ក្រុមហ៊ុនApple ប្តឹងគណៈកម្មការអឺរ៉ុប ដែលទាមទារឲ្យក្រុមហ៊ុនបង់ពន្ធ ១៣ពាន់លានអឺរ៉ូ
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំង Apple បានចេញមុខប្តឹង គណៈកម្មការអឺរ៉ុប ដែលបានទាមទារឲ្យក្រុមហ៊ុនផលិតទូរស័ព្ទ Iphone បង់ប្រាក់ពន្ធ ១៣ពាន់លានអឺរ៉ូ ទៅឲ្យប្រទេសអៀរឡង់។ នៅ ថ្ងៃអង្គារម្សិលមិញ នៅតុលាការសហភាពអឺរ៉ុប ក្នុងប្រទេសលុចសំបួរ ជាទីដែលមានបើកសវនការ តទល់រវាងភាគីជម្លោះទាំងពីរ ក្រុមហ៊ុនApple បានដំឡើងសំឡេងរិះគន់ខ្លាំងៗ ការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប ដែលមេធាវី របស់ក្រុមហ៊ុន វាយតម្លៃថា ធ្វើឡើងដោយជំនះនឹងការពិត ហើយនិងរំលោភច្បាប់ពន្ធអន្តរជាតិ។
ចុះផ្សាយនៅថ្ងៃ៖
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំងGoogle Apple Facebook កំពុងប្រឈមនឹងការប្តឹងផ្តល់ពីបទលួចគេច មិនបង់ពន្ធ នៅទឹកដីអឺរ៉ុប។ ប៉ុន្តែ ខុសពីក្រុមហ៊ុនGoogle ដែលបានសុខចិត្ត ចរចា និងបង់ប្រាក់ពិន័យ រួមទាំងបង់ពន្ធ សរុប ជិត ១ពាន់លានដុល្លារ ជូនរដ្ឋបារាំង ក្រុមហ៊ុនផលិតទូរស័ព្ទIphone ឯណោះវិញ មិនព្រមចុះចាញ់ ធ្វើតាមការទាមទាររបស់ភាគីអឺរ៉ុបនោះទេ។
នៅថ្ងៃ អង្គារម្សិលមិញ តុលាការរបស់សហភាពអឺរ៉ុប នៅប្រទេសលុចសំបួ បានបើកសវនការលើកទី១ ដែលមានក្រុមហ៊ុនApple ជាម្ចាស់ដើមបណ្តឹង ប្តឹងគណៈកម្មការអឺរ៉ុបខាងផ្នែកប្រកួតប្រជែង ដែលកាលពី៣ឆ្នាំ មុន បានសម្រេចចិត្ត ទាមទារឲ្យ ក្រុមហ៊ុនផលិតទូរស័ព្ទ Iphone បង់ពន្ធ ១៣ពាន់លានអឺរ៉ូទៅឲ្យប្រទេសអៀរឡង់។
នៅក្នុងសំបុត្រចំហរឆ្លើយតបទៅគណៈកម្មការអឺរ៉ុប ប្រធានាក្រុមហ៊ុនApple លោក Thomas Cook បាននិយាយថា គណៈកម្មការអឺរ៉ុបបានព្យាយាម មិនទទួលស្គាល់ ច្បាប់ពន្ធរបស់ប្រទេសអៀរឡង់ និងថា ដោយធ្វើដូច្នេះ គណៈកម្មការអឺរ៉ុបកំពុងរំលោភច្បាប់ពន្ធអន្តរជាតិ។ នៅក្នុងសវនការ នៅថ្ងៃអង្គារ មេធាវីតំណាងក្រុមហ៊ុនApple បានទាមទារឲ្យគណៈកម្មការលុបចោលការសម្រេចចិត្តរបស់ខ្លួនវិញ។
នៅក្រោយ ស៊ើបអង្កេត អស់២ឆ្នាំ គណៈកម្មការអឺរ៉ុបទទួលបន្ទុកខាងការប្រកួតប្រជែង កាលពីឆ្នាំ ២០១៦ បានសន្និដ្ឋានថា ក្រុមហ៊ុនApple បានប្រមូលផ្តុំ ប្រាក់ចំណូលដែលក្រុមហ៊ុនរកបានពីការលក់ នៅអឺរ៉ុប អាហ្វ្រិក និងឥណ្ឌា យកទៅដាក់នៅប្រទេសអៀរឡង់។ នៅអៀរឡង់ ដែលជាឋានសួគ៌គេចពន្ធ ក្រុមហ៊ុនApple បានគេចមិនបង់ពន្ធ ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១៤ ដែលគិតជាទឹកប្រាក់មានតម្លៃ ១៣ពាន់លានអឺរ៉ូ។ តាមគណៈកម្មការអឺរ៉ុប ក្រុមហ៊ុនApple អាចលួចបន្លំមិនបង់ នៅអៀរឡង់ បាន ដោយសារមានការជួយជ្រោមជ្រែងដោយខុសច្បាប់ ពីរដ្ឋអៀរឡង់។
នៅសវនការ កាលពីថ្ងៃអង្គារ អៀរឡង់ ជាទីដែលក្រុមហ៊ុនរបស់លោកSteve Jobs បានបង្កើតការងារចំនួន៦ពាន់ បានចេញមុខ ក្នុងនាមជាដើមបណ្តឹង ដូច ក្រុមហ៊ុន Apple ដើម្បី ប្រឆាំងនឹងការចោទប្រកាន់របស់គណៈកម្មការអឺរ៉ុប ដែលបានចាត់ទុកអៀរឡង់ជាឋានសួគ៌គេចពន្ធ។ សម្រាប់មេធាវីរបស់រដ្ឋាភិបាលអៀរឡង់ គណៈកម្មការអឺរ៉ុបបានយល់ច្រលំយ៉ាងធ្ងន់ធ្ងរ ព្រមទាំងមិនទទួលស្គាល់ច្បាប់ពន្ធរបស់អៀរឡង់។
សវនការលើសំណុំរឿង ប្តឹងផ្តល់របស់ក្រុមហ៊ុនApple មានលក្ខណៈស្មុគស្មាញ សម្រាប់ចៅក្រមដែលត្រូវការពេលវេលារាប់ខែ មុននឹងចេញសេចក្តីសម្រេចណាមួយ នៅឆ្នាំ ២០២០។ ប៉ុន្តែ នៅក្នុងពេលរង់ចាំការសម្រេចចុងក្រោយរបស់តុលាការកំពូល នៅឆ្នាំ ២០២១ ក្រុមហ៊ុនApple បានអះអាងថា ក្រុមហ៊ុនបានរក្សា មូលនិធិប្រមាណ ១៤,៣ពាន់លានអឺរ៉ូ ដើម្បីទុកបង់សង ទៅតាមការទាមទាររបស់គណៈកម្មការអឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ