ការវាយប្រហារនៅទីស្នាក់ការប៉ូលិសក្រុងប៉ារីស រំលេចឱ្យឃើញពីចន្លោះប្រហោងនៃចារកិច្ចបារាំង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៣
ការវាយប្រហារដោយកាំបិតនៅក្នុងទីស្នាក់ការប៉ូលិសក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ ទី ៣ តុលា ស្លាប់អ្នករដ្ឋការប៉ូលិសអស់បួននាក់ ត្រូវបានអាជ្ញាធរប្រកាសបើកស៊ើបអង្កេតជាបទភេរវកម្ម។ សេចក្តីសម្រេចបែបនេះ ធ្វើឡើងក្រោយពីមានតម្រ៉ុយជាច្រើន ដែលបង្ហាញពីនិន្នាការអ៊ីស្លាមជ្រុលនិយមរបស់ជនដៃដល់។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបារាំង ដែលកំពុងរងការរិះគន់ខ្លាំងរឿងបរាជ័យក្នុងការទប់ស្កាត់ការវាយប្រហារភេរវកម្មនេះ បានប្រកាសនៅថ្ងៃចន្ទនេះ ចង់ដាក់ឱ្យមានប្រព័ន្ធផ្តល់សញ្ញាជាស្វ័យប្រវត្តិអំពីនិន្នាការអ៊ីស្លាមជ្រុលនិយម ក្នុងជួយមន្ត្រីរដ្ឋការ។
នៅទីបំផុត នៅថ្ងៃសៅរ៍ទី ៥តុលា២០១៩ រដ្ឋអាជ្ញារបារាំងបានសម្រេចបើកអង្កេត ការវាយប្រហារដោយកាំបិតនៅទីស្នាក់ការប៉ូលិសក្រុងប៉ារីស ជាបទភេរវកម្ម ព្រោះមានសញ្ញាដែលបញ្ជាក់ថា ជនដៃដល់ Michaël Harpon អាយុ៤៥ឆ្នាំ បានផ្តាច់ខ្លួនទៅធ្វើជាជនជ្រុលនិយមអ៊ីស្លាម ហើយគឺក្នុងនាមសាសនាដែលជំរុញឱ្យជននេះធ្វើឃាតមនុស្សកាលពីថ្ងៃព្រហស្បតិ៍។ រដ្ឋអាជ្ញាផ្នែកប្រឆាំងនឹងភេរវកម្មដដែលបានលើកឡើងអំពីការប្តូរផ្លាស់ទម្លាប់របស់ជនដៃដល់ បែរជាលែងមានទំនាក់ទំនងជាស្ត្រីជាអ្នករួមការងារ- រីករាយអបអរនៅពេលមានភេរវកម្មប្រឆាំងនឹងទស្សនាវដ្តី Charlie Hebdo កាលពីឆ្នាំ ២០១៥- បោះបង់ទម្លាប់ស្លៀកពាក់បែបអឺរ៉ុប បែបសម័យ ដោយងាកទៅស្លៀកបូរាណពេលទៅវិហារ ...
ខ្មាន់កាំបិត ជាជនជ្រុលនិយម និងមានវិបត្តិផ្លូវចិត្ត
តាមការពិត បើតាមប្រភពស្និទ្ធនឹងការអង្កេត សញ្ញានៃការផ្តាច់ខ្លួន មានលេចចេញតាំងពីឆ្នាំ ២០១៥មក។ សាក្សីនៅក្នុងកន្លែងធ្វើការជាមួយគ្នា បានបញ្ជាក់ថា ជនដៃដល់នេះ បានផ្តាច់ខ្លួនទៅធ្វើជាអ្នកកាន់សាសនាអ៊ីស្លាមជ្រុលនិយម តាំងពីយូរឆ្នាំមកហើយ តែសញ្ញាជ្រុលនិយមទើបត្រូវបានស្តែងឡើងខ្លាំងនារយៈពេលបួនឆ្នាំចុងក្រោយនេះ។ ក្នុងពេលដែលគ្រប់គ្នាថ្កោលទោសទង្វើភេរវកម្ម ខ្មាន់កាំបិត Harponវិញ បានសម្តែងអំណរនិងគាំទ្រទង្វើភេរវកម្មកាលពីឆ្នាំ២០១៥យ៉ាងចំហ។ សូត្រធម៌ កាន់តែញឹកញយឡើងៗក្នុងមួយថ្ងៃៗ ឥរិយាបថចំពោះស្ត្រីក៏ប្រែប្រួល។
អ្នករួមការងារ បានបង្ហាញក្តី ព្រួយបារម្ភ និងបានលើនិយាយអំពីបញ្ហាផ្តាច់ខ្លួនជ្រុលនិយមរបស់ជននេះ ព្រោះក្រៅអំពីឥរិយាបថបែបសាសនា ខ្មាន់កាំបិតនេះជាមនុសមិនសូវនឹងន ឆាប់មានអារម្មណ៍ថាអន់ជាងអ្នកដទៃ ព្រោះខ្លួនមានភាពពិការជាប់នឹងខ្លួន (ធ្ងន់ត្រចៀក)។
ចុះហេតុយ៉ាងដូចម្តេច បានជាបុគ្គលិក ធ្វើការក្នុងការិយាល័យស៊ើបការណ៍ដ៏សំខាន់នៃសេវាព័ត៌មានវិទ្យារបស់ប៉ូលិសក្រុងប៉ារីស ផ្តាច់ខ្លួនធ្វើជាអ្នកជ្រុលនិយមហើយ មានវិបត្តិផ្លូវចិត្តទៀត តែបែរជាអាចបន្តការងារបានដោយគ្មានទទួលចំណាប់អារម្មណ៍អ្វីជាពិសេសពីសំណាក់ក្រុមអ្នកអង្កេតភេរវកម្មទៅកើត ?!
នេះហើយជាដើមហេតុ នាំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយកការិយាល័យប៉ូលិស រងការរិះគន់ខ្លាំង ចាស់ដៃ។ ព្រោះសូមកុំភ្លេចថា ក្រោយការកើតហេតុភ្លាម និងរហូតមកទល់ថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅតែអះអាងថា ជនដៃដល់គ្មានបញ្ហាអាកប្បកិរិយា ឬសញ្ញាជ្រុលនិយមអ្វីទេ។
តាមការពិត នៅក្នុងសំណុំឯកសាររដ្ឋបាល ជនដៃដល់ពិតជាគ្មានប្រវត្តិជាអ្នកផ្តាច់ខ្លួនជ្រុលនិយមសោះមែន។ ភាពជ្រុលនិយមរបស់ខ្មាន់កាំបិតនេះ ត្រូវបាន សម្គាល់ដោយមិត្តរួមការងារ ប៉ុន្តែពុំបានសរសេរជារបាយការណ៍ជាលាយលក្ខណ៍អក្សរផ្តល់សញ្ញាជាផ្លូវការទេ។ អ្នកទទួលខុសត្រូវ យល់ថាជាបញ្ហាផ្ទៃក្នុង ក្នុងក្រុម ត្រូវដោះស្រាយក្នុងក្រុមឯង ទើបមិនបញ្ជូនសំណុំរឿងទៅថ្នាក់លើ។ តើនរណាអាចនឹកស្មានដល់ថាការជ្រើសរើសប្រកាន់អ៊ីស្លាមជ្រុលនិយម គឺជាសញ្ញាអាសន្ន ត្រូវប្តឹងទៅថ្នាក់លើ ថាជនម្នាក់នោះនឹងក្លាយជាភេរវជន?!
ភាពមិនប្រក្រតីនៃប្រព័ន្ធត្រួតពិនិត្យរដ្ឋ
យ៉ាងណាក៏ដោយ ក៏ភេរវកម្មនៅទីស្នាក់ការប៉ូលិសក្រុងប៉ារីសកាលពីថ្ងៃព្រហស្បតិ៍ បានរំលេចឱ្យឃើញថា ការផ្តាច់ខ្លួនជាជនជ្រុលនិយមអ៊ីស្លាម បានជ្រៀតចូលដល់ក្នុងជួរសេវារដ្ឋការបារាំង និងដល់ក្នុងស្ថាប័នជាយុទ្ធសាស្ត្របំផុតទៀតផង។
ប៉ុន្តែថ្វីបើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានទទួលស្គាល់ថា ការវាយប្រហារនេះ បានទម្លាយឱ្យឃើញអំពីដំណើរការមិនប្រក្រតីក្នុងប្រព័ន្ធរដ្ឋមែន តែសំណុំរឿងនេះមិនមែនជារឿងអាស្រូវជាតិដូចដែលបក្សប្រឆាំងចោទឡើយ ! សម្រាប់លោករដ្ឋមន្ត្រី ចំណុចខ្សោយដំបូងនៃប្រព័ន្ធទប់ស្កាត់ភេរវកម្មបារាំង គឺ ដោយសារតែប្រទេសគ្មានប្រព័ន្ធផ្តល់សញ្ញា និងពិសេសគ្មានប្រព័ន្ធបញ្ជូនព័ត៌មានជាស្វ័យប្រវត្តិ ទាក់ទងនឹងសកម្មភាពផ្តាច់ខ្លួនទៅធ្វើជាជនជ្រុលនិយមអ៊ីស្លាម ទៅផ្នែកដេលមានសមត្ថកិច្ច។
ករណីផ្តាច់ខ្លួនរបស់ Michaël Harpon ជនដៃដល់ ដែលឈានដល់ការវាយប្រហារដោយកាំបិតសម្លាប់អ្នករួមការងារបួននាក់ និងរបួសម្នាក់ គឺបណ្តាលមកពីគ្មានការផ្តល់ព័ត៌មាន ផ្តល់សញ្ញា ឱ្យបានត្រឹមត្រូវ និងចំពេល ចំពោះថ្នាក់លើ។ ហេតុដូច្នេះហើយ បានជាលោករដ្ឋមន្ត្រីបានប្រកាសនៅពឹ្រកមិញ ចង់ដាក់ឱ្យដំណើរប្រព័ន្ធផ្តល់ដំណឹងជាស្វ័យប្រវត្តិ នៅពេលឃើញមានសញ្ញាផ្តាច់ខ្លួនរបស់បុគ្គលិកណាម្នាក់ នៅក្នុងស្ថាប័ន។ សម្រាប់លោក បើមានកំហុសត្រូវតែកែ បើមានកំហុសត្រូវតែទទួលទោស។ ក្រៅពីនោះ លោករដ្ឋមន្ត្រីចង់ឱ្យមានការកែប្រែទម្លាប់មួយចំនួនទៀត។ រដ្ឋាភិបាលបារាំងបានទទួលស្គាល់ថាប៉ូលិសមានចំណុចខ្សោយតែមិនបានបញ្ជាក់ថាជាអ្វីខ្លះទេ។
រដ្ឋាភិបាលបារាំងក៏បានប្រកាសបើកបេសកកម្មពីរ ដើម្បីត្រួតពិនិត្យបុគ្គលិកក្នុងរង្វង់ភ្នាក់ងារចារកិច្ច។ អាចចាត់ទុកថាទាល់តែគោបាត់ទើបធ្វើរបងក៏បាន ប៉ុន្តែយ៉ាងហោចណាស់ ក៏បេសកកម្មនេះនឹងអាចបំភ្លឺចម្ងល់ថាហេតុអ្វីបានជាខ្មាន់កាំបិតជ្រុលនិយមអាច រួចពីសំណាញ់ភ្នាក់ងារចារកិច្ចបាន ហើយតើអាចមានបុគ្គលិកក្នុងទម្រង់នេះកំពុងធ្វើសកម្មភាពក្នុងរង្វង់ស្ថាប័នរដ្ឋទៀតដែរឬយ៉ាងណា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ