ការវាយប្រហារដោយកាំបិត៖តុលាការបារាំងបើកការស៊ើបអង្កេតពីបទឃាតកម្មដោយចេតនា
នៅក្នុងប្រទេសបារាំង មួយថ្ងៃក្រោយខ្មាន់កាំបិតម្នាក់ចាក់សម្លាប់ប៉ូលិសចំនួន ៤នាក់នៅក្នុងទីស្នាក់ការប៉ូលិសក្រុងប៉ារីសមក តុលាការបានបើកការស៊ើបអង្កេតលើបទឃាតកម្មដោយចេតនា។ គួររម្លឹកថានៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣ តុលា បុរសជាបុគ្គលិកបម្រើការនៅក្នុងការិយាល័យស៊ើបការណ៍សម្ងាត់ផ្នែកសេវាព័ត៌មានវិទ្យានៅក្នុងទីស្នាក់ការប៉ូលិសក្រុងប៉ារីសបានយកប្រើកាំបិតចាក់សម្លាប់អ្នករួមការងារក្នុងការិយាល័យដូចគ្នាចំនួន ៣នាក់ មុននឹងទៅចាក់សម្លាប់ម្នាក់ទៀតនៅកន្លែងផ្សេង។ ភ្លាមៗនោះ ខ្មាន់កាំបិតក៏ត្រូវបានកម្លាំងប៉ូលិសបាញ់សម្លាប់នៅនឹងកន្លែង។ តាមរដ្ឋមន្រ្តីមហាផ្ទៃ ខ្មាន់កាំបិតដែលមានអាយុ ៤៥ឆ្នាំជាមនុស្សដែលមិនដែលមានបញ្ហាអកប្បកិរិយា និងមិនធ្លាប់បានបញ្ចេញនូវសញ្ញាព្រមានអ្វីមួយទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០០
ខណៈនេះ ការវាយប្រហារដោយកាំបិតនៅក្នុងទីស្នាក់ការប៉ូលិសក្រុងប៉ារីសត្រូវបានតុលាការបើកការស៊ើបអង្កេតស្តីពីឃាតកម្មដោយចេតនាលើក្រុមអ្នករដ្ឋការ ពោលមិនបានផ្តោតលើទង្វើភេរវកម្មទេ។ រហូតមកដល់ពេលនេះ កម្លាំងប៉ូលិសបានចូលទៅឆែកឆេរក្នុងផ្ទះរបស់ខ្មាន់កាំបិតនៅជាយក្រុងប៉ារីស ព្រមទាំងបានឃុំខ្លួនប្រពន្ធរបស់គេជាបណ្តោះអាសន្ន។ ទន្ទឹមគ្នានេះ ក៏មានការសិក្សា ស្រាវជ្រាវនៅក្នុងម៉ាស៊ីនកុំព្យូទ័រ និងទូរស័ព្ទដៃរបស់ខ្មាន់កាំបិតដែរ។ ក្រុមអ្នកស៊ើបអង្កេតសង្ឃឹមនឹងទទួលបានព័ត៌មានលំអិតជុំវិញមូលហេតុដែលបានជំរុញបុរសខ្មាន់កាំបិតឲ្យចាក់សម្លាប់អ្នករួមការងារដូចគ្នានៅក្នុងទីស្នាក់ការប៉ូលិសក្រុងប៉ារីស។
គួររម្លឹកថាពេលនេះ ខ្មាន់កាំបិតត្រូវបានគេស្គាល់ជាបុគ្គលិកគំរូ និងមិនដែលមានបញ្ហាអ្វីជាមួយអ្នករួមការងារទេ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកកាស្តានែរថែមទាំងបានលើកឡើងនាថ្ងៃព្រហស្បតិ៍ ទី៣ តុលាថា ខ្មាន់កាំបិតជាមនុស្សដែលមិនដែលមានបញ្ហាអកប្បកិរិយា និងមិនធ្លាប់បានបញ្ចេញនូវសញ្ញាព្រមានអ្វីមួយឡើយ។ មានអាយុ ៤៥ឆ្នាំ ខ្មាន់កាំបិតជាបុគ្គលិកដែលបម្រើការនៅក្នុងការិយាល័យស៊ើបការណ៍សម្ងាត់ផ្នែកសេវាព័ត៌មានវិទ្យានៅក្នុងទីស្នាក់ការប៉ូលិសក្រុងប៉ារីសតាំងពីឆ្នាំ ២០០៣។ ទាក់ទងនឹងប្រវត្តិរូបផ្ទាល់ខ្លួនវិញ បុរសខ្មាន់កាំបិតកើតនៅម៉ាទីនិកដែលជាទឹកដីបារាំងនៅឯនាយសមុទ្រ រៀបការមានកូនពីរនាក់ និងទើបបានចូលសាសនាអ៊ីស្លាមដូចប្រពន្ធកាលពី ១ឆ្នាំកន្លះមុន។
តែគ្មានភស្តុតាងណាមួយដែលបញ្ជាក់ពីរឿងចូលសាសនាអ៊ីស្លាមជាមួយនឹងទង្វើរបស់រូបបុរសខ្មាន់កាំបិតនោះទេ។ គេត្រូវរង់ចាំលទ្ធផលស៊ើបអង្កេតទើបដឹងច្បាស់ពីមូលហេតុដែលបានជំរុញឲ្យបុរសរូបនោះប្រើកាំបិតចាក់សម្លាប់អ្នករួមការងារដូចគ្នា។ តែមានការលើកឡើងពីមូលហេតុជម្លោះការងារ ព្រោះជនគ្រោះម្នាក់ក្នុងចំណោមទាំង ៤នាក់ជាមេរបស់ខ្មាន់កាំបិត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ