សហភាពអឺរ៉ុបរៀបផែនការតបនឹងទណ្ឌកម្មអាមេរិក តែសង្ឃឹមរកឃើញកិច្ចព្រមព្រៀងរវាងគ្នា
ភាពតានតឹងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក ស្រាប់តែធ្លាក់តានតឹង ខ្លាំងមួយរំពេចនៅថ្ងៃនេះ។ សហភាពអឺរ៉ុបបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ រៀបចំទណ្ឌកម្មតបនឹងសហរដ្ឋអាមេរិក ដែលបានប្រកាសដំឡើងពន្ធគយបន្ថែមលើផលិតផលអឺរ៉ុបចាប់ពីថ្ងៃទី ១៨តុលាទៅ។ ប៉ុន្តែទន្ទឹមពេលជាមួយគ្នានេះ សហភាពអឺរ៉ុបក៏ព្រមបើកទ្វារចរចា ដើម្បីបញ្ចៀសសង្គ្រាមពាណិជ្ជកម្មដែលនាំឱ្យខូចប្រយោជន៍ទាំងសងខាង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១០
គ្រាន់តែអង្គការពាណិជ្ជកម្មពិភពលោកកាត់ក្តី ចំណាស់១៥ឆ្នាំ ឱ្យក្រុមហ៊ុនយន្តហោះអាមេរិកប៊ូអ៊ីង ឈ្នះក្រុមហ៊ុនអ៊ែរប៊ូលអឺរ៉ុបភ្លាម អាមេរិកបានងាកមកប្រកាសដាក់ទណ្ឌកម្មអឺរ៉ុប ដោយដំឡើងថ្លៃពន្ធគយ ក្នុងតម្លៃ៧៥០០លានដុល្លារ។ យន្តហោះស៊ីវិលរបស់អឺរ៉ុប នឹងអាចនាំចេញទៅសហរដ្ឋអាមេរិក ដោយមានការដំឡើងថ្លៃពន្ធ១០% ចំណែកផលិតផលឧបភោគបរិភោគ ដូចជា ស្រា ហ្វូម៉ា ផ្លែឈើ(អូលីវ) គ្រឿងសមុទ្ទ គ្រឿងជាង នឹងត្រូវដំឡើងពន្ធនាំចូលដល់ទៅ ២៥%។ ជាទណ្ឌកម្មដែលដាក់សំដៅលើផលិតផលរបស់ បារាំង អាល្លឺម៉ង់ អេស្ប៉ាញ និងអង់គ្លេស ដែលជាសម្ព័ន្ធប្រទេសដៃគូនៃក្រុមហ៊ុនផលិតយន្តហោះអ៊ែរប៊ូស។
ដោយគ្មានបង្អង់ សហភាពអឺរ៉ុប បានបញ្ចេញប្រតិកម្មតបវិញភ្លាម ក្នុងនាមរដ្ឋជាសមាជិកទាំង២៨ ប្រកាសរៀបចំផែនការតបតវិញ ដោយអះអាងថា “បើអាមេរិកដាក់ទណ្ឌកម្មលើអឺរ៉ុប សហភាពអឺរ៉ុបមានតែដាក់ទណ្ឌកម្មអាមេរិកវិញ”។ អ្នកនាំពាក្យសហភាពអឺរ៉ុបបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះសេចក្តីសម្រេច របស់អាមេរិកដំឡើងពន្ធគយលើផលិតផលអឺរ៉ុប ដែលនឹងបង្កផលវិបាកប៉ះពាល់យ៉ាងខ្លាំង និងមុនគេ លើពលរដ្ឋអ្នកទិញ និងក្រុមហ៊ុនអាមេរិកខ្លួនឯង។ បារាំងដែលជាប្រទេសរងគ្រោះខ្លាំងគេបំផុត ពីចំណាត់ការរបស់លោក ត្រាំ ក៏ប្រកាសរៀបគម្រោងប្រឆាំងតបអាមេរិក ដោយឆ្លងកាត់និងពិគ្រោះយោបល់ជាមួយអឺរ៉ុបទៀត។
ប៉ុន្តែខុសពីជាមួយចិន អាមេរិកនៅតែរក្សាទំនាក់ទំនងជាមួយអឺរ៉ុប។ អាមេរិកសង្ឃឹមថានឹងអាចផ្តើមការចរចាពាណិជ្ជកម្មជាមួយអឺរ៉ុប។ ចំណែកសហភាពអឺរ៉ុបក៏បើកទ្វារចំហ ទទួលសំណើចរចារបស់អាមេរិក ដោយសង្ឃឹមថាដោះស្រាយវិវាទនេះ មិនឱ្យធ្លាក់ក្នុងសង្គ្រាមពាណិជ្ជកម្មបាន។
នេះមិនមែនជាទណ្ឌកម្មដំឡើងពន្ធគយអាមេរិកដំបូងមកលើអឺរ៉ុបទេ។ ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម កាលពីខែមិថុនាអាមេរិកបានដំឡើងពន្ធលើដែកថែបនិងអាលុយមីញ៉ូមអឺរ៉ុប។ ក្រោយពីស្ងប់ស្ងាត់បានបន្តិច ភាពតានតឹងពាណិជ្ជកម្មអាចហក់ឡើងវិញ។ លោក ដូណាល់ ត្រាំ អាចនឹងសម្រេចចិត្តពីពេលនេះដល់ថ្ងៃទី ១៣វិច្ឆិកា ដំឡើងពន្ធលើការនាំចូលរថយន្តអឺរ៉ុបទៅអាមេរិក ដែលអាល្លឺម៉ង់ព្រួយបារម្ភជាពិសេសជាងគេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ