អានតួអត្ថបទ
អង់គ្លេស

របាយការណ៍៖ ជម្លោះ​ប្រដាប់អាវុធ​ថយ នៅក្នុង​ពិភពលោក ប៉ុន្តែ ជនរងគ្រោះ​មាន​ច្រើន​ជាងមុន

ជម្លោះ​ប្រដាប់​អាវុធ នៅក្នុង​ពិភពលោក​បាន​ថយចុះ គួរ​ឲ្យ​កត់សំគាល់​នៅ​ឆ្នាំ ២០១៤ ប៉ុន្តែ ចំនួន​ជនរងគ្រោះ ស្លាប់​ដោយ​សង្រ្គាម វិញ​បាន​កើនឡើង ដល់​ទៅ ៦០​ភាគរយ នៅក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយនេះ។ នេះ​បើតាម​របាយការណ៍​របស់​វិទ្យាស្ថាន អន្តរជាតិ​ដើម្បី សិក្សា​យុទ្ធសាស្រ្ត ដែល​មាន​មូលដ្ឋាន ក្នុង​ទីក្រុង​ឡុងដ៍។ 

នៅ​ទីក្រុង​ដាម៉ាសបុរស​ជាតិ​ស៊ីរី​ម្នាក់​បន់ស្រន់​នៅ​ផ្នូរ​របស់​កូនប្រុស​ ដែល​ស្លាប់​នៅក្នុង​ការវាយប្រហារ​របស់​ក្រុមជីហាត
នៅ​ទីក្រុង​ដាម៉ាសបុរស​ជាតិ​ស៊ីរី​ម្នាក់​បន់ស្រន់​នៅ​ផ្នូរ​របស់​កូនប្រុស​ ដែល​ស្លាប់​នៅក្នុង​ការវាយប្រហារ​របស់​ក្រុមជីហាត AFP PHOTO / ABD DOUMANY
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ ចេញផ្សាយ កាលពីថ្ងៃ​ពុធ វិទ្យាស្ថាន​អន្តរជាតិ​ដើម្បី​សិក្សា​យុទ្ធសាស្រ្ត​ផ្តោត​សំខាន់​ទៅលើ​ប្រភពដើមចម និង​ប្រភេទ​ជម្លោះ​ប្រដាប់​អាវុធ នៅក្នុង​ពិភពលោក​ដែល​មាន​ដូចជា​សង្រ្គាម​ស៊ីវិល ឬ​ការប្រយុទ្ធ​ជាមួយ​ឧទ្ទាម​បះបោរ។ ជារួម នៅ​ឆ្នាំ​២០១៤​ជម្លោះ​ប្រដាប់​អាវុធ នៅទូទាំង​ពិភពលោក​បាន​ថយចុះ មក​នៅ​ត្រឹម​ចំនួន ៤២។​ ថយចុះ ប្រមាណ មួយភាគបី បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ ២០០៨។

 
តាម​របាយការណ៍ គេ​រាប់​ឃើញ​ចំនួន​ជម្លោះ​ប្រដាប់​អាវុធ​ថយចុះ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ដូចជា​នៅ​ប្រទេស​ហ្វីលីពីន កូឡុំប៊ី ជា​ដើម​បានផ្អាក​ការប្រយុទ្ធ និង​ផ្តើម​ចរចា​សន្តិភាព​ជាមួយ​រដ្ឋាភិបាល។ ជម្លោះ​ប្រដាប់​អាវុធ​ថយចុះ ប៉ុន្តែ ផ្ទុយទៅវិញ វា​មាន​លក្ខណៈ​សាហាវ និង​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​មុន។ ចំនួន​ជនរងគ្រោះ​ស្លាប់​ដោយសារ​ជម្លោះ​ប្រដាប់​អាវុធ​បាន​កើនឡើង​ពី​៥ម៉ឺន ៦ពាន់​នាក់ នៅ​ឆ្នាំ ២០០៨ ទៅដល់​១សែន ៨ម៉ឺននាក់ នៅ​ឆ្នាំ១០១៤ គឺ​កើនឡើង ដល់​ទៅ ៣ដង។

ចំនួន​មនុស្ស​ស្លាប់​ដោយសារ​សង្រ្គាម​កើនឡើង ដោយសារ​តែ​សង្រ្គាម​ស៊ីវិល​ផ្ទុះ នៅ​ស៊ីរី ដែល​បាន​សម្លាប់​មនុស្ស​សរុប ២សែន​នាក់ ចាប់តាំង​ពី​ឆ្នាំ ២០១១។ ការប្រយុទ្ធគ្នា​ជាច្រើន​ក្រុម នៅ​ស៊ីរី​បាន​សម្លាប់​មនុស្ស​ដល់​ទៅ ៧ម៉ឺន​នាក់ តែ​នៅ​ក្នុង​ឆ្នាំ ២០១៤  រហូត​ធ្វើ​ឲ្យ​ស៊ីរី ជាប់​ចំណាត់​លេខ​១ នាំ​មុខ​អ៊ីរ៉ាក់ និង​ម៉ិចស៊ិក​ដែល​ជាប់ ចំណាត់ថ្នាក់​ទី​៣ ដោយសារ​សង្រ្គាម​រវាង​ក្រុមជួញដូរ​គ្រឿង​ញៀន ដែល​សម្លាប់មនុស្ស​ប្រមាណ​១ម៉ឺន ៥ពាន់។

តាម​លោក​ Nigel Inkster អ្នកជំនាញ​ខាងផ្នែក​គំរាមកំហែង​អន្តរប្រទេស​នៅ​វិទ្យាស្ថាន​អន្តរជាតិ​ដើម្បី​សិក្សា​យុទ្ធសាស្រ្ត ជម្លោះ​ប្រដាប់​អាវុធ​ថយចុះ ប៉ុន្តែ ចំនួន​ជនរងគ្រោះ​វិញ​បាន​កើនឡើង​ច្រើន ដោយសារ ការប្រយុទ្ធគ្នា រវាង​ភាគី​ជម្លោះ មាន​លក្ខណៈ​កាន់​តែ​ហិង្សា ហើយ​ការប្រយុទ្ធ​គ្នា​ទៀតសោត កើតឡើង កាន់​តែច្រើន នៅ​តាម​ទីប្រជុំជន ក្នុងទីក្រុង។ សកម្មភាព​សម្លាប់​មនុស្ស យ៉ាងឃោឃៅ​របស់​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់ ជា​មូលហេតុ​ចំបង​មួយ​ដែល​ធ្វើ​ឲ្យ​ជនរងគ្រោះជា​ប្រជាជនស៊ីវិល​ស្លាប់​បាត់បង់​ជីវិត​ច្រើន​ជាងមុន នោះបើទោះបីជា​ជម្លោះ​ប្រដាប់​អាវុធ​ថយចុះ ក្នុង​ពិភពលោក​ក្តី។

របាយការណ៍​របស់​វិទ្យាស្ថាន សង្កត់​ធ្ងន់​ផងដែរ​ថា ជម្លោះ​ប្រដាប់​អាវុធ​នៅ​ឆ្នាំ ២០១៤ ចូលរួម​ចំណែក ធ្វើ​ឲ្យ​ចំនួន​ប្រជាជន​រត់ភៀសខ្លួន​ពី​ផ្ទះសម្បែង​មាន​កាន់តែ​ច្រើន។ អង្គការ​សហប្រជាជាតិ​បាន​ចេញ​របាយការណ៍​កាលពីឆ្នាំមុន ដែល​បង្ហាញថា ចំនួន​ជនភៀសខ្លួន​នៅក្នុង​ពិភពលោក នៅ​ឆ្នាំ ២០១៣​បាន​កើនឡើង​ច្រើន​ជាង ៥០​លាន​នាក់។ នេះ​ជាលើក​ទី​១ ចាប់តាំង​ពី​ចប់​សង្រ្គាម​លោក​លើក​ទី ២​ដែល​ចំនួន​ជនភៀសខ្លួន បាន​កើនឡើង​ច្រើន​ជាង​៥០​លាន​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ