្ឋមន្ត្រីការបរទេស​បារាំង ពេល​បង្ហាញ​គម្រោង​សេចក្តី​សម្រេចចិត្តប្រយុទ្ធប្រឆាំងនឹង​ហិរញ្ញវត្ថុ​ភេរវនិយម​ © Reuters
ផ្សាយពាណិជ្ជកម្ម

ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ហិរញ្ញវត្ថុ​ភេរវនិយម​ ធ្លាប់​ត្រូវ​បានអង្គការ​សហប្រជាជាតិ​ ​លើក​ឡើង​និងសម្រេច​ជា​ច្រើនដង​​មក​ហើយ តែ​ក្នុង​ទម្រង់​រប៉ាត់រប៉ាយ​ លាយ​លំ​ជាមួយ​​​​សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ផ្សេងៗ។

ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​អនុម័ត​សេចក្តី​សម្រេចចិត្ត​មួយ​ដែល​ផ្គុំ​គ្រប់​​វិធានការ​​​​ជា​អត្ថបទ​ច្បាប់​រួម​​តែ​មួយផង និងមាន​លក្ខណៈ​ជា​ការ​​ពង្រឹង​ឱ្យ​កាន់​តែ​ខ្លាំង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំង​នឹង​ហិរញ្ញវត្ថុ​ភេរវនិយមទៀត។

​​សេចក្តី​សម្រេច​ចិត្ត​នេះ​ ​​ត្រូវចាត់​​បញ្ចូល​ទៅ​​ក្នុង​ជំពូក​៧​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ ពោល​គឺ​​ជា​ច្បាប់ដែលត្រូវ​តែ​គោរព​តាម។ ​រដ្ឋ​ជា​សមាជិក​ត្រូវ​មាន​កាតព្វកិច្ចភ្ជាប់​ជា​​ច្បាប់​និង​វិធាន​ជាតិ​ សម្រាប់​ដាក់​ទោស​ព្រហ្មទណ្ឌ​ និង​ទណ្ឌកម្ម​ដ៏​សក្តិសម​លើ​បុគ្គលណា​ដែលមាន​ចេតនា​ ឬ​បាន​ប្រើ​ហិរញ្ញវត្ថុ​ ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្នុង​បំណង​​ភេរវកម្ម។

អត្ថបទ​ច្បាប់​ក៏​បាន​ស្នើ​ឱ្យ​រដ្ឋ​ជា​សមាជិក​ទាំង​អស់​កំណត់​​រក​​វិស័យ​សេដ្ឋកិច្ចណា​ ដែល​ទន់​ជ្រាយ​ងាយ​រក​គ្រោះ​បំរើ​ប្រយោជន៍​ហិរញ្ញវត្ថុ​ភេរវនិយម​ និង​បង្កើត​ស្ថាប័ន​ ឬ​ក្រុមការងារ​ចារកិច្ចពិសេស​សម្រាប់​ចាប់​ចរន្ត​ហិរញ្ញវត្ថុបំរើ​ឱ្យ​ចលនា​ឬ​អង្គការ​ភេរវនិយម​។

តាមរ​យៈ​ច្បាប់​ទើប​អនុម័ត​នេះ រដ្ឋ​នីមួយៗ​អាច​​ថែម​ទាំង​បញ្ចេញ​សកម្មភាព​ប្រឆាំង​ការ​ផ្ទេរប្រាក់​បែប​អនាមិក និង​អភិវឌ្ឍ​មធ្យោបាយ​ត្រួត​ពិនិត្យ​លើ​រាល់​គ្រប់​ការ​បង់​ប្រាក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត ការ​ចាយលុយ​សុទ្ធ​ និង​ការ​ចាយ​វាយ​រូបិយបណ្ណ​អេឡិចត្រូនិក​ ដែល​ជា​រូបិយបណ្ណ​ប្រភេទ​ថ្មី មាន​ជា​អាទិ៍​Bitcoin ជា​ដើម​។ល។

ការ​ពង្រឹង​ច្បាប់​ប្រឆាំង​នឹង​ហិរញ្ញវត្ថុ​ភេរវនិយម ​ក៏​មាន​គិត​គូរ​ដល់​​ផលប៉ះពាល់​លើ​​សកម្មភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាលដែរ។ ដើម្បី​ផ្តល់​ការ​ធានា​ដល់​ក្រុម​អង្គការ​មនុស្សធម៌ សេចក្តីសម្រេច​ចិត្ត​​អង្គការ​សហប្រជាជាតិ ក៏​បានគូស​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ រាល់​គ្រប់​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ហិរញ្ញវត្ថុ​ភេរវនិយម ត្រូវ​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​គោរព​ច្បាប់​មនុស្សធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ